ថៃ៖តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុធចានអូចា បានបង្ហាញពីការត្រៀមខ្លួនរបស់ប្រទេសថៃក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ នៅឯកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី ៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA75) ។
លោកបាននិយាយតាមរយៈការប្រាស្រ័យទាក់ទងគ្នាទៅនឹង UNGA75 នៅទីក្រុងញូវយ៉កកាលពីថ្ងៃសៅរ៍ ដោយសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការរវាងអ្នកពាក់ព័ន្ធទាំងអស់ ក៏ដូចជាការចូលរួមរបស់យុវជនក្នុងបរិបទនៃភាពប្រក្រតីថ្មី ដែលជាកម្លាំងសំខាន់ក្នុងការរួមគ្នានាពេលអនាគតដែលប្រជាជនចង់បាន។
សុន្ទរកថារបស់លោក ក៏បានលើកឡើងពីសារៈសំខាន់នៃការប្តេជ្ញាចិត្តរបស់រដ្ឋជាសមាជិកចំពោះពហុភាគីនិយម និងឯកភាពពិភពលោកក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកលជាមួយគ្នា។
លោកបានថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោក (WHO) ដែលបានទទួលស្គាល់ប្រទេសថៃ ជាប្រទេសមួយ ដែលបានផ្តល់នូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាពបំផុតចំពោះជម្ងឺកូវីដ ជាពិសេសទទួលបានភាពរឹងមាំពីគម្រោងធានារ៉ាប់រងសុខភាពជាសកល។
លោកបានមានប្រសាសន៍ថា ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចែករំលែកការអនុវត្តល្អបំផុតរបស់ខ្លួននៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកក៏មានប្រសាសន៍ថា រដ្ឋនានាត្រូវតែប្រកាន់ខ្ជាប់នូវកាតព្វកិច្ចសិទ្ធិមនុស្ស ហើយប្រទេសថៃគឺជាប្រទេសដំបូងគេនៅអាស៊ីដែលបានអនុម័តផែនការសកម្មភាពជាតិស្តីពីធុរកិច្ចនិងសិទ្ធិមនុស្សផងដែរ៕
ចែករំលែកព័តមាននេះ