បរិវេណ​ខាងលិច​អង្គរ​កំពុង​កែ​លំអ​ទេស​ភាព និង​បរិស្ថាន


ខេត្តសៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ចាប់ផ្តើម​អនុវត្ត​គម្រោង​កែ​លម្អ​ហេ​ដ្ឋា​រចនា​សម្ពន្ធ សម្បទា​ទេសចរណ៍ ទេសភាព និង​បរិស្ថាន​នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​ឱ្យ​មាន​ភាពល្អ​ប្រសើរ ក្នុង​ទិស​ដៅ​លើក​គុណ​តម្លៃ​អង្គរ​ដែល​ជា​និមិត្តរូប ដួង​ព្រលឹង​ជាតិខ្មែរ និង​ជា​រមណីយ​ដ្ឋាន​បេតិកភណ្ឌ​ពិភពលោក ។

ផេ​ក​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ ២០២០ ផ្សាយ​ថា​លោក​យិ​ត ចាន់​ដា​រដ្ឋ អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​លើក​ឡើង​ថា អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចាប់ផ្តើម​អនុវត្ត​គម្រោង​កែ​លម្អ​ផ្លូវ រៀបចំ​ប្រព័ន្ធ​រំដោះ​ទឹក សួនច្បារ និង​ផ្លូវ​ថ្មើរជើង ត្រង់​ចំណុច​អក្សរ​តេ ចាប់ពី​ចំណុច​មុខ​នាគ​នៃ​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត ទៅ​ដល់​ផ្លូវបំបែក​ទៅ​ត្រពាំង​សេស ដោយ​មាន​ប្រវែង​២៩០​ម៉ែត្រ ទទឹង​៨​ទៅ​១៣​ម៉ែត្រ ជា​ប្រភេទ​បេតុង​កៅស៊ូ (AC)​។

ក្រុមការងារ​កំពុង​កាត់​ដកហូត​ដើមឈើ​ងាប់ និង​ដើមឈើ​ពុំ​បានការ​មួយ​ចំនួន​ដូច​ជាដើម​ពុទ្រា ដើម​អំពិលទឹក​ជាដើម និង​ដាំ​ជំនួស​មក​វិញ​នូវ​ដើមឈើ​ប្រណិត ហើយនឹង​រៀបចំ​ផ្លូវ​ថ្មើរជើង ដែល​មាន​ដាំ​ស្មៅ និង​ដើមឈើ​អម​សងខាង ឱ្យ​មាន​ភាព​បៃតង​ជា​ប្រចាំ​សម្រាប់​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ធ្វើ​ដំណើរ​ទស្សនា​ប្រាសាទអង្គរវត្ត​ដោយ​សោមនស្ស​រីករាយ ។

ក្នុង​ពេល​កំពុង​អនុវត្ត​កិច្ច​ការងារ​នេះ ឯកឧត្តម​បញ្ជាក់​ថា ពិតជា​មាន​ផល​រំខាន​ដល់​អាជីវករ​លក់ដូរ​នៅ​ទី​នេះ​ខ្លះ និង​សុំ​ការ​យោគយល់​ពី​សំណាក់​អាជីវករ​ទាំងអស់ ព្រមទាំង​សូម​ឱ្យ​មានការ​ចូលរួម​ដើម្បី​កែប្រែ​សោភ័ណ​ភាព​មុខ​ប្រាសាទអង្គរវត្ត​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ ។ អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀបចំ​ផ្លូវ​ថ្មើរជើង​បណ្តោះអាសន្ន ចាប់ពី​ចំណតរថយន្ត​ទៅ​ស្ពាន​បណ្តែត​ទឹក សម្រាប់​សម្រួល​ដល់​ភ្ញៀវ​ទេសចរ និង​រៀបចំ​ច្រក​ចេញចូល​ជា​បណ្តោះអាសន្ន​សម្រាប់​អាជីវករ​នៅ​ត្រពាំង​សេស​ផង​ដែរ ។

គម្រោង​ដែល​កំពុង​តែ​អនុវត្ត​នេះ នឹង​បញ្ចប់​នៅ​ខែសីហា ឆ្នាំ​២០២០​ខាង​មុខ ហើយ​វា​ជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង ធំ​ៗ​ផ្សេង​ៗ​ទៀត​នៅ​បរិវេណ​នេះ​ដូច​ជា ការ​រៀបចំ​មជ្ឈមណ្ឌល​បដិសណ្ឋារកិច្ច​ភ្ញៀវ​ទេសចរ ដែល​មាន​កន្លែង​ទទួលភ្ញៀវ កន្លែង​ផ្តល់​ព័ត៌មាន កន្លែង​តាំង​ពិ​ព័រ​ព​ណ៍ តូប​លក់ដូរ​សម្រាប់​ប្រជាជន​ក្នុងស្រុក និង​កម្រិត​អន្តរជាតិ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ