រាជធានីភ្នំពេញ ៖ តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម បានស្នើឲ្យមហាជនងាកមកជួយគាំទ្រសិល្បៈ និងវប្បធម៌របស់ខ្មែរយើងឲ្យបានច្រើនជាងមុន ជាជាងអោយតម្លៃទៅប្រទេសផ្សេង ហើយមើលរំលងតម្លៃសិល្បៈក្នុងប្រទេសខ្លួនឯង ។
ការលើកឡើងខាងលើរបស់អ្នកនាង ខាត់ សុឃីម នាពេលនេះ បានធ្វើឡើង បន្ទាប់ពីជម្លោះក្នុងវិស័យបវរកញ្ញារវាងស្ថាប័ននៅកម្ពុជា និងភាគីថៃ ដែលជារឿងរ៉ាវមួយកំពុងផ្ទុះកក្រើកយ៉ាងក្តៅគគុកតាមបណ្តាញសង្គម ។
ជម្លោះមួយនេះ មិនត្រឹមបានធ្វើឲ្យមហាជនផ្ទុះកំហឹងនោះឡើយ ពោលគេក៏ឃើញមានអ្នកសិល្បៈជាច្រើនក៏បានចេញមុខសម្តែងការមិនពេញចំពោះទង្វើពីក្រុមការងាររបស់ស្ថាប័នថៃ ដែលបានធ្វើរឿងមិនគប្បីមកក្រុមការងារនៅកម្ពុជាជាមួយនឹងការប្រើប្រាស់សកម្មភាព និងពាក្យសំដីមិនសមរម្យមួយចំនួនធ្វើអោយប៉ះពាល់មកលើមុខមាត់ប្រទេសកម្ពុជា ។
ស្របពេលដែលមានចេញមុខសម្តែងមតិមិនពេញចិត្តនាពេលនេះ តារាចម្រៀងនិងសម្តែង អ្នកនាង ខាត់ សុឃីម បានចេញមុខសម្តែងការមិនពេញចិត្តចំពោះរឿងខាងលើនេះដូចគ្នា ខណៈពេលដែលអ្នកនាងក៏បានស្នើដល់មហាជនបងប្អូនខ្មែរ គួរតែងាកមកអោយតម្លៃដល់សិល្បៈវប្បធម៌ខ្មែរយើងឲ្យបានច្រើនជាងមុន ក្រោយមានជម្លោះនេះកើតឡើង ។
តាមរយៈសំណេរដែលបានសសេរបង្ហោះតាមបណ្តាញសង្គមអ្នកនាង ខាត់ សុឃីម បានលើកឡើងថា បន្ទាប់ពីមានរឿងជម្លោះរវាងអ្នកផលិតកម្មវិធី MGI សង្ឃឹមបងប្អូនខ្មែរយើងគួរអោយតំលៃខ្លួនឯងឱ្យតំលៃប្រទេសយើង ឱ្យតំលៃសិល្បៈខ្មែរយើង តំលៃវប្បធម៍ខ្មែរយើង តំលៃទឹកដីអច្ឆរិយៈរបស់ខ្មែរយើងអោយបានច្រើនជាងមុន ប្រសើរជាងអោយតំលៃទៅប្រទេសផ្សេង ជាពិសេស គឺអ្នកសិល្បៈយើងតែម្តង។
អ្នកនាងបញ្ជាក់ថា ខ្ញុំសង្កេតឃើញថា ប្រជាជនខ្មែរយើងអិយតំលៃអ្នកសិល្បៈប្រទេសគេខ្លាំងពេករហូតមើលរំលងតំលៃអ្នកសិល្បៈក្នុងប្រទេស គឺមិនសូវអោយតំលៃអ្នកសិល្បៈខ្មែរយើងទេ ជាពិសេស គឺបងៗខាងonlineធំៗ គឺភាគច្រើនយកតារាប្រទេសគេមក ជាពិសេស គឺតារាមកពីប្រទេសថៃ គឺលើកដំកើនគេឡើងផុតក្បាល ដល់សិល្បៈខ្មែរយើងបានត្រឹមអមៗគេ ពេលខ្លះសឹងតែមិនមានកន្លែងឈរផង។
បើតាមអ្នកនាង ខាត់ សុឃីម ខ្ញុំមិនបានហាមមិនអោយគាំទ្ររតារាក្រៅស្រុកទេ ស្រលាញ់គាំទ្រជាសិទ្ធិ របស់បងប្អូនទេ តែគ្រាន់តែគួរអោយតំលៃអ្នកសិល្បៈខ្មែរយើងជាមុន ព្រោះអ្នកសិល្បៈខ្មែរគឺជាជាតិសាន៍មានឈាមជាខ្មៃរដូចគ្នា ដូចនេះ យើងត្រូវលើកតំកើន កាន់ជើងខ្មែរយើងមុនហើយ ។
ដូចនេះ គ្មានអីជាងការអោយតំលៃសំរាប់អ្នកសិល្បៈខ្មែរជាមុន ទើបអ្នកដទៃមិនអាចមើលងាយ ជាន់យើងបាន ជាពិសេស អ្នកគាំទ្រគឺដើរតួនាទីសំខាន់ជាងគេ ក្នុងការលើកតំកើនគាំទ្រអ្នក សិល្បៈយើងអោយខ្លាំងដូចយើងគាំទ្រអ្នកសិល្បៈប្រទេសគេ នោះអ្នកសិល្បៈខ្មៃរយើងក៏មានតំលៃ ក៏មានទីផ្សារ ក៏លែងឯការជាពិសេសរឹតតែមានឥទ្ធិពលនៅពេលយើងទៅប្រទេសផ្សេងៗ ។
ចែករំលែកព័តមាននេះ