ឥណ្ឌូនេស៊ី ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា អភិបាលក្រុងចាកាតា បាននិយាយនៅមុនការរឹតបន្តឹងតឹងរឹងដែលចាប់ផ្តើមធ្វើពីថ្ងៃច័ន្ទថា ប្រជាជនដែលរស់នៅក្នុងទីក្រុងចាកាតា ហើយត្រូវបានធ្វើតេស្តឃើញថា មានជំងឺកូវីដ១៩ នឹងត្រូវធ្វើចត្តាឡីស័កនៅដាច់ពីគេក្នុងទីកន្លែងផ្លូវការដែលរដ្ឋជាអ្នកកំណត់ និងមិនអាចធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនបានដូចមុនឡើយ។

នៅឯសន្និសីទកាសែតមួយកាលពីថ្ងៃអាទិត្យ លោក Anies Baswedan បាននិយាយថា ការធ្វើចត្តាឡីស័កនៅផ្ទះ ត្រូវតែបញ្ឈប់ដោយសារតែគេត្រូវរឹតបន្តឹងលើការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ លោកអភិបាលក្រុងបាននិយាយថា មន្ត្រីនឹងត្រូវបានដាក់ពង្រាយដើម្បីធានាថាប្រជាជនគោរពតាមច្បាប់ថ្មីឱ្យបានតឹងរឹងបំផុត។ ពួកគេរួមបញ្ចូលទាំងការតម្រូវឱ្យក្រុមហ៊ុននៅក្នុងវិស័យ ដែលមិនចាំបាច់ អនុញ្ញាតឱ្យនិយោជិកធ្វើការពីផ្ទះ ឬមិនមានច្រើនជាងមួយភាគបួននៃកម្លាំងពលកម្មរបស់ពួកគេនៅក្នុងការិយាល័យ។

ទីក្រុងដែលមានប្រជាជនជាង ១០លាននាក់ បានពន្យាពេលផែនការដើម្បីបន្ធូរបន្ថយវិធានការសង្គមបន្ថែមទៀត បន្ទាប់ពីអនុញ្ញាតឱ្យបណ្តាផ្សារទំនើបជាបណ្តើរៗ បន្ទាប់មកការិយាល័យនឹងបើកជាថ្មីម្តងទៀតជាមួយនឹងដែនកំណត់មួយចំនួន ដែលចាប់ផ្តើមពីខែមិថុនា។ វានៅតែជាចំណុចកណ្តាលនៃការឆ្លងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលចំនួននៃការឆ្លងបានបញ្ជាក់លើសពី ២១៨,០០០ករណី ជាមួយនឹងការស្លាប់ជាង ៨,៧០០នាក់។

ចាប់ពីថ្ងៃទី១៤ ខែកញ្ញា ទីក្រុងចាកាតា កំពុងដាក់កំហិតលើការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈក៏ដូចជា ការបិទកន្លែងកម្សាន្តនិងកន្លែងគោរពបូជា។ សម្រាប់សកម្មភាពខាងក្រៅ គេមិនអាចប្រមូលផ្តុំមនុស្សលើសពី៥នាក់ទេ។
វិធានការណ៍រឹតបន្តឹងនេះ នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីកាន់តែខ្លាំងមួយកម្រិតទៀត។ ទីក្រុងចាការតាបានចូលរួមចំណែកជិត ២០% ដល់ GDP របស់ប្រទេសឥណ្ឌូនេស៊ី៕
ចែករំលែកព័តមាននេះ