អភិបាលនៃរដ្ឋ Connecticut សហរដ្ឋអាមេរិកបាននិយាយ កាលពីថ្ងៃទី១ មេសា ថា ទារកអាយុ ៦សប្តាហ៍ម្នាក់បានស្លាប់ ដោយសារផលវិបាកទាក់ទងនឹងជំងឺកូវីដ១៩ ។ អភិបាលរដ្ឋ លោក Ned Lamont បានសរសេរលើ Twitter ថា ទារកនេះ បានសន្លប់មិនដឹងខ្លួនពេលយកមកដល់មន្ទីរពេទ្យ ហើយគ្រូពេទ្យមិនអាចជួយបានសម្រេច។
លោក Lamont បាននិយាយថា៖ «ការធ្វើតេស្តបានបញ្ជាក់កាលពីយប់មិញថា ទារកទើបនឹងកើតម្នាក់នោះ មានវិជ្ជមានកូវីដ១៩។ នេះពិតជាគួរឱ្យសោកស្តាយណាស់» ។
កាលពីសប្តាហ៍មុន អាជ្ញាធររដ្ឋ Illinois បាននិយាយថា ពួកគេកំពុងស៊ើបអង្កេតការស្លាប់របស់កុមារដែលមានអាយុតិចជាងមួយឆ្នាំ ដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។ វីរុសដែលរីករាលដាលយ៉ាងឆាប់រហ័ស ដែលបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងតិច៤៤៧៦នាក់ នៅសហរដ្ឋអាមេរិក ត្រូវបានគេជឿថា មានគ្រោះថ្នាក់ជាងសម្រាប់មនុស្សវ័យចំណាស់។
ទីក្រុង New York ដែលជាប់ព្រំប្រទល់ជាប់ Connecticut បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរជាពិសេសដោយជំងឺកូវីដ១៩ ដែលមានប្រជាជនអាមេរិកជិត ២០០០នាក់បានស្លាប់។ អ្នករស់នៅក្នុងទីក្រុង New York, Connecticut និង New Jersey ស្ថិតក្នុងចំណោមប្រជាជនអាមេរិករាប់លាននាក់ ដែលត្រូវបានបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះ លើកលែងតែពួកគេធ្វើការងារដែលចាំបាច់៕

ចែករំលែកព័តមាននេះ