ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី ០៣​ខែមេសា ឆ្នាំ ២០២០ ៖ ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ដែល​ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង…

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី ០៣​ខែមេសា ឆ្នាំ ២០២០ ៖ ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ដែល​ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត​គ្រោង​នឹង​វិនិយោគ​នៅ​ក្នុង​អាជីវកម្ម​របស់​ក្រុមហ៊ុន Camboticket ដែល​ជា​ឈ្មោះ​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន​ស៊ី វេន​ឈ័​រ ដើម្បី​ផ្តល់​នូវ​បទ​ពិសោធន៍​កាន់តែ​អស្ចារ្យ​បន្ថែម​ទៀត សម្រាប់​ការ​កក់​សំបុត្រ​អន​ឡាញ និង​ការ​រៀបចំ​ផែនការ​វិស្សមកាល​នៅ​ប្រទេស​កម្ពុជា​តាម​រយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង និង Camboticket.com ។

អ្នកឧកញ៉ា គិត ម៉េ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​រូ​យ៉ា​ល់​ហ្គ្រុ​ប បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ណាស់ ដែល​ការ​វិនិយោគ​មួយ​នេះ​អាច​ឲ្យ​យើង​ធ្វើ​បដិវត្ត​នូវ​វិធី​ដែល​ប្រជាជន​កម្ពុជា​កក់​សំបុត្រ​ធ្វើ​ដំណើរ និង​រៀបចំ​ផែនការ​វិស្សមកាល​ដោយ​ប្រើ​ប្រព័ន្ធ​កក់​តាម​អ៊ិ​ន​ធឺ​ណេ​ត​ដែល​ធ្វើ​ឱ្យ​ប្រតិបត្តិការ​នៃ​ការ​កក់​ទាំងមូល​មាន​លក្ខណៈ​សាមញ្ញ និង​មាន​ប្រសិទ្ធភាព​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ទាំង​ក្នុង និង​ក្រៅប្រទេស ។ យើង​នឹង​ជួយ​ជំរុញ​ឌី​ជី​ថ​ល​នី​យ​កម្ម​របស់​ប្រទេស​កម្ពុជា​តាម​រយៈ​ការ​វិនិយោគ​ផ្សេង​ៗ និង​ផ្តល់​ការ​គាំទ្រ​ដល់​ក្រុមហ៊ុន​ថ្មី​ៗ ដូច​ជា Camboticket ជាដើម ដើម្បី​ជួយ​ធ្វើ​ឱ្យ​ជីវិត​ប្រជាជន​កម្ពុជា​មាន​ភាព​ងាយស្រួល​និង​ប្រសើរ​ឡើង​» ។

តាម​រយៈ​កិច្ចព្រមព្រៀង​នេះ​ដែល​កំពុង​រង់ចាំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​នោះ ដៃគូ​ទាំង​ពីរ​នឹង​ផ្តល់​ការ​គាំទ្រ​ជា​យុទ្ធសាស្ត្រ​ទៅ​លើ​មុខងារ​សំខាន់​ៗ​ជា​ច្រើន ។ លោក Shivam Tripathi នាយក​ប្រតិបត្តិ និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Camboticket មាន​ប្រសាសន៍​ថា​៖ «​កិច្ចព្រមព្រៀង​នេះ​នឹង​អនុញ្ញាត​ឱ្យ​យើង​បម្រើប្រជាជន​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​តាម​រយៈ​ការ​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​នៃ​ការ​កក់​សំបុត្រ​តាម​អ៊ិ​ន​ធឺ​ណែ​ត​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​គោលដៅ​ផ្សេង​ៗ​ក្នុង​តំបន់ ។ ការ​ច្នៃប្រឌិត​ថ្មី គឺជា​អ្វី​ដែល​ជំរុញ​ទឹកចិត្ត​ពួក​យើង​នៅ Camboticket ហើយ​យើង​នឹង​បន្ត​ការ​បង្កើត​អ្វី​ថ្មី​ៗ ដើម្បី​ធ្វើ​ឱ្យ Camboticket ក្លាយជា​អ្នក​ផ្តល់​សេវាកម្ម​តែ​មួយ​គត់​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​ក្នុង​ការ​កក់​សំបុត្រ​ឡានក្រុង តាក់ស៊ី កាណូត និង​ការ​រៀបចំ​វិស្សមកាល​ផ្សេង​ៗ» ។

ដោយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ប្រទេស​កម្ពុជា​នៅ​ដើមឆ្នាំ ២០១៥ Camboticket បាន​រីក​ចម្រើន​ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ការ​លក់​សំបុត្រ​តាម​អ៊ិ​ន​ធឺ​ណែ​ត​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​កំពុង​ពង្រីក​វត្តមាន​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​វៀតណាម ថៃ និង​ឡាវ ដោយ​ផ្តល់​សេវាកម្ម​សម្រាប់​​ការ​ធ្វើ​ដំណើរ​ទៅ​មក​សម្រាប់​គោលដៅ​សំខាន់​ៗ​ក្នុង​តំបន់​ដូច​ជា​៖ ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ ក្រុងកែប កំពត បាត់ដំបង បាងកក ហូ​ជី​មិ​ញ ប៉ាក់​សេ និង​ទីតាំង​ផ្សេង​ៗ​ដទៃ​ទៀត ។

លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វី​ង បាន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​បានឃើញ​ក្រុមហ៊ុន​ទាំង​ពីរ​សម្រេចចិត្ត​លើ​ភាព​ជា​ដៃគូ​នៅ​ពេល​នេះ ។ ក្នុង​នាម​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) យើង​ពិតជា​មាន​មោទនភាព​ចំពោះ​ក្រុមហ៊ុនមេ​របស់​យើង​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​នេះ​ដែល​យើង​ជឿជាក់​ថា យើង​នឹង​មានដំណើរ​រួម​គ្នា​វែង​ឆ្ងាយ​ក្នុង​ការ​ធ្វើ​ឱ្យ​ការ​កក់​សំបុត្រ និង​ការ​រៀបចំ​ផែនការ​វិស្សមកាល​កាន់តែ​ងាយស្រួល​សម្រាប់​ប្រជាជន​កម្ពុជា ។ Camboticket ក៏​ជា​ដៃគូ​អាជីវកម្ម​របស់ វី​ង ផង​ដែរ ។ អតិថិជន វី​ង បច្ចុប្បន្ន​អាច​ចូល​ទៅ​ក្នុង​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ដើម្បី​ប្រើប្រាស់​សេវាកម្ម​របស់ Camboticket ដើម្បី​កក់​សំបុត្រ​​ឡានក្រុង តាក់ស៊ី កាណូត និង​រៀបចំ​វិស្សមកាល​ក្នុងស្រុក​ប្រកបដោយ​សុវត្ថិភាព មានកា​រ​ធានា និង​ឆាប់រហ័ស​» ។

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) និង Camboticket មាន​ចក្ខុវិស័យ​តែ​មួយ​ក្នុង​ការ​ប្រើ​ប្រាស់​​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ទំនើប​ៗ​សម្រាប់​ការ​កែ​លម្អ​កំរិតជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​គ្រប់​រូប ។ Camboticket គឺជា​ក្រុម​លក់​សំបុត្រ​ធ្វើ​ដំណើរ​តាម​អ៊ិ​ន​ធឺ​ណេ​ត​ដែល​ទទួល​បាន​រង្វាន់​ជា​ច្រើន និង​ផ្តល់​ជូន​ដំណោះស្រាយ SaaS ដល់​អ្នក​ផ្គត់ផ្គង់​ដែល​ជួយ​ពួក​គេ​ក្នុង​ការ​គ្រប់គ្រង​ស្តុករ​ពើ​ភ័​ណ្ឌ​របស់​ពួក​គេ​បន្ថែម​ទៅ​លើ​ការ​បើក​ការ​លក់​សំបុត្រ​ឯកជន និង​ការ​ធ្វើ​ផែនការ​វិស្សម​កាល ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ