ថៃ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល ថៃ បានបដិសេធមិនចូលរួមនៅក្នុងគណៈកម្មាធិការផ្សះផ្សានយោបាយរបស់សភា ដោយលើកឡើងថា វាជាការឃុបឃិតមួយដើម្បីរក្សានាយករដ្ឋមន្រ្តីប្រាយុទ្ធចាន់អូចា ឱ្យកាន់អំណាច។
គណបក្សរបស់ប្រជាជន Khana Rassadorn បានប្រកាសសេចក្តីសម្រេចចិត្តរបស់ខ្លួន នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញនៅឯ Sanam Luang កាលពីថ្ងៃពុធ។
សេចក្តីថ្លែងការណ៍បាននិយាយថា «យើងប្រកាសថា យើងនឹងមិនទទួលយកនិងមិនចូលរួមក្នុងគណៈកម្មាធិការមួយ ដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលនោះទេ» ។
គណៈកម្មាធិការផ្សះផ្សាត្រូវបានឯកភាពដោយសម័យប្រជុំសភារួមគ្នាពិសេស កាលពីខែមុន ដែលជាមធ្យោបាយមួយដើម្បីដោះស្រាយបញ្ហានយោបាយ និងបានគូសបញ្ជាក់ដោយការបន្តធ្វើបាតុកម្មដឹកនាំដោយនិស្សិតប្រឆាំងនឹងរដ្ឋាភិបាល។
សេចក្តីថ្លែងការណ៍របស់ Khana Rassadorn បានបន្តអំពាវនាវឱ្យមានការចាកចេញរបស់នាយករដ្ឋមន្រ្តី។
សេចក្តីថ្លែងការណ៍បាននិយាយថា «អំណាចដែលនៅសេសសល់របស់ឧត្តមសេនីយ៍ប្រាយុទ្ធចានអូចា គឺជាឧបសគ្គចម្បងក្នុងការដោះស្រាយបញ្ហានយោបាយសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេស» ។
ជាមួយគ្នានេះដែរ សេចក្តីថ្លែងការណ៍ក៏បានបញ្ជាក់ជាថ្មីនូវការទាមទារផ្សេងទៀត រួមមានការសរសេររដ្ឋធម្មនុញ្ញថ្មីនិងការកែទម្រង់របបរាជានិយម៕
ចែករំលែកព័តមាននេះ