ខេត្តកំពង់ចាម ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ឆ្នេរខ្សាច់កោះប៉ែន ជាតំបន់ទេសចរណ៍កែច្នៃមួយស្ថិតនៅឃុំកោះមិត្ត ស្រុកកំពង់សៀម ។ បន្ទាប់ពីមានការភ្ញាក់ផ្អើលពីជំងឺរលាកផ្លូវដង្ហើម Covid-19 បានធ្វើឲ្យតំបន់នេះ មានសភាពស្ងប់ស្ងាត់ដោយសារតែប្រជាពលរដ្ឋខ្លាចរអា ហើយក្នុងមួយថ្ងៃជូនមានម៉ូតូមិនដល់១០គ្រឿងផង ត្រូវបានគេដាក់ផ្ញើនៅត្រើយខាងលិចក្រុងកំពង់ចាម នេះបើតាមការបញ្ជាក់ឲ្យដឹងពីក្រុមសន្តិសុខដែលយាមចាំយកលុយនៅក្បាលប្រឌិសត្រើយ ក្រុងកំពង់ចាម។
បើតាមស្ត្រីមេម៉ាយវ័យចំណាស់អាយុ៥៨ឆ្នាំ ឈ្មោះស៊ីម ពេជ្រ នៅភូមិកោះប៉ែន ឃុំកោះមិត្ត បានប្រាប់ដឹងនៅរសៀលថ្ងៃទី១៤ ខែមីនានេះថា ចាប់តាំងពីពេលដែលគេបើករមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែនរយៈពេល២ឆ្នាំ គឺគាត់តែងតែដើរប្រមូលទិញក្រូចផ្លុងពីតំបន់លើកោះប៉ែន ហើយយកមកលក់នៅរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ក្នុងក្រូចមួយផ្លែលក់បាន៤ទៅ៥ពាន់រៀល សម្រាប់យកថវិកាមកដោះស្រាយជីវភាពគ្រួសារចិញ្ចឹមកូនប្រុសមានជំងឺសរសៃប្រសាទម្នាក់ ដែលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍។
ស្ត្រីចំណាស់ខាងលើបានរៀបរាប់ទាំងទឹកមុខស្រងូតស្រងាត់ក្រោមកំដៅថ្ងៃ បានបន្តឲ្យដឹងទៀតថា ចាប់តាំងពីពេលដែលមានការភ្ញាក់ផ្អើលរឿងនាវាដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍មកចូលចតនៅក្រុងកំពង់ចាម ក្នុងនោះត្រូវបានកម្លាំងជំនាញសុខាភិបាលរកឃើញមានផ្ទុកវីរុស Covid-19 បានធ្វើឲ្យភ្ញៀវដែលមកកម្សាន្តលេងនៅឆ្នេរខ្សាច់កោះប៉ែន មានសភាពស្ងប់ស្ងាត់ជាងពេលណាៗទាំងអស់ ។ រយៈពេល១សប្តាហ៍ដែលមិនមានភ្ញៀវមកលេងនេះ គឺរូបគាត់មិនបានយកផ្លែក្រូចមកលក់ទេ ទើបតែនៅម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែមីនានេះ គាត់បានយកក្រូចថ្លុងមកលក់ តាំងពីព្រឹករហូតដល់ម៉ោងជាង២រសៀលលក់បានលុយចំនួន៨.០០០រៀលប៉ុណ្ណោះ ក្នុងនោះមានភ្ញៀវបរទេស២នាក់បានមកទិញក្រូច១ផ្លែតម្លៃ ៤.០០០រៀល។
ស្ត្រីខាងលើបាននិយាយបណ្ដើរ មានទឹកមុខស្រងូតស្រងាត់រកកលនឹងបង្ហូរទឹកភ្នែកពីផលវិបាកក្នុងក្រុមគ្រួសាររបសគាត់។ ដោយរស់នៅជាស្ត្រីមេម៉ាយ ក្រោយពីបានលែងលះប្ដីប្រមាណ២០ឆ្នាំ និងបានបន្សល់ទុកកូនប្រុសម្នាក់ឲ្យគាត់ចិញ្ចឹមរហូតមកដល់សព្វថ្ងៃ។ ចៃដន្យមានពេលមួយនោះកូនប្រុសរបស់គាត់បានជិះម៉ូតូជួបនឹងគ្រោះថ្នាក់ចរាចរណ៍ ដួលបោកត្រូវក្បាលផ្នែកខាងក្រោយ បណ្ដាលឱ្យទៅជាកើតរោគសរសៃប្រសាទ ហើយកូនចេះតែទារលុយចាយពីគាត់រហូត។
បើតាមម្ចាស់អាហារដ្ឋាននៅរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែនវិញ បានរៀបរាប់ឲ្យដឹងថា មុនហេតុការណ៍ភ្ញាក់ផ្អើលពីជំងឺ Covid-19 នៅកន្លែងរបស់លោកមានការលក់ដូរដាច់គ្រាន់បើ ដោយក្នុង១ថ្ងៃជាមធ្យមបាន១០គ្រែទៅ២០គ្រែ តែចាប់តាំងពីពេលដែលមានការភ្ញាក់ផ្អើលផ្ទុះជំងឺខាងលើ ធ្វើឲ្យភ្ញៀវដែលមកលេងនៅកន្លែងរបស់លោក មានការថមថយចុះប្រមាណ២០ទៅ៣០ភាគរយ។
ជាក់ស្ដែងនៅថ្ងៃទី១៤ ខែមីនានេះ ចាប់តាំងពីព្រឹករហូតមកដល់រសៀល ភ្ញៀវមកចូលលេងស្រស់ស្រូបអាហារបាន១០គ្រែ ហើយបើរហូតដល់ពេលល្ងាចអាកាសធាតុត្រជាក់ភ្ញៀវកាន់តែមកលេងច្រើនបន្ថែមទៀត។
បើតាមលោកប៊ុន ដារា ម្ចាស់រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមីនាថា មុនពេលដែលមានការភ្ញាក់ផ្អើលផ្ទុះជំងឺខាងលើ ជាមធ្យមក្នុងមួយថ្ងៃមនុស្សមកលេងជាង ១០០នាក់ ហើយបើនៅថ្ងៃចុងសប្តាហ៍សៅរ៍ និងអាទិត្យ ក្នុងមួយថ្ងៃមាន២០០ទៅ៣០០នាក់។ តែក្រោយពេលផ្ទុះជំងឺ Covid-19 នៅរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ភ្ញៀវដែលមកលេងមានការធ្លាក់ចុះ ដោយក្នុងមួយថ្ងៃជាមធ្យមបានប្រហែល៨០នាក់ ដោយមានភាពស្ងប់ស្ងាត់រយៈពេលប្រហែលមួយសប្តាហ៍។ ហើយណាមួយក្នុងខែនេះអាកាសធាតុក្តៅក៏ជាបញ្ហាធ្វើឲ្យមនុស្សមិនសូវមកលេង៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ