ខេត្តកោះកុង ៖ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជាថ្លែងថា រាជរដ្ឋាភិបាលក៏ដូចធនាគារជាតិនៃកម្ពុជា ចង់ឃើញប្រជាជនកម្ពុជា ជាពិសេសអ្នកដែលប្រើប្រាស់សេវាហិរញ្ញវត្ថុទាំងអស់ទទួលយកសេវាហិរញ្ញវត្ថុផ្លូវការដែលមានគុណភាព និងមានការគ្រប់គ្រងពីច្បាប់ និងបទប្បញ្ញត្តិច្បាស់លាស់។ ជាមួយនេះដែរ ចំពោះប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការត្រូវងាកមកប្រើប្រាស់សេវាហិរញ្ញវត្ថុក្នុងប្រព័ន្ធដែលមានការត្រួតពិនិត្យត្រឹមត្រូវធនាគារជាតិនៃកម្ពុជា។
ការបញ្ជាក់ដូចនេះ ត្រូវបានលោក គិត សុវណ្ណារិទ្ធ លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដែលរៀបចំធ្វើក្រុងខេមរភូមិន្ទ ខេត្តកោះកុងដែលជាខេត្តភាគខាងលិចជាប់ព្រំដែនថៃនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីធ្វើនៅខេត្តមណ្ឌលគីរីសម្រាប់ឆ្នាំ២០២០នេះ។ ហើយសិក្ខាសាលានេះ ក៏បានអញ្ជើញឲ្យចូលរួមពីថ្នាក់ដឹកនាំក្រុងនិងពីភាគីពាក់ព័ន្ធពិសេសអាជ្ញាធរមូលដ្ឋានផងដែរ។
អគ្គនាយករងរូបនេះ បានឲ្យដឹងដែរថា តាមលទ្ធផលផ្លួវការគិតត្រឹមដំណាច់ឆ្នាំ២០១៩ ទំហំទ្រព្យសកម្មសរុបមានប្រមាណ ៣៤,៨ ទ្រីលានរៀល (ស្មើនឹង ៨,៥ ប៊ីលានដុល្លារអាមេរិក) ក្នុងនោះប្រាក់កម្ចីសរុបមានប្រមាណ ២៩,៤ ទ្រីលានរៀល (ស្មើនឹង ៧,២ ប៊ីលានដុល្លារអាមេរិក) ត្រូវបានផ្តល់ឲ្យអតិថិជនខ្ចីចំនួនជាង២,១ លាននាក់ក្នុងទូទាំងប្រទេស ។
ចំពោះប្រាក់បញ្ញើដែលអតិថិជនបានយកមកដាក់វិញមានប្រមាណ ១៥,៤ ទ្រីលានរៀល (ស្មើនឹង៣,៧ ប៊ីលានដុល្លារអាមេរិក)។ ចំពោះការរីកចម្រើនកន្លងមកនេះ ត្រូវបានលោក គិត សុវណ្ណារិទ្ធ វាយតម្លៃថា លទ្ធផលនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា។ហើយសមិទ្ធផលដែលសម្រេចបាននេះ ក៏អាស្រ័យដោយមានពីការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងក្រោមការត្រួតពិនិត្យផ្ទាល់ពីធនាគារជាតិនៃកម្ពុជា។
លោកអគ្គនាយករង គិត សុវណ្ណារិទ្ធ បានឲ្យដឹងដែរថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋពេញវ័យនៅកម្ពុជា ដែលទទួលបានសេវាហិរញ្ញវត្ថុផ្លូវការមានប្រមាណ៥៩% ដែលក្នុងនោះ ១៧% ផ្តល់ដោយគ្រឹះស្ថានធនាគារ ៤២% ផ្តល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ដូចជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់។
ប៉ុន្តែនៅក្នុងបញ្ហាទាំងអស់នេះលោកបានលើកឡើងថា ដោយសារចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋនៅមានកម្រិត បូកផ្សំនឹងកត្តាប្រាក់ចំណូល និងទីកន្លែងស្នាក់នៅដាច់ស្រយាល ប្រជាពលរដ្ឋពេញវ័យដែលពុំបានទទួលសេវាហិរញ្ញវត្ថុ ឬកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការនៅតែមានកម្រិតខ្ពស់នៅឡើយដែលមានរហូត ៤១% នេះ ជាក្ដីកង្វល់មួយដែលធនាគារជាតិនៃកម្ពុជា ត្រូវគិតគូរដោះស្រាយតាមរយៈការអប់រំតាមគ្រប់រូបភាពរួមទាំងការសិក្ខាសាលាដូចពេលនេះផងដែរ ។
ក្នុងប្រយោជន៍សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយើងគេចចាកផុតពីបំណុលវ័ណ្ឌករពីការប្រើប្រាស់ប្រាក់កម្ចី។ដូចនេះកិច្ចសហការពីគ្រប់ផ្នែកពាក់ពន្ធ័របស់ខេត្តនៅក្នុងសិក្ខាសាលាពេលនេះគឺជាផ្នែកមួយដ៏សំខាន់និងចាំបាច់បំផុតនៅក្នុងការរួមចំណែកដល់កិច្ចការអភិវឌ្ឍវិស័យហិរញ្ញវត្ថុរយៈពេលវែងស្របតាមយុទ្ឌសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។
ជាមួយនេះដែរ ក៏ដើម្បីជួយដល់ប្រជាជនដែលជាអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុគេចផុតពីបំណុលវ័ណ្ឌករ។ ទន្ទឹមនឹងនេះដែរ គប្បីអប់រំប្រជាជនឲ្យចៀសវាងពីការខ្ចីប្រាក់ពីមួយកន្លែងយកទៅសងមួយកន្លែងទៀត ដែលអាចធ្វើឲ្យជាប់បន្ទុកបំណុលកាន់តែច្រើនឡើងៗ និង កុំឲ្យប្រជាជនឆាប់ជឿលើការឃោសនាបោកប្រាស់របស់ជនខិលខូច ដែលដើរបោកប្រាស់ប្រមូលប្រាក់បញ្ញើដោយសន្យាថា ឲ្យការប្រាក់ខ្ពស់ ដោយពុំបានពិចារណាចុងក្រោយអាចនឹងនាំបញ្ហាមកខ្លួនឯងនោះជាដើម្បីផងដែរ។
ទាក់ទងបញ្ហានេះ លោកស្រី ស៊ិន ចរិយា អភិបាលរងក្រុងខេមរភូមិន្ទបានស្នើដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថក៏ដូចធនាគារឯកជនទាំងអស់មុនផ្ដល់ប្រាក់កម្ចីដល់អ្នកខ្ចីត្រូវយកឯកសារស្នើមកពិនិត្យឲ្យច្បាស់លាស់មុនផ្ដល់ជូនដើម្បីចៀសវៀងការជាន់គ្នា ឬប៉ះពាល់លើដីរដ្ឋសម្រាប់ក្បាលដីណាដែលមិនទាន់ចុះបញ្ជីពិសេសលិខិតដែលស្នើសុំកាន់កាប់អំឡុងឆ្នាំ១៩៩៣។
ជាមួយនេះដែរ លោកស្រីអភិបាលរងក៏ស្នើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថក៏ដូចធនាគារឯកជនដែលមានក្នុងក្រុងគប្បីផ្ដល់ភាពងាយស្រួល និងផ្ដល់ឲ្យបានលឿនអ្នកដល់ស្នើសុំប្រាក់កម្ចីណាដែលមានឯកសារត្រឹមត្រូវដែលមានការទទួលស្គាល់ជាផ្លូវច្បាប់ពីអាជ្ញាធរថ្នាក់សង្កាត់និងក្រុង៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ