ខេត្តកំពង់ឆ្នាំង ក្នុងក្នុងរយៈពេល៣ថ្ងៃ នៃការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង មានភ្ញៀវជាតិអន្តរជាតិចូលរួមលេងកម្សាន្តជាង៣៤ម៉ឺននាក់ ។ នេះជារបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ។
លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា សង្ក្រាន្តឆ្នាំថ្មីឆ្នាំ ២០២៤ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីមានភ្ញៀវទេសចរមកលេងកម្សាន្តចំនួន ៣៤០ ៤៧១ នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន ១៨២ នាក់ ។ ភ្ញៀវដែលមកលេងកម្សាន្តឡើងជាងគេ គឺក្នុងក្រុងកំពង់ឆ្នាំង ដែលរដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបចំឲ្យមានទីកម្សាន្តចំនួន3 កន្លែង គឺសួនច្បារ ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុករ៉ាប៊ុន នៅមុខសាលាខេត្តមួយកន្លែង រង្វង់មូល៣នាក់ជិត ស្ថានីយ៍តេលាមួយកន្លែង និងតំបន់ត្រជាក់ពីផ្សារលើទៅផ្សារក្រោមមួយកន្លែង ។
ដោយឡែកនៅតាមរមណីយដ្ឋាននានាដូចជា ទឹកធ្លាក់ស្រែអំពិល ទឹកធ្លាក់ថ្មក្រាល និងទឹកធ្លាក់អន្លង់ស្វាយ ស្រុកទឹកផុស ក៏មានភ្ញៀវច្រើនបង្គួរផងដែរ ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ការរៀបចំសង្ក្រាន្តរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងឆ្នាំនេះមានភ្ញៀវទេសចរចូលរួមលេងកម្សាន្តច្រើនជាងឆ្នាំកន្លងទៅដោយសារតែសន្តិសុខសុវត្ថិភាព និងជំងឺកូវីដបានស្ងប់ស្ងាត់ ។
សូមបញ្ជាក់ថា អ្វីដែលចំណាប់អារម្មណ៍ជាងគេ គឺឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានដឹកនាំលេងកម្សាន្តដោយផ្ទាល់ ពិសេសនៅតំបន់ត្រជាក់ដែលធ្វើឲ្យប្រជាពលរដ្ឋចូលរួម លេងកម្សាន្ត សប្បាយរីករាយ និងប្រកបដោយភាពស្និទ្ធស្នាលយ៉ាងក្រៃលែង ៕
ចែករំលែកព័តមាននេះ