ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយផ្ទុះល្បីជាថ្មី ម្ចាស់ភាពយន្តរឿង «កូនប្រសាស្រី» ចេញមុខស្នើសុំរឿងមួយ

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ «​កូនប្រសា​ស្រី​» កំពុង​ទាក់ទាញ​ប្រិ​យ​មិត្ត​អ្នក​ទស្សនា​ឲ្យ​តាមដាន​ជក់​ចិត្តជា​ថ្មី​ម្ដងទៀត ខណៈ​មានការ​ចែកចាយ​យ៉ា​ស​ផុសផុល​លើ​បណ្ដាញ​សង្គម ស្រាប់តែ​ម្ចាស់​ស្នាដៃ​និពន្ធ​អ្នកស្រី ពាន់ ភួង បុប្ផា ចេញ​មុខ​ស្នើរ​សុំ​រឿង​មួយ…

រាជធានីភ្នំពេញ ៖ «​កូនប្រសា​ស្រី​» កំពុង​ទាក់ទាញ​ប្រិ​យ​មិត្ត​អ្នក​ទស្សនា​ឲ្យ​តាមដាន​ជក់​ចិត្តជា​ថ្មី​ម្ដងទៀត ខណៈ​មានការ​ចែកចាយ​យ៉ា​ស​ផុសផុល​លើ​បណ្ដាញ​សង្គម ស្រាប់តែ​ម្ចាស់​ស្នាដៃ​និពន្ធ​អ្នកស្រី ពាន់ ភួង បុប្ផា ចេញ​មុខ​ស្នើរ​សុំ​រឿង​មួយ ។

ជា​ការ​ពិត​ណាស់ ខ្សែភាពយន្ត​ខ្មែរ​រឿង «​កូនប្រសា​ស្រី​» ដែល​ជា​ស្នាដៃ​និពន្ធ និង គ្រប់គ្រង​ផលិត​ដោយ​អ្នកស្រី ពាន់ ភួង បុប្ផា ដែល​ល្បី​កក្រើក​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​កាលពី​១​ទសវត្សរ៍​កន្លង​មក​នោះ ថ្មី​ៗ​នេះ​ត្រូវ​បាន​ផ្ទុះ​ការ​គាំទ្រ​ជា​ថ្មី​ម្ដងទៀត បន្ទាប់​ពី​មានការ​ចែកចាយ​បន្ត​យ៉ាង​ផុសផុល​នៅ​លើ​បណ្ដាញ​សង្គម FaceBook និង Chanel Youtube ។

យ៉ាងណាមិញ ខ្សែភាពយន្ត​ភាគ​ទូរទស្សន៍ «​កូនប្រសា​ស្រី​» ត្រូវ​បាន អ្នកស្រី ពាន់ ភួង​បុប្ផា ជា​ម្ចាស់​កម្ម​សិទ្ធ​បាន​យក​មក​ចាក់​ផ្សាយ​ជា​ថ្មី​ម្តងទៀត តាម​រយៈ Chanel Youtube របស់​អ្នកស្រី ដែល​មានឈ្មោះ​ថា Poan Phoung Bopha Tv និង​ត្រូវ​បាន​បណ្ត​ញ​សង្គម​នានា​ដូច​ជា FaceBook Page និង Chanel Youtube ជា​ច្រើន​ទៀត​ក៏​បាន​ធ្វើការ​យក​ទៅ​ចែករំលែក​បន្ត​រហូត​ផ្ទុះ​ការ​ទស្សនា​យ៉ាង​ខ្លាំង ។

ដោយឡែក ក្រោយ​ផ្ទុះ​ការ​ចែកចាយ​បន្ត​ភ្លូកទឹកភ្លូកដី តាម​រយៈ​ការ​បង្ហោះ​ឡើង​វិញ​ពី​បណ្តាញ​សង្គម​ជា​ច្រើន​នោះ ស្រាប់តែ​កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៤​នេះ អ្នកស្រី ពាន់ ភួង​បុប្ផា ក៏​បាន​ចេញ​មុខ​បង្ហោះ​សារ​សំណូមពរ​ដល់​អ្នក​ចែកចាយ​បន្ត​ជួយ​ដាក់​កម្មសិទ្ធិបញ្ញា​ដល់​អ្នកនិពន្ធ​ផង ។

តាម​រយៈ​សំ​ណេ​រ​ដែល​បង្ហោះ​លើ​បណ្ដា​សង្គម អ្នកស្រី​បាន​សរសេរ​រៀបរាប់​ថា «​ជម្រាបសួរ​ប្រិ​យ​មិត្ត និង​អ្នក​ទស្សនា​ទាំងអស់​គ្នា សូម​អរគុណ​ដែល​តែងតែ​តាមដាន និង​គាំទ្រ​រាល់​ខ្សែភាពយន្ត​របស់​នាង​ខ្ញុំ​កន្លង​មក ។ ដោយសារ​មួយ​រយៈ​នេះ ខ្ញុំ​សង្កេត​ឃើញ​ថា មាន​ផេ​ក​របស់​ក្មួយ​ៗ​មួយ​ចំនួន​បាន​ថតចម្លង​វី​ដេ​អូ​រឿង​«​កូនប្រសា​ស្រី​» យក​ទៅ​ផ្សព្វផ្សាយ​ជា​ច្រើន ដូច្នេះ​ខ្ញុំ​សូម​សំណូមពរ​ឲ្យ​ក្មួយ​ៗ​ដែរ​បាន​យក​វី​ដេ​អូ​រឿង «​កូនប្រសាស្រី​» យក​ផ្សាយ​បន្ត​ជួយ​ដាក់​កម្ម​សិទ្ធ​បញ្ញា​ឲ្យ​ម្ចាស់​ដើម​ផង និង​អរគុណ​ដល់​ក្មួយ​ៗ​ដែល​បាន​ដាក់​រួច​ហើយ ។

អ្នកស្រី​បាន​បន្ត​ថា ជា​ចុងបញ្ចប់​សូម​ជូនពរ​ឲ្យ​អ្នក​ទស្សនា និង​គាំទ្រ​ស្នាដៃ​នាង​ខ្ញុំ​ឲ្យ​ជួប​តែ​សំណាងល្អ និង​រក​ទទួលទាន​មានបាន ហើយ​ក៏​សូម​អរគុណ​ចំពោះ​ការ​គាំទ្រ​រាល់​ស្នាដៃ​ដែល​នាង​ខ្ញុំ​បាន​ផលិត ហើយ​សូម​បន្ត​គាំទ្រ​ទស្សនា​ខ្សែភាពយន្ត​ថ្មី​ៗ​នឹង​មាន​ចាក់​ជា​បន្តបន្ទាប់ សូម​រីករាយ​តាមដាន​ទស្សនា​ជាមួយ​គ្នា​នេះ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាង​នេះ​ទៀត​នោះ អ្នកស្រី​បាន​បង្ហើប​ក៏​ដូច​ជា ប្រាប់​ដំណឹង​ល្អ​ឲ្យ​អ្នកគាំទ្រ​ដឹង​ថា អ្នកស្រី​បាន​ផលិត រឿង​កូនប្រសារ​ស្រី​វគ្គ​ថ្មី​ៗ​រួចរាល់​ហើយ ហើយ​ត្រៀម​នឹង​ចាក់​ផ្សាយ​ឆាប់​ៗ​នេះ ខណៈ​មាន​រហូត​ដល់​ទៅ ៣​រឿង​ឯណោះ ដូច្នេះ​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​ដឹង​តែ​សប្បាយ​ភ្នែក​មើល​ទៀត​ហើយ តើ​បងប្អូន​គាំទ្រ​ឲ្យ​ចេញ​វគ្គ​ថ្មី​ទេ ?​៕ អត្ថបទ​៖ រៀម រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ