ជប៉ុន ៖ សារព័ត៌មាន Japan Post នៅថ្ងៃពុធនេះបានបង្ហាញឱ្យឃើញពីការធ្វើតេស្តលើមនុស្សយន្តបញ្ជូនសំបុត្រ ដែលដំណើរការដោយស្វ័យប្រវត្តិ និង ជាការធ្វើតេស្តដំបូងគេនៅលើផ្លូវសាធារណៈក្នុងប្រទេសជប៉ុន នៅពេលដែលតម្រូវការកើនឡើងសម្រាប់ការកាត់បន្ថយទំនាក់ទំនងមនុស្សនិងមនុស្ស ពេលមានការរីករាលដាលនៃវីរុសឆ្លង។

ដោយប្រើកាមេរ៉ា និងឧបករណ៍ចាប់សញ្ញា ដែលមានភ្ជាប់មកជាមួយរ៉ូបូតពណ៌ក្រហម ដែលមានទំហំប៉ុនរទេះរុញ បានធ្វើដំណើរតាមជើងភ្នំមួយក្នុងសង្កាត់ជីយ៉ាដា ក្នុងទីក្រុងតូក្យូ ដែលអាចគេចឧបសគ្គដូចជាបង្គោលភ្លើងនិងឆ្លងកាត់ផ្លូវប្រសព្វជាមួយភ្លើងចរាចរណ៍។

រ៉ូបូតនេះស្ថិតនៅពាក់កណ្តាលស៊េរីនៃការរត់សាកល្បង ដែលបានចាប់ផ្តើមនៅថ្ងៃទី១៨ ខែកញ្ញា ហើយរត់ដល់ចុងខែតុលា ដែលមើលឃើញវាធ្វើដំណើរចំងាយ ៧០០ម៉ែត្រពីមន្ទីរពេទ្យ ទៅការិយាល័យប្រៃសណីយ៍ក្នុងស្រុកក្នុងរយៈពេលប្រហែល ២៥នាទី។

ផ្អែកលើលទ្ធផលនៃការសាកល្បង រដ្ឋាភិបាលជប៉ុននឹងពិភាក្សាអំពីការបន្ធូរបន្ថយបទប្បញ្ញត្តិស្តីពីមនុស្សយន្តដឹកជញ្ជូន ដែលបច្ចុប្បន្នមិនត្រូវបានអនុញ្ញាតឱ្យរត់លើផ្លូវសាធារណៈដោយគ្មានការត្រួតពិនិត្យពីមនុស្សឡើយ។

ប្រទេសជប៉ុនក៏កំពុងបង្កើនការជម្រុញរបស់ខ្លួនសម្រាប់សេវាកម្មចែកចាយស្វយ័ត ដោយសង្ឃឹមថាពួកគេនឹងកាត់បន្ថយកង្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំង នៅក្នុងប្រទេសដែលមានវ័យចំណាស់យ៉ាងឆាប់រហ័សនេះ៕ ដកស្រង់ចេញពីវេបសាយ ៖ bangkokpost





ចែករំលែកព័តមាននេះ