រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ហ្គោកឺឡាំងដេប៉ាលីយែរ លក្ខិណា នាយកគ្រប់គ្រងនៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឯកភាពគ្នាជំរុញការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជនកម្ពុជា ដើម្បីទទួលបានជំនាញជាក់លាក់ សម្រាប់ទីផ្សារការងារ ។ ការឯកភាពនេះ ធ្វើឡើងក្នុងជំនួបរវាងឯកឧត្តមរដ្ឋមន្ត្រី និងនាយកគ្រប់គ្រងនៃអង្គការ PSE ដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់ក្រុមយុវជនឱ្យមានជំនាញបច្ចេកទេសវិជ្ជាជីវៈ ដើម្បីបម្រើដល់តម្រូវការ លើជំនាញបច្ចេកទេសពីវិស័យឯកជន ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីភាពបត់បែន និងរស់រវើករបស់នៃការបណ្តុះបណ្តាលបច្ចេកទេស ដែលក្រសួងបានដាក់ចេញនាពេលបច្ចុប្បន្ន ដែលជាការគិតគូរយ៉ាងយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ដោយឡែក លោកស្រី នាយកគ្រប់គ្រងនៃអង្គការ PSE បានជម្រាបឯកឧត្តមរដ្ឋមន្ត្រីអំពីផែនការសកកម្មភាពអាទិភាព របស់អង្គការលើផែនការយុទ្ធសាស្ត្រ ស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដែលអង្គការបាននឹងកំពុងបណ្តុះបណ្តាល លើជំនាញសំខាន់ៗចំនួន ៧ ដែលបានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់សិក្ខាកាមប្រមាណ ១៥០០ នាក់នាពេលបច្ចុប្បន្ន ។ ជំនាញទាំង៧ នោះរួមមាន មេកានិក សំណង់ ភាពយន្ត និងសណ្ឋាគារ និងបដិសណ្ឋារកិច្ចជាដើម ។
បន្ថែមពីនេះ លោកស្រី នាយកគ្រប់គ្រង បានបញ្ជាក់បន្ថែមជូនរដ្ឋមន្ត្រីដែរថា ក្នុងផែនការមេរបស់អង្គការរយៈពេល៥ឆ្នាំទៅមុខក៏ផ្តោតលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផងដែរ ។
យ៉ាងណាក៏ដោយភាគីទាំងពីរ បានឯកភាពគ្នាជំរុញការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជនឱ្យមានជំនាញជាក់លាក់ ដើម្បីក្លាយជាកម្លាំងពលកម្មយ៉ាងសកម្ម ក្នុងសង្វាក់ផលិតកម្មសេដ្ឋកិច្ចរបស់កម្ពុជា ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ