រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ក្មេងប្រុសជំទង់ម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ដោយត្រូវរថយន្តបើកកៀរដួលរងរបួសធ្ងន់ ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែជនរងគ្រោះរបួសធ្ងន់ ហើយឪពុកម្តាយជនរងគ្រោះជាអ្នកដើររើសអេតចាយ អត់មានលុយសម្រាប់ព្យាបាលរបួសកូននោះទេ មានតែលើកដៃសំពះសូមសប្បុរសជនជួយជាថវិកាសម្រាប់ព្យាបាលរបួសកូនផង ។
សេចក្តីរាយការណ៍បន្តថា ក្មេងប្រុសរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានឈ្មោះ ឆាន តារាឆៃ អាយុ១៤ឆ្នាំ ជាកូនទី២ក្នុងគ្រួសារ មានឪពុកឈ្មោះ ឃិន ឆៃយ៉ា អាយុ៤៣ឆ្នាំ និងម្ដាយឈ្មោះ វឿន សុឡា អាយុ៣៥ឆ្នាំ ប្រកបមុខរបររើសអេតចាយ ស្នាក់នៅដីឡូតិ៍ជួលគេ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
តាមការរៀបរាប់របស់ឪពុកម្ដាយក្មេងប្រុសខាងលើ បានប្រាប់ទាំងទឹកភ្នែកថា កូនប្រុសរបស់គាត់បានខ្ចីម៉ូតូអ្នកជិតខាងជិះជាមួយមិត្តភក្តិ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ដោយត្រូវរថយន្តបើកកៀរម៉ូតូ បណ្តាលឲ្យដួលរងរបួសធ្ងន់ ចំណែកមិត្តភក្តិរងរបួសស្រាលកាលពីថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចស្ពានដែកចំការដូង ក្នុងសង្កាត់ដង្កោ ។ ក្រោយពេលកើតហេតុ រថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោលតែម្តង បន្សល់ទុកកូនប្រុសគាត់រងរបួសធ្ងន់ធ្ងរ ហើយត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យអស់រយៈពេលជាង១០ថ្ងៃមកហើយ ក៏ត្រូវគ្រូពេទ្យឱ្យចេញមកផ្ទះវិញ ទាំងស្ថានភាពមិនទាន់ធូរស្រាលនៅឡើយទេ ។
ប្រភពដដែលបន្តទៀតថា ដោយសារតែស្ថានភាពគ្រួសាររបស់ពួកគាត់មានការខ្វះខាត ណាមួយជិតដល់ថ្ងៃពេទ្យណាត់ទៅជួបទៀត ដូច្នេះហើយរូបគាត់ជាឪពុកម្ដាយអត់មានលុយសម្រាប់ព្យាបាលកូនទៀតទេ មានតែលើកដៃសំពះទទូចសុំរកជំនួយពីសប្បុរសជន ទាំងក្នុង និងក្រៅស្រុក ជួយជាថវិកាខ្លះ ដើម្បីយកទៅព្យាបាលកូនប្រុសបន្តទៀត ព្រោះគាត់អត់មានលទ្ធភាពដោះស្រាយបន្តទៀត ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ