រុស្ស៊ី៖តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា អភិបាលទីក្រុងមូស្គូ លោក Sergey Sobyanin បានប្រកាសកាលពីថ្ងៃអង្គារនៅក្នុងសារបង្ហោះថា ទីក្រុងមូស្គូកំពុងណែនាំការរឹតបន្តឹងទប់ស្កាត់ការឆ្លងជំងឺកូវីដថ្មីមួយចំពេលមានការកើនឡើងខ្ពស់បំផុតនៃករណីឆ្លងថ្មី។
វិធានការនេះនឹងចូលជាធរមាន រយៈពេលពីរខែចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ ពួកគេដាក់កំហិតយ៉ាងខ្លាំងទៅលើកម្មវិធីប្រមូលផ្តុំសង្គម។
យោងតាមច្បាប់ថ្មី កន្លែងកម្សាន្ត តៀមស្រា និង ភោជនីយដ្ឋាន នឹងត្រូវបិទនៅចន្លោះម៉ោង១១យប់។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ការទៅទិញដល់ហាង និង ការដឹកជញ្ជូនអាហារដល់ផ្ទះ នៅតែអាចដំណើរការបាន ២៤ម៉ោងក្នុងមួយថ្ងៃ។
លោក Sobyanin បាននិយាយថា និស្សិតសាកលវិទ្យាល័យ នឹងប្តូរទៅរកការរៀនពីចម្ងាយ ដែលដូចទៅនឹងសិស្សវិទ្យាល័យ ដែលបានចូលរៀនតាមអនឡាញអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមក។
កន្លែងក្នុងផ្ទះភាគច្រើនសម្រាប់កុមារ ដូចជាមជ្ឈមណ្ឌលកម្សាន្តនៅក្នុងផ្សារទំនើប នឹងត្រូវបិទទ្វារសម្រាប់ពេលបច្ចុប្បន្ននេះ។ រោងមហោស្រព សាលប្រគុំតន្ត្រី និងរោងកុននានា នឹងតម្រូវឱ្យមានអ្នកទស្សនាត្រឹម២៥% ខណៈដែលអ្នករៀបចំព្រឹត្តិការណ៍កីឡាធំៗ ត្រូវការការអនុញ្ញាតិពិសេស ពីអាជ្ញាធរសុខាភិបាលក្នុងតំបន់ ដើម្បីទទួលអ្នកទស្សនា។
នៅថ្ងៃច័ន្ទនេះទីក្រុងមូស្គូ បានរាយការណ៍ជាផ្លូវការនូវករណីឆ្លងកូវីដថ្មីចំនួន ៦,៨៩៧ករណី ដែលជាការកើនឡើងខ្ពស់បំផុត ចាប់តាំងពីការចាប់ផ្តើមរាតត្បាត។ កាលពីថ្ងៃអង្គារ ទីក្រុងនេះមានករណីចំនួន ៥,៩០២ករណី ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន ២០,៩៧៧នាក់ នៅទូទាំងប្រទេសរុស្ស៊ី៕
ចែករំលែកព័តមាននេះ