ខេត្តបាត់ដំបង ៖ យោងតាមព័ត៌មានបឋមបានឱ្យដឹងថា ជនសង្ស័យ២នាក់ដែលប៉ុនប៉ងកាត់សោទ្វារផ្ទះចូលលួចទូរស័ព្ទនៅក្នុងហាងមួយកន្លែង នៅភូមិដំណាក់ហ្លូង សង្កាត់វត្តគរ ក្រុងបាត់ដំបង កាលពីរំលង
អធ្រាត្រឈានចូលថ្ងៃទី១១ មីនា ដែលមានរូបភាពជាប់ក្នុងកាមេរ៉ាសុវត្ថិភាពនោះ ពេលនេះត្រូវកម្លាំងជំនាញនៃស្នងការខេត្តស្រាវជ្រាវចាប់ខ្លួនបានហើយ ។
ប្រភពបានឱ្យដឹងថា ជនទាំង២នាក់នោះ ត្រូវបានកម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ចាប់ខ្លួនបាន នៅវេលាថ្ងៃត្រង់ថ្ងៃទី១២ មីនា បន្ទាប់ពីលោកស្នងការខេត្តចេញបញ្ជាឲ្យធ្វើការស្រាវជ្រាវរកមុខសញ្ញានេះយ៉ាងស្វិតស្វាញបំផុត ។ ប៉ុន្តែមន្ត្រីការិយាល័យនេះ នៅមិនទាន់ប្រាប់ពីអត្តសញ្ញាណជនសង្ស័យទាំង២នាក់ ហើយក៏មិនទាន់បង្ហាញមុខពួកគេដែរ ព្រោះពេលនេះ កំពុងសួរនាំនិងធ្វើការស្រាវជ្រាវបន្តសិន។
បើយោងតាមសកម្មភាពរបស់ជនសង្ស័យទាំង២នាក់ ដែលបានបន្សល់ទុកនៅក្នុងកាមេរ៉ាសុវត្ថិភាព គឺជនទាំង២នាក់បានជិះម៉ូតូឌុបគ្នាទៅឈប់ខាងមុខហាងលក់ទូរស័ព្ទមួយកន្លែង នៅខាងមុខមន្ទីរពេទ្យពពីរ ស្ថិតក្នុងភូមិដំណាក់ហ្កួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ហើយចាប់ផ្ដើមបានធ្វើសកម្មភាពនៅវេលាម៉ោងជាង២រំលងអធ្រាត្រឈានចូលថ្ងៃទី១១ មិនា ។ នៅក្នុងកាមេរ៉ាសុវត្ថភាព គេឃើញជនទាំង២នាក់នេះ មានពាក់មួកសុវត្ថិភាពផង ហើយទំនងបានប្រើប្រាស់កន្ត្រៃកាត់សោរទ្វារ ដែលគេសន្និដ្ឋានថា កាត់ផ្ដាច់សោទ្វារដើម្បីបើកចូលទៅលួចទូរស័ព្ទ ខណ:ម្ចាស់ផ្ទះមិនបានស្នាក់នៅ។
បើតាមព័ត៌មានបឋមដែលកោះសន្តិភាពទទូលបាន ពេលដែលកំពុងធ្វើសកម្មភាព ស្រាប់តែមានអ្នកជិតខាងដឹង ហើយស្រែកទើបធ្វើឱ្យលោកចោរនោះភ័យ ក៏នាំគ្នាឡើងជិះម៉ូតូឌុបគ្នាចេញទៅបាត់ ហើយថែមទាំងដកកាំភ្លើងខ្លីបាញ់គំរាមមួយគ្រាប់ផង ។ ប៉ុន្តែសមត្ថកិច្ចបានអះអាងថា កាំភ្លើងដែលលោកចោរបាញ់យ៉ាងកម្សោយនោះ ជាកាំភ្លើងជ័របាញ់គ្រាប់កិប (គ្រាប់ម្យ៉ាងដូចផាវ)។ ដូច្នេះ មិនមានបាត់បង់ទ្រព្យសម្បត្តិអ្វីទេ។
ទោះយ៉ាងណា ពេលនេះ ជនសង្ស័យទាំង២នាក់នោះ ត្រូវបានកម្លាំងជំនាញ នៃការិយាល័យកំរិតស្រាស ស្រាវជ្រាវចាប់ខ្លួនបានហើយ ហើយថែមទាំងដកហូតបានវត្ថុតាងទៀតផង ខណ:ជនទាំង២នាក់បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភពបែបនេះមែន។ តែយ៉ាងណា នេះគ្រាន់តែជាសេចក្ដីរាយការណ៍បឋមតែប៉ុណ្ណោះ ហើយសមត្ថកិច្ចនឹងបង្ហាញមុខជនសង្ស័យនៅពេលខាងមុខនេះ ក្រោយបញ្ចប់ការសួរនាំ ៕
ចែករំលែកព័តមាននេះ