ថៃ ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា វេជ្ជបណ្ឌិតបាងកកម្នាក់ត្រូវបានបណ្តេញចេញពីការងារ ដោយសារតែចុះហត្ថលេខាលើញត្តិស្នើសុំអាជ្ញាធរមិនឱ្យប្រើអំពើហិង្សាប្រឆាំងនឹងក្រុមបាតុករ។
លោកស្រីវេជ្ជបណ្ឌិតម្នាក់ នៅមន្ទីរពេទ្យ Mongkutwattana ក្នុងស្រុក Lak Si ត្រូវបានបណ្តេញចេញដោយនាយកមន្ទីរពេទ្យឧត្តមសេនីយ៍ Rianthong Nanna ពីបទចូលរួមជាមួយវេជ្ជបណ្ឌិតចំនួន ៣៨៦នាក់ផ្សេងទៀត ក្នុងការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍មួយ ដែលអំពាវនាវឱ្យរដ្ឋាភិបាលនិងអាជ្ញាធរ កុំប្រើអំពើហិង្សាប្រឆាំងនឹងក្រុមបាតុករដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ។
ឧត្តមសេនីយ៍ទោ Rianthong ដែលត្រូវបានគេដឹងថា ជាអ្នករាជានិយមខ្ពង់ខ្ពស់កាលពីថ្ងៃអាទិត្យ បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកថា លោកបានបណ្តេញលោកវេជ្ជបណ្ឌិត Jarosdao Rimphanitchayakit ពីមុខតំណែងរបស់លោកស្រី ដែលជាវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Mongkutwattana មានប្រសិទ្ធភាពចាប់ពីម៉ោង ១១និង១៩នាទី យប់ថ្ងៃសៅរ៍។
លោកបាននិយាយថា លោកវេជ្ជបណ្ឌិត Jarosdao ត្រូវបានបណ្តេញចេញដោយសារតែមន្ទីរពេទ្យមានគោលការណ៍ច្បាស់លាស់ មិនឱ្យមាននរណាម្នាក់ប្រឆាំងនឹងរាជានិយម។
នាយកមន្ទីរពេទ្យបានសរសេរថា ក្រុមអ្នកតវ៉ាបានអាក់អន់ចិត្តនឹងរបបរាជានិយម ហើយការបាញ់ទឹកដើម្បីបំបែកពួកគេមិនមែនជាអំពើហិង្សាទេ។ លោកបាននិយាយថា អាជ្ញាធរបានចាត់វិធានការជាជំហានៗ ដើម្បីបំបែកការធ្វើបាតុកម្ម ហើយមិនបានប្រើកម្លាំងមិនសមហេតុផលទេ។
កាលពីថ្ងៃអាទិត្យវេជ្ជបណ្ឌិត Jarosdao បានសរសេរសារលាគ្នាទៅកាន់អ្នកជម្ងឺរបស់លោកស្រី នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន៕ ដកស្រង់ចេញពីវេបសាយ ៖ bangkokpost
ចែករំលែកព័តមាននេះ