ឆេះខ្ទេចបន្ទប់ជួលជាង១០ រួមទាំងទ្រព្យសម្បត្តិ ដោយមិនដឹងមូលហេតុ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ បន្ទប់ជួលដែលធ្វើអំពីឈើប្រក់ស័ង្កសីជាប់ៗគ្នាចំនួន១៥បន្ទប់ រួមទាំងទ្រព្យសម្បត្តិមួយចំនួនទៀត បានក្លាយជាចំណីព្រះអគ្គីឆេះអស់គ្មានសល់ ចំណែកផ្ទះចំនួន៧ល្វែងទៀតត្រូវបានភ្លើងឆេះរោល បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានជាច្រើន រួមទាំងរថយន្តពន្លត់អគ្គីភ័យចំនួនជិត២០គ្រឿងចុះ មកជួយធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី១៦ ខែ កុម្ភ: ឆ្នាំ ២០២០ នៅចំណុចផ្ទះជួលក្នុងដីឡូតិ៍មួយកន្លែងក្បែរផ្សារក្រមួនបឹងកេងកង តាមផ្លូវលេខ៣០០ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។

បន្ទប់ជួលកើតហេតុខាងលើមានចំនួន១៥បន្ទប់ ដែលមានមនុស្សស្នាក់នៅចំនួន២៥គ្រួសារ ។
តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ និងហុយផ្សែងខ្មៅឃ្មួញខ្មាញ់ផ្តើមចេញពីបន្ទប់ជួលមួយកន្លែងដែលនៅខាងក្រោយគេក្នុងចំណោមបន្ទប់ទាំង១៥ ដែលជាបន្ទប់របស់បុរសម្នាក់មកជួលស្នាក់នៅ។

តាមប្រភពដដែលបានបន្តថា ភ្លាមៗនោះបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នករស់នៅក្បែរខាងខ្លះនាំគ្នាស្រវ៉េស្រាវ៉ារើអីវ៉ាន់យកចេញ និងខ្លះទៀតនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ និង ទាញទុយោទឹកយកមកបាញ់ពន្លត់ តែមិនអាចពន្លត់បានឡើយ ហើយភ្លើងកាន់តែឆេះខ្លាំងឡើងៗរាលដាលពីបន្ទប់មួយទៅបន្ទប់មួយទៀតជាបន្តបន្ទាប់ដែលនៅជាប់ៗគ្នានោះ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ភ្លាមនោះក៏មានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានជាច្រើននាក់ចុះមកដល់កន្លែងកើតហេតុ ដោយឃើញស្ថានភាពភ្លើងឆេះយ៉ាងខ្លាំងក្លាមិនអាចគ្រប់គ្រងបាន និងខ្លាចក្រែងឆេះរាលដាលទៅដល់ផ្ទះដែលធ្វើអំពីឈើ និងថ្មនៅក្បែរខាងទៀតនោះ ក៏បានហៅរថយន្តពន្លត់អគ្គិភ័យចំនួនជិត២០គ្រឿង មកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ និងទប់ស្កាត់ ទើបធ្វើអោយភ្លើងរលត់ទៅវិញ ។

ក្នុងគ្រោះអគ្គិភ័យខាងលើបានឆេះបំផ្លាញអស់បន្ទប់ជួល ដែលធ្វើអំពីឈើប្រក់សង្កសីចំនួន១៥បន្ទប់ និងទ្រព្យសម្បត្តិអស់មួយចំនួន ចំណែកផ្ទះល្វែងចំនួន៧ល្វែងនៅក្បែរខាងត្រូវភ្លើងឆេះរោលខ្លោចដោយសារអណ្តាតភ្លើងផងដែរ តែមិនបង្កអោយមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។ ក្នុងករណីអគ្គីភ័យនេះដែរ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន២៤គ្រឿង ។

ពាក់ព័ន្ធនឹងករណីអគ្គិភ័យខាងលើនេះដែរ កម្លាំងសមត្ថកិច្ចមិនទាន់ដឹងថា ផ្តើមឡើងដោយសារមូលហេតុអ្វីឡើយ ដោយសារតែបុរសជាម្ចាស់បន្ទប់បង្កបានរត់គេចខ្លួនបាត់ និងកំពុងតែធ្វើការស្រាវជ្រាវជាបន្តទៅទៀត ៕ (កែសម្រួលដោយ ៖ ធីតា)























ចែករំលែកព័តមាននេះ