ថៃ ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលថៃកាលពីថ្ងៃច័ន្ទ បានជម្រុញឱ្យសាធារណជនរក្សារាល់ការអនុវត្តរក្សាសុខភាព និងសុវត្ថិភាព ដែលត្រូវបានអនុម័តនៅក្នុងកំឡុងពេលមានករណីឆ្លងកូវីដក្នុងស្រុក ដោយព្រមានថា ការធ្វើចត្តាឡីស័កតែមួយមុខ នឹងមិនធ្វើឱ្យប្រទេសមានសុវត្ថិភាពឡើយ។
លោកវេជ្ជបណ្ឌិត Sophon Iamsirithavorn ប្រធានផ្នែកជំងឺឆ្លងរបស់ក្រសួង បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃច័ន្ទថា អ្នកឆ្លងនឹងនៅតែឆ្លងកាត់ព្រំដែនមិនថា វិធានការណ៍ដាក់ឱ្យនៅតែឯងចំពោះការមកដល់ក៏ដោយ។
លោកវេជ្ជបណ្ឌិត Sophon បានមានប្រសាសន៍ថា៖ «ករណីឆ្លងកូវីដថ្មីៗបំផុតនៅក្នុងប្រទេសថៃ គឺស្ថិតក្នុងចំណោមអ្នកដែលបានវិលត្រឡប់មកវិញ ដែលហាក់ដូចជាមិនមានចេញរោគសញ្ញាអស់រយៈពេលយូរមកហើយ បើទោះបីជាកំឡុងពេលធ្វើចត្តាឡិស័កក៏ដោយ»។
នាយកដ្ឋានបានបង្កើនកម្រិតប្រកាសអាសន្នរបស់ខ្លួន បន្ទាប់ពីមានករណីពិសេសចំនួនពីរករណី ដែលទី១ គឺស្ត្រីបារាំងម្នាក់ដែលបានធ្វើតេស្តវិជ្ជមានមួយសប្តាហ៍ បន្ទាប់ពីបានចាកចេញពីកន្លែងធ្វើចត្តាឡីស័ក និងទី២ គឺស្ត្រីឥណ្ឌាដែលរស់នៅក្នុងតំបន់ក្រាប៊ី ដែលបានចេញពីកន្លែងធ្វើចត្តាឡីស័កកាលពីខែកុម្ភៈ។
លោកវេជ្ជបណ្ឌិតសុផុនបានមានប្រសាសន៍ថា នៅពេលមានការរឹតត្បិតត្រូវបានបន្ធូរបន្ថយ ដើម្បីជម្រុញសេដ្ឋកិច្ចជាពិសេសសម្រាប់អ្នកដែលមកពីប្រទេសដែលត្រូវបានគេចាត់ទុកថាជាហានិភ័យទាប នាយកដ្ឋានជំងឺឆ្លងប្តេជ្ញាថានឹងរំលឹកដល់ប្រជាជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថាជម្ងឺរាតត្បាតនេះមាននៅស្ទើរតែគ្រប់ប្រទេសលើពិភពលោក។
ទំនាក់ទំនងដែលមានហានិភ័យទាបជាមួយនឹងអ្នកកើតជំងឺកូវីដ ត្រូវបានគេណែនាំឱ្យធ្វើការរក្សាគម្លាតសង្គម ហើយប្រសិនបើអាចគួរតែធ្វើការនៅដាច់ពីគេ រហូតទាល់តែវេជ្ជបណ្ឌិតរកឃើញច្បាស់ថា គ្មានជំងឺកូវីដ។
យោងតាមមន្ត្រីបានឱ្យដឹងថា រមណីយដ្ឋាននិងភោជនីយដ្ឋានត្រូវបានគេរកឃើញថាបានអនុវត្តតាមវិធានការណ៍ការពារទប់ស្កាត់ការរីករាលដាល៕
ចែករំលែកព័តមាននេះ