អង់គ្លេស ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា សមាជិកគណៈរដ្ឋមន្ត្រីជាន់ខ្ពស់របស់អង់គ្លេសមួយរូប បាននិយាយកាលពីថ្ងៃអាទិត្យថា ការចាក់សោរយៈពេលមួយខែសម្រាប់ប្រទេសអង់គ្លេស ដែលបានប្រកាសដោយលោកនាយករដ្ឋមន្ត្រី Boris Johnson នៅចុងសប្តាហ៍នេះ អាចនឹងត្រូវបានពន្យារពេលឱ្យកាន់តែយូរ នៅពេលដែលប្រទេសអង់គ្លេសកំពុងព្យាយាមទប់ស្កាត់ការរីករាលដាលរលកទី២ នៃជំងឺកូវីដ១៩។
លោកនាយករដ្ឋមន្ត្រី Johnson បានប្រកាសកាលពីថ្ងៃសៅរ៍ថា ការចាក់សោរនៅទូទាំងប្រទេសអង់គ្លេសនឹងចាប់ផ្តើមបន្ទាប់ពីពាក់កណ្តាលអធ្រាត្រនៅព្រឹកថ្ងៃព្រហស្បតិ៍ និងរហូតដល់ថ្ងៃទី២ ធ្នូ។
នៅពេលត្រូវបានសួរថា តើការចាក់សោរអាចត្រូវបានពន្យារដល់ដើមខែធ្នូ ឬយ៉ាងណានោះ លោក Michael Gove រដ្ឋមន្ត្រីខុទ្ទកាល័យជាន់ខ្ពស់បានប្រាប់ទូរទស្សន៍ Sky News ថា៖ “ពិតហើយ”។
លោកបានប្រាប់ថា៖ “យើងអាចនិយាយបានច្បាស់ថា ប្រសិនបើយើងមិនចាត់វិធានការឥឡូវនេះ សេវាកម្មសុខាភិបាលនឹងត្រូងរងបន្ទុកធ្ងន់ធ្ងរ ដែលពិបាកក្នុងការដោះស្រាយ។”
ចក្រភពអង់គ្លេសដែលមានចំនួនអ្នកបាត់បង់ជីវិតជាផ្លូវការធំជាងគេនៅអឺរ៉ុប ដោយសារកូវីដ១៩ កំពុងតែដោះស្រាយជាមួយនឹងករណីឆ្លងវីរុសថ្មីចំនួនជាង ២ម៉ឺនករណីក្នុងមួយថ្ងៃ ហើយអ្នកវិទ្យាសាស្ត្របានព្រមានអំពីសេណារីយ៉ូករណីអាក្រក់បំផុត ដែលអាចបណ្តាលឱ្យមនុស្ស ៨០,០០០នាក់បាត់បង់ជីវិត៕
ចែករំលែកព័តមាននេះ