ចិន ៖ តាមប្រភពព័ត៌មាន Reuters បានឱ្យដឹងថា មន្ត្រីអង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃអង្គារ៍ថា ប្រទេសចិនកំពុងពិភាក្សា ដើម្បីឱ្យមានវ៉ាក់សាំងការពារជំងឺកូវីដ ដែលផលិតក្នុងស្រុករបស់ខ្លួន ឱ្យត្រូវបានវាយតម្លៃដោយអង្គការសុខភាពពិភពលោក ដែលជាជំហានឆ្ពោះទៅរកការប្រើប្រាស់ជាលក្ខណៈសកល។
កម្មកររាប់រយរាប់ពាន់នាក់ និងក្រុមមនុស្សផ្សេងៗទៀត ដែលត្រូវបានគេចាត់ទុកជាអ្នកមានហានិភ័យខ្ពស់នៅក្នុងប្រទេសចិនក្នុងការឆ្លងជំងឺកូវីដ ត្រូវបានផ្តល់វ៉ាក់សាំងដែលត្រូវបានផលិតក្នុងស្រុក ទោះបីជាការពិសោធន៍គ្លីនិកមិនទាន់បានបញ្ចប់ពេញលេញក៏ដោយ ដែលនេះបានធ្វើឱ្យមានការព្រួយបារម្ភពីសំណាក់អ្នកជំនាញ។
អ្នកសម្របសម្រួលរបស់ WHO សម្រាប់ថ្នាំសំខាន់ៗ និងបច្ចេកវិទ្យាសុខភាពនៅតំបន់ប៉ាស៊ីហ្វិកខាងលិច លោក Socorro Escalate បានប្រាប់សន្និសីទសារព័ត៌មានមួយដែលធ្វើឡើងតាមអ៊ីនធើរណេតថា ប្រទេសចិនបានធ្វើការពិភាក្សាបឋមជាមួយអង្គការសុខភាពពិភពលោក ដើម្បីបញ្ចូលវ៉ាក់សាំងរបស់ខ្លួនក្នុងបញ្ជីសម្រាប់ការប្រើប្រាស់បន្ទាន់។
នីតិវិធីចុះបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក អនុញ្ញាតឱ្យវាយតម្លៃវ៉ាក់សាំងនិងការព្យាបាល ដែលមិនមានការអនុញ្ញាត ដើម្បីវាយតម្លៃឱ្យបានឆាប់រហ័សចំពោះភាពអាចរកបានរបស់ពួកគេក្នុងគ្រាអាសន្នសុខភាពសាធារណៈ។
ប្រទេសចិនមានវ៉ាក់សាំងពិសោធន៍យ៉ាងតិចចំនួន៤ នៅក្នុងដំណាក់កាលចុងក្រោយនៃការសាកល្បងព្យាបាល ដែល២ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន China National Biotec Group (CNBG) និង ២ទៀតមកពីក្រុមហ៊ុន Sinovac Biotech។ វ៉ាក់សាំងទាំងនេះ ត្រូវបានធ្វើតេស្តនៅក្នុងប្រទេសដូចជា ប៉ាគីស្ថាន ឥណ្ឌូណេស៊ី ប្រេស៊ីល រុស្ស៊ី និងអារ៉ាប់រួម៕ ដកស្រង់ចេញពីវេបសាយ ៖ reuters
ចែករំលែកព័តមាននេះ