រាជធានីភ្នំពេញ ៖ អ្នកនាងប៉ែន សុផានី ដោយសារតែទេពកោសល្យសម្តែងអន់ ត្រូវអ្នកដឹកនាំរឿងដកតំណែងតួឯក ហើយដាក់អ្នកផ្សេងជំនួសវិញ ។ ចាត់ទុកជាបទពិសោធន៍មួយសម្រាប់តារារលកក្រោយដែលប្រាថ្នាចង់ក្លាយជាតារាល្បីឈ្មោះ ដោយកាលពីពេល ថ្មីៗកន្លងមក អ្នកនាងប៉ែន សុផានី បានទម្លាយរឿងអាថ៌កំបាំងជីវិតជាអ្នកសម្តែងអតីតកាលឱ្យដឹងថា ពេលនាងមានវ័យ១៨ទៅ១៩ឆ្នាំ បានសម្រេចចិត្តចូលពិភពសិល្បៈ ព្រោះអ្នកដឹកនាំរឿងមើលឃើញ និងយល់ថានាងអាចសម្តែងបាន ។
ប៉ុន្តែការរំពឹងក្លាយជាតួអង្គលេចធ្លោមិនបានកើតឡើងតាមបំណងទេ ព្រោះអ្នកនាងប៉ែន សុផានី មិនមានទេពកោសល្យសម្តែងបានល្អ ទោះជាមានការពន្យល់ប្រាប់របស់អ្នកដឹកនាំរឿងក៏ដោយ។ គេពន្យល់យ៉ាងណានៅតែអ្នកនាងសុផានី មិនអាចធ្វើបាន រហូតត្រូវអ្នកដឹកនាំរឿងដកតំណែងជាតួឯក ដោយសារតែអស់លទ្ធភាពយឹតយោងបាន ។
អ្នកនាងប៉ែន សុផានី នៅចងចាំថា នាងបានឱកាសសម្តែងក្នុងខ្សែភាពយន្តរឿង «សំឡេងទ្រខ្មែរ» ជាលើកដំបូងក្នុងតំណែងជាតួឯកជាមួយលោកហម ឈរា៉ ដោយអ្នកស្រីពាន់ ភួងបុប្ផា អ្នកដឹកនាំរឿង ជាអ្នកជ្រើសរើសរូបនាង ។ ប៉ុន្តែពេលនោះអ្នកនាងសុផានី អត់យល់ពីរបៀបសម្តែងបែបណាទេ ដូច្នេះហើយសម្តែងមិនត្រូវទាល់តែសោះ ។ របៀបយំក៏អ្នកនាងសុផានី មិនចេះ ទោះជាមានគេប្រាប់ មានគេដើរតួជាគម្រូឱ្យមើលក៏ដោយ ។ ម្ល៉ោះហើយ អ្នកស្រីពាន់ ភួងបុប្ផា ប្រាប់ត្រង់ថា «កែលែងបានហើយ សូមទោសកុំអន់ចិត្ត! ខ្ញុំត្រូវការឱ្យរឿងថតទៅមានការទាក់ទាញ មិនចង់ទទួលទៀតទេ ទៅហាត់រៀនសម្តែងសិនទៅទើបបានល្អ» ។ ជំនួសអ្នកនាងប៉ែន សុផានី អ្នកស្រីពាន់ ភួងបុប្ផា ដាក់អ្នកនាងពិសិដ្ឋ ពិលីកាវិញ ។
អ្នកនាងប៉ែន សុផានី អៀនខ្មាស និងឈឺចាប់ណាស់ ព្រោះតែគិតថាគេសម្តែងបាន ហេតុអីខ្លួនឯងធ្វើមិនបាន ។ តាំងពីពេលនោះមក អ្នកនាងប៉ែន សុផានី រៀនសម្តែងនៅមុខកញ្ចក់ និងស្តាប់ការណែនាំរបស់រៀមច្បងសិល្បៈ ។ ដូច្នេះហើយទើបក្រោយមកអ្នកនាងប៉ែន សុផានី អាចមានសមត្ថភាពគ្រងតំណែងសម្តែងបានល្អ ។ តារាជើងចាស់ប៉ែន សុផានី ថ្លែងថា «ប្រឡូកសិល្បៈតាំងពីឆ្នាំ១៩៩៤ ខ្ញុំបានឆ្លងកាត់រឿងជាច្រើន គ្មានអ្វីសំខាន់ជាងការព្យាយាម ទេ ។ បើយើងចង់សម្តែងល្អ ទាល់តែហាត់រៀននៅសាលា មានគ្រូត្រឹមត្រូវ» ។
ក្រោយបរាជ័យលើកដំបូង ដោយគេដកហូតតំណែងតួឯកមក អ្នកនាងប៉ែន សុផានី បានសម្តែងក្នុងរឿងថ្មីមានចំណងជើងថា «បិសាចចម្លែក» ។ អ្នកនាងសុផានី អាចសម្តែងក្នុងរឿងនោះបានដោយសារតែខំហាត់រៀនដោយខ្លួនឯងនៅផ្ទះ ។ ទោះជាសម្តែងបានច្រើនរឿង និងជាយូរឆ្នាំក្តី ពេលនេះអ្នកនាងប៉ែន សុផានី ចាត់ទុកការសម្តែងរបស់ខ្លួន នៅតែមានចន្លោះខ្វះខាត គឺអត់មានអំនួតថាល្អឥតខ្ចោះទេ ។ តារាសម្តែងជើងចាស់រូបនេះនិយាយថា «ឱ្យតែនៅជាតារាសម្តែងគឺនៅតែក្លាយជាតួអង្គឱ្យគេដាក់ពិន្ទុ ។ កាន់តែសម្បូរស្នាដៃ កាន់តែភ័យរឿងគេនិយាយថា សម្តែងយូរទៅខ្សោយទៅ ដូច្នេះហើយទើបខ្ញុំខំតទៅទៀត ។
ខ្ញុំចង់ឱ្យរលកក្រោយយកចំណុចដែលនាងខ្ញុំធ្លាប់ជួបនេះធ្វើជាទុនមួយគិត បើស្រឡាញ់ការងារអាជីពសិល្បៈត្រូវមើលអ្នកមុន» ។
អ្នកនាងបែ៉ន សុផានី ដោយសារតែមានបងប្អូនដល់ទៅ៨នាក់ឯណោះ និងឪពុកម្តាយចាស់ជរា ទើបសម្រេចចិត្តបោះបង់ការសិក្សាត្រឹមអនុវិទ្យាល័យ ហើយចាប់អាជីពជាតារាសម្តែងដើម្បីជួយសម្រួលជីវភាពគ្រួសារ ។ អ្នកនាងប៉ែន សុផានី កន្លងមកបានដកខ្លួនចេញពីពិភពសិល្បៈជិត៥ឆ្នាំ ប៉ុន្តែដោយ អ្វីៗមិនស្ថិតស្ថិរ គឺស្នេហាក៏បាត់បង់ របររកស៊ីក៏មិនកាក់កប ទើបសម្រេចចិត្តត្រឡប់ចូលពិភពសិល្បៈវិញ ។ បច្ចុប្បន្នអ្នកនាងប៉ែន សុផានី លេចមុខច្រើនក្នុងខ្សែវីដេអូភាគតាមទូរទស្សន៍ដោយបានតំណែងជាតួម្តាយ ឬលោកជំទាវ ស្របតាមវ័យរបស់ខ្លួន ៕
ចែករំលែកព័តមាននេះ