អាមេរិក ៖ តាមប្រភពព័ត៌មាន Reuters បានឱ្យដឹងថា បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក Joe Biden បាននិយាយនៅថ្ងៃអង្គារ៍នេះថា ការតស៊ូមតិដែលបានគ្រោងទុកនៅសប្តាហ៍ក្រោយជាមួយប្រធានាធិបតីសាធារណរដ្ឋ Donald Trump មិនគួរធ្វើឡើងនោះទេ ប្រសិនបើលោក Trump មិនទាន់ជាពីជំងឺកូវីដ១៩។

លោក Biden បាននិយាយថា ការតស៊ូមតិកាលពីថ្ងៃទី១៥ ខែតុលានៅទីក្រុងម៉ៃអាមី គួរតែត្រូវបានធ្វើឡើងតែក្រោមគោលការណ៍ណែនាំសុខភាពយ៉ាងតឹងរឹង ហើយបានហៅការផ្ទុះឡើងនៃមេរោគកូវីដដែលបានវាយប្រហារលោក Trump និង មន្ត្រីសេតវិមានផ្សេងទៀត គឺជាបញ្ហាធ្ងន់ធ្ងរ។

បន្ទាប់ពីការបញ្ចប់យុទ្ធនាការនៅរដ្ឋ Pennsylvania លោក Biden បាននិយាយថា៖ «ប្រសិនបើលោក Trump នៅមានជំងឺនេះនៅឡើយ យើងមិនគួរធ្វើកម្មវិធីតស៊ូមតិទេ។ ខ្ញុំមិនច្បាស់ថាប្រធានាធិបតី Trump កំពុងនិយាយអ្វីទេឥឡូវនេះ។ ខ្ញុំមិនដឹងថា គាត់មានស្ថានភាពបែបណាទេ។ ខ្ញុំទន្ទឹងរង់ចាំជជែកវែកញែកជាមួយគាត់ ប៉ុន្តែខ្ញុំសង្ឃឹមថាពិធីសារទាំងអស់នឹងត្រូវអនុវត្តតាម»។

អ្នកនាំពាក្យរបស់លោក Trump លោក Tim Murtaugh មានប្រសាសន៍ទៅលើការអត្ថាធិប្បាយរបស់លោក Bidenថា៖ «ប្រធានាធិបតី Trump នឹងមានសុខភាពល្អហើយនឹងនៅកម្មវិធីតស៊ូមតិ»។

គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតី Trump ដែលអាយុ ៧៤ឆ្នាំ បានវិលត្រឡប់ទៅកាន់សេតវិមានវិញ នៅថ្ងៃច័ន្ទ បន្ទាប់ពីសម្រាកព្យាបាលបីយប់នៅមន្ទីរពេទ្យ។ វេជ្ជបណ្ឌិតរបស់លោក បាននិយាយកាលពីថ្ងៃអង្គារថា លោក Trump មិនបានរាយការណ៍ពីរោគសញ្ញានៃជំងឺកូវីដទេ ហើយមានសុខភាពល្អជាធម្មតា បើទោះជាមានផ្ទុកកូវីដក៏ដោយ៕ ដកស្រង់ចេញពីវេបសាយ ៖ reuters
ចែករំលែកព័តមាននេះ