ខេត្តព្រះវិហារ ៖ ជនសង្ស័យជាមេក្លោង និងបក្សពួក៥នាក់ ជួញដូរវត្ថុបុរាណល្មើសច្បាប់ ត្រូវបានមន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារចុះបង្ក្រាប និងឃាត់ខ្លួនបាន ព្រមទាំងដកហូតវត្ថុតាងបទល្មើសមួយចំនួនបញ្ជូនមកអនុវត្តតាមផ្លូវច្បាប់ ។ នេះ បើយោងតាមព័ត៌មានពីហ្វេសប៊ុកផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កញ្ញារីទ្ធ ។
ប្រតិបត្តិការនេះបានធ្វើឡើង កាលពីថ្ងៃទី០៤ កុម្ភៈនេះ នៅចំណុចប្រាសាទខ្នារ ស្ថិតក្នុងភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ដឹកនាំបញ្ជាការបង្ក្រាប ដោយមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក ឆេង ហៀត និងមន្ត្រីអាវុធហត្ថខេត្ត ១៥នាក់ ។
មន្ត្រីអាវុធហត្ថខេត្តបានប្រាប់ឲ្យដឹងថា នៅថ្ងៃ០៤ កុម្ភៈ ក្រោយពីទទួលបានដំណឹងថា មានជនខិលខូចមួយក្រុមបាន និងកំពុងធ្វើសកម្មភាពប្រើឧបករណ៍រាវរកវត្ថុបុរាណដែលកប់ជ្រៅនៅក្នុងដីរាប់ពាន់ឆ្នាំមកហើយនោះ ដើម្បីជីកគាស់កកាយយកវត្ថុបុរាណនាំយកទៅធ្វើការជួញដូរដោយខុសច្បាប់នោះមកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត រួមជាមួយមន្ត្រី និងមន្ត្រីកិច្ចសន្យាខេត្តបានសហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះទៅកាន់ទីតាំងដែលជនសង្ស័យកំពុងប្រព្រឹត្តបទល្មើស ។
មន្ត្រីដដែលបានបន្តទៀតថា នៅក្នុងប្រតិបត្តិការណ៍នោះកម្លាំងសមត្ថកិច្ចបានឈានទៅឃាត់ខ្លួនជនសង្ស័យជាមេក្លោង និងបក្សពួកជួញដូរវត្ថុបុរាណបាន៥នាក់ ១.ឈ្មោះ ហេង ប៊ុនសុខុន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិតាវៀន ឃុំសាលាកំរើក ក្រុងសៀមរាប ជាថៅកែដកហូតបានវត្ថុតាងរូបលោហៈ ២. ឈ្មោះ ប៊ុន សាន ភេទប្រុស អាយុ៤៥ឆ្នាំ ជាមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រីងធំ ៣.ឈ្មោះ សៀក សុភ័ក្រ ភេទប្រុស អាយុ៥៤ឆ្នាំ ៤. ឈ្មោះ ង៉ែត តៃ ភេទប្រុស អាយុ៥៤ឆ្នាំ និង៥. ឈ្មោះ ព្រលាន ព្លឿង ភេទប្រុស អាយុ៥៤ឆ្នាំ ជនសង្ស័យទាំង៣នាក់ ជាកសិកររស់នៅភូមិគោកព្រិច ឃុំគោករមៀត ស្រុកពួក ខេត្តបន្ទាយមានជ័យ ។
លោកបានបញ្ជាក់ថា ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់រួចហើយ សមត្ថកិច្ចដកហូតបានឧបករណ៍រាវរកវត្ថុបុរាណ២គ្រឿង នៅខាងត្បូងប្រាសាទខ្នារប្រមាណ ១០០ម៉ែត្រ ដកហូតរថយន្ត ដែលជាមធ្យោបាយបម្រើឲ្យការធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ចំនួន២គ្រឿង ថែមទៀត ។
ក្រោយការឃាត់ខ្លួនជនសង្ស័យជួញដូរវត្ថុបុរាណទាំង៥នាក់ រួមទាំងវត្ថុតាងនោះរួច ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារបានធ្វើកំណត់ហេតុផ្ទេរប្រគល់ជនសង្ស័យ និងវត្ថុតាងទៅអោយកម្លាំងកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្តចាត់ការទៅតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ