ឥណ្ឌូនេស៊ី៖តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា រដ្ឋធានីរបស់ប្រទេសឥណ្ឌូនេស៊ី នឹងបន្ធូរបន្ថយការរឹតបន្តឹងការរក្សាគម្លាតសង្គម ដែលចាប់ផ្តើមនៅថ្ងៃច័ន្ទនេះ ខណៈដែលអភិបាលក្រុងហ្សាការតា លោក Anies Baswedan បាននិយាយថា ការកើនឡើងនៃករណីឆ្លងកូវីដកំពុងតែមានស្ថេរភាព។

ទីក្រុងហ្សាការតាបាននាំមកវិញនូវការរឹតត្បិតកាន់តែខ្លាំង កាលពីខែមុន ដោយសារប្រព័ន្ធសុខាភិបាលរបស់ខ្លួនកំពុងតែគ្របដណ្ដប់។ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលក្នុងតំបន់បានឱ្យដឹងថា ការបន្ធូរបន្ថយមួយកម្រិតទៀតត្រូវធ្វើឡើង ចាប់ពីថ្ងៃទី ១២-២៥ ខែតុលា។
ប្រជាជនអាចត្រឡប់ទៅការិយាល័យ និងញ៉ាំអាហារពេលល្ងាចនៅភោជនីយដ្ឋាន ដរាបណាមានចំនួនផ្ទុកមនុស្សកំណត់ត្រឹម៥០% ខណៈពេលដែលកន្លែងហាត់ប្រាណ រោងកុន និងតំបន់ទេសចរណ៍ នឹងត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការក្នុងបរិមាណអតិបរមា២៥%។

នៅក្នុងសេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា៖ “អ្វីដែលបានកើតឡើងក្នុងមួយខែកន្លងមកនេះ គឺគោលនយោបាយដាក់ប្រទេសក្នុងភាពអាសន្ន ដែលធ្វើឡើងនៅពេលមានករណីឆ្លងមិនអាចគ្រប់គ្រងបាន និង មានការកើនឡើងមិនបានរំពឹងទុក។ ក្រោយពីបានរក្សាឱ្យមានស្ថេរភាពហើយ ពួកយើងនឹងចាប់ផ្តើមបន្ធូរបន្ថយបន្តិចម្តងៗ។”

លោក Baswedan បាននិយាយថា រង្វាស់នៃការរីករាលដាលជំងឺកូវីដ ក្នុងចំណោមប្រជាជន បានក្លាយទៅជាល្អពី ១.០៧ ពី ១.១៤ នៅដើមខែកញ្ញា ដែលជួយបង្ហាញអំពីការរឹតបន្តឹងដែលបានបន្ធូរបន្ថយ។ ទោះបីជាមានភាពល្អហើយក៏ដោយ ប្រទេសឥណ្ឌូណេស៊ីនៅតែខិតខំទប់ស្កាត់ការឆ្លងវីរុស ជាមួយនឹងចំនួនឆ្លងកើនឡើងដល់ទៅ ៣សែននាក់។ មានមនុស្សជិត ១២,០០០នាក់ បានស្លាប់។ ប្រទេសនេះបានរាយការណ៍អំពីករណីឆ្លងថ្មីប្រចាំថ្ងៃខ្ពស់បំផុតរបស់ខ្លួនមានចំនួន ៤,៨៥០ កាលពីថ្ងៃព្រហស្បតិ៍៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ