ហ្វីលីពីន ៖ តាមប្រភពព័ត៌មាន Reuters បានឱ្យដឹងថា របាយការណ៍របស់រដ្ឋាភិបាលហ្វីលីពីនបានបង្ហាញថា យ៉ាងហោចណាស់មានមនុស្ស ១០នាក់បានបាត់បង់ជីវិត និង៣នាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីព្យុះទីហ្វុងហ្គូនី (Goni Typhoon) ដែលជាព្យុះទីហ្វុងខ្លាំងបំផុតនៅឆ្នាំនេះ បានបោកបក់ឆ្លងកាត់ភាគខាងត្បូងនៃកោះលូហ្សុន (Luzon) របស់ហ្វីលីពីន កាលពីថ្ងៃអាទិត្យ។

សមាជិកសភាបាននិយាយថា ផ្ទះជាង ៣០០ខ្នង ត្រូវបានកប់នៅក្រោមផ្ទាំងថ្មបន្ទុះភ្នំភ្លើង និងភក់ដែលហូរចេញពីភ្នំភ្លើង Mayon នៅក្នុងខេត្ត Albay ដែលរងការវាយប្រហារយ៉ាងខ្លាំងនៅក្នុងតំបន់ Bicol។

ខ្យល់ព្យុះបានបោកបក់មកលើទីប្រជុំជនតាមឆ្នេរសមុទ្រមួយចំនួន ខណៈដែលទឹកទន្លេបានហូរនិងទំនប់ត្រូវបានបំផ្លាញបំផ្លាញ ដោយលិចទឹកនៅតាមភូមិជាច្រើនក្នុងតំបន់ Bicol។ ការិយាល័យការពារជនស៊ីវិលបាននិយាយថា អ្នកបាត់បង់ជីវិត និងអ្នកបាត់ខ្លួនទាំងអស់ស្ថិតនៅក្នុងតំបន់នេះ រួមទាំងមនុស្ស ៩នាក់នៅ Albay។

នៅថ្ងៃអាទិត្យ អភិបាលរដ្ឋ Albay លោក Al Francis Bichara បានរាយការណ៍ថា ក្មេងអាយុ ៥ឆ្នាំម្នាក់ត្រូវបានទឹកនាំទៅដោយទឹកជំនន់ភ្លាមៗ នៅក្នុងខេត្តរបស់គាត់។ ការិយាល័យឧតុនិយមបាននិយាយថា ព្យុះដ៏ខ្លាំងបំផុតរបស់ពិភពលោកនៅឆ្នាំនេះ មានកម្លាំងខ្យល់ ១២៥គីឡូម៉ែត្រក្នុងមួយម៉ោង រហូតដល់ ១៧០គីឡូម៉ែត្រក្នុងមួយម៉ោង។

មនុស្សជាង ៣៩០,០០០នាក់បានភៀសខ្លួនទៅកន្លែងដែលមានសុវត្ថិភាព រួមទាំងមនុស្សជាង ៣៤៥,០០០នាក់ ទៅកាន់មជ្ឈមណ្ឌលជម្លៀស ដោយបង្កើនក្តីបារម្ភអំពីការឆ្លងកូវីដ។

ជើងហោះហើររាប់សិបត្រូវបានលុបចោលនៅពេលដែលច្រកចេញចូលដ៏សំខាន់របស់ទីក្រុងម៉ានីល គឺអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ត្រូវបានបញ្ជាឱ្យបិទរយៈពេលមួយថ្ងៃ។

ក្រសួងកសិកម្មរំពឹងថា នឹងមានការខូចខាតផលដំណាំតិចតួចបំផុត ដោយនិយាយថាស្រូវចំនួន ១.០៧លានតោន និងពោតចំនួន ៤៥,៧០៣តោនត្រូវបានរក្សាទុកឱ្យមានសុវត្ថិភាពពីព្យុះទីហ្វុង ដោយសារតែកសិករត្រូវបានគេណែនាំឱ្យចាត់វិធានការមុនការមកដល់របស់ព្យុះ៕
https://www.youtube.com/watch?v=CG5iiXK2rNE
https://www.youtube.com/watch?v=R-WBJriWhVg
https://www.youtube.com/watch?v=6HqPId2wrJA
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ