ឥណ្ឌូនេស៊ី៖តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា លោក Luhut Pandjaitan រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគនៅឥណ្ឌូណេស៊ី បាននិយាយ ក្រោយពេលប្រជុំជាមួយនឹងរដ្ឋមន្ត្រីការបរទេសរបស់ចិន លោក Wang Yi ថា ប្រទេសចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងហ្សាការតា ដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងនៅអាស៊ីអាគ្នេយ៍។

លោក Wang បាននិយាយថា ប្រទេសឥណ្ឌូនេស៊ីមានសមត្ថភាពខ្លាំងបំផុតសម្រាប់ការផលិតវ៉ាក់សាំងនៅអាស៊ីអាគ្នេយ៍។ លោកនឹងគាំទ្រក្រុមហ៊ុនរបស់ចិនក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ។

ក្រុមអ្នកស្ម័គ្រចិត្តនៅទីក្រុងបាងឌុង នៃប្រទេសឥណ្ឌូនេស៊ី បានចូលរួមក្នុងការសាកល្បងវ៉ាក់សាំងមួយ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនចិន Sinovac Biotec Ltd.។ គេព្យាយាមធានាថា មានចំនួនគ្រប់គ្រាន់សម្រាប់ប្រជាជនចំនួន ២៧០លាននាក់។
រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាគ្នាអំពីការអភិវឌ្ឍតំបន់ឧស្សាហកម្មចំនួន ៣ នៅក្នុងតំបន់ Bintan, Batang និង Semarang និងការចូលរួមពីសាកលវិទ្យាល័យចិនក្នុងការស្រាវជ្រាវឱសថបុរាណនៅកោះស៊ូម៉ាត្រាខាងជើង។ Pandjaitan ក៏បានស្នើដល់លោក Wang Yi ដើម្បីចែករំលែកបទពិសោធន៍របស់ខ្លួននៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ភាពក្រីក្រ៕
ចែករំលែកព័តមាននេះ