ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​ណាស់ ! ស៊ី​ន យូ​ប៊ី​ន បង្ហាញ​ឈុត​រំលេច​រូប​ល្ខោន​ស្រមោល​ស្បែក​ធំ​ដើរ​លើ​កម្រាលព្រំ

7 ខែ មុន

ជា​ថ្មី​ម្ដងទៀត​តារា​សម្ដែង​នាង ស៊ី​ន យូ​ប៊ី​ន បាន​បង្ហាញ​ឈុត​ទី​៣​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា «​នារី​ចម្បាំង​ព្រះ​មហានគរ​ឥន្ទ្រ​ប្រ​ត្ថ​ព្រះ​ពិស្ណុលោក​» ដែល​មាន​រំលេច​នូវ​រូប​ល្ខោន​ស្រមោល​ស្បែក​ធំ ដើរ​លើ​កម្រាលព្រំ​កម្មវិធី the77th cannes film…

ជា​ថ្មី​ម្ដងទៀត​តារា​សម្ដែង​នាង ស៊ី​ន យូ​ប៊ី​ន បាន​បង្ហាញ​ឈុត​ទី​៣​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា «​នារី​ចម្បាំង​ព្រះ​មហានគរ​ឥន្ទ្រ​ប្រ​ត្ថ​ព្រះ​ពិស្ណុលោក​» ដែល​មាន​រំលេច​នូវ​រូប​ល្ខោន​ស្រមោល​ស្បែក​ធំ ដើរ​លើ​កម្រាលព្រំ​កម្មវិធី the77th cannes film festival ទីក្រុង​កាន​ប្រទេស​បារាំង យ៉ាង​ទាក់ទាញ ។

ការ​បង្ហាញ​ឈុត​មួយ​នេះ​ត្រូវ​បាន​ចាត់ទុកជា​មោទនភាព​មួយ​សម្រាប់​អ្នកសិល្បៈ​ខ្មែរ​និយាយ​ជា​រួម និង​និយាយ​ដោយឡែក​សម្រាប់ ស៊ី​ន យូ​ប៊ី​ន ផ្ទាល់​ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ​សិ​ល្បះ​វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់​កម្ពុជា​ទៅ​កាន់​ពិភពលោក​ឱ្យ​បាន​ស្គាល់​កាន់តែ​ច្បាស់ ។

ជាមួយនឹង​ការ​បង្ហាញ​ឈុត​ខាងលើ​ដើរ​លើ​កម្រាលព្រំ​នៃ​កម្មវិធី​លំដាប់​ពិភពលោក​ខាងលើ​នេះ ស៊ី​ន យូ​ប៊ី​ន បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា ឈុត​ទី​៣​លើ​កម្រាលព្រំ the77th cannes film festival ទីក្រុង​កាន​ប្រទេស​បារាំង ឈុត​“​នារី​ចម្បាំង​ព្រះ​មហានគរ​ឥន្ទ្រ​ប្រ​ត្ថ​ព្រះ​ពិស្ណុលោក​“ មិនមែន​ច្បាំង​តែ​លើ​សឹកសង្គ្រាម​តែ​ច្បាំង​និង​ចំនេះ​វិ​ជ្ចា ច្បាំង​និង​ភាព​ទន់ខ្សោយ​និង​ភាព​ភ័យ​ខ្លាច​របស់​ខ្លួនឯង​ដូច​គ្នា ។

នាង​បញ្ជាក់​ថា ឈុត​នេះ​នាង​ខ្ញុំ​ចង់​បង្ហាញ​ពី​ភាពរឹងមាំ​តែ​មិន​រឹងរូស ទន់ភ្លន់​តែ​មិន​ទន់ជ្រាយ​របស់​ស្ត្រី​ខ្មែរ ដែល​មានការ​បូក​បញ្ចូល ល្ខោន​ស្រមោល​ស្បែក​ធំ​របស់​ខ្មែរ ដែល​បាន​ចុះបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ឆ្នាំ​២០០៥ របស់​អង្គការ​យូ​ណេ​ស្កូ​។​បើ​តាម ស៊ី​ន យូ​ប៊ី​ន នេះ​ជា​ចំណែក​តូច​មួយ​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​វប្បធម៌​ដ៏​ផូរផង់​របស់​កម្ពុជា​ទៅ​កាន់​ពិភពលោក​ដែល​នាង​ខ្ញុំ​អាច​ធ្វើ​បាន​បើ​មាន​ខ្វះចន្លោះ​ត្រង់​ណា​សូម​មេត្តា​ខន្តី​អភ័យទោស​ទុកជា​មុន​និង​សូម​គោរព​អរគុណ​ប្រជាជន​កម្ពុជា​ទាំងអស់​ដែល​ផ្តល់​កម្លាំងចិត្ត​ពី​ចម្ងាយ ។

ជា​ការ​កត់សម្គាល់ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​តារា​សម្ដែង​រូប​ស្រស់​នាង ស៊ី​ន យូ​ប៊ី​ន បង្ហាញ​ឈុត​ដោយ​មាន​រចនា​បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរ​សម្រាប់​គ្រង​បង្ហាញ ក្នុង​ពេល​ដែល​នាង​បាន​ចូលរួម​ក្នុង​កម្មវិធី​ធំ​ៗ​ជា​អន្តរជាតិ ។

កន្លង​មក​កាលពី​អំឡុង​ពេល​ដែល​នាង​បាន​ចូលរួម​កម្មវិធី​ដូច​គ្នា​ខាងលើ​នា​ឆ្នាំ​២០២៣ តារា​ស្រី​រូប​នេះ​បាន​បង្ហាញ​ឈុត​ប្រណីត​ចំនួន​ទ​៤ សម្រាប់​ស្លៀក​ចូលរួម​ដោយនៅ​ក្នុង​នោះ​មាន​ឈុត​មួយ​ដែល​ត្រូវ​បាន​រចនា​ដោយ​ស្បៃ​ភ្ជាប់​ដោយ​រូប​ទង់ជាតិ​ប្រទេស​កម្ពុជា លម្អ​ដោយ​គ្រឿងអលង្ការ​ប្រណីត​នៃ​រូប​សត្វ​នាគរាជ និង​ផ្ការំដួល ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​របស់​ខ្មែរ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា សម្រាប់​ឆ្នាំ​នេះ​មិនមែន​មាន​តែ​នាង ស៊ី​ន យូ​ប៊ី​ន ដែល​ជា​សិល្បករ​កម្ពុជា​លេច​វត្តមាន​ដើរ​លើ​កម្រាលព្រំ​ក្រហម Cannes Film Festival 2024 តែ​នាង​បាន​បើកទ្វារ​អន្តរជាតិ​សម្រាប់​កម្ពុជា​កាន់តែ​ទូលំទូលាយ​ជាង​មុន ដោយ​ឆ្នាំ​២០២៤​នេះ មាន​សិល្បករ និង​បុគ្គល​មាន​ឥទ្ធិពល​៥​រូប​ផ្សេង​ទៀត ក្នុង​នោះ​ក៏​មាន​ប្អូនស្រី​របស់​នាង​គឺ​តារា​សម្ដែង​នាង ស៊ី​ន ជេន​នី ក៏​ត្រូវ​បាន​ផ្តល់​ឱកាស​បោះ​ជំហាន​លើ​កម្រាលព្រំ​ក្រហម​ទីក្រុង​កាន​នា​ពេល​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ