រាជធានីភ្នំពេញ៖ ពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការប្រទេសថៃសប្បាយចិត្ត និងចេញសារថ្លែងអំណរគុណយ៉ាងផុសផុលដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការចរចារជាមួយរាជរដ្ឋាភិបាលថៃ ក្នុងការមិនយកថ្លៃលើការធ្វើដំណើរទៅវិញទៅមក (Re-Entry) ក្នុងអំឡុងចូលឆ្នាំខ្មែរខាងមុខនេះ ។
ការចេញសារថ្លែងអំណរគុណបែបនេះបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំប្រតិភូកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានចរចាជាមួយភាគីថៃ ក្នុងការសម្រេចមិនយកថ្លៃលើការធ្វើដំណើរទៅវិញទៅមកនេះ រយៈពេលពេញមួយខែមេសា ។
លោក ប៊ុល ចិត្រា ជាពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រុមហ៊ុនស៊ីភី ខេត្តនគររាជសីម៉ា ប្រទេសថៃ បានលើកឡើងថា៖ «ខ្ញុំសូមសម្ដែងការសប្បាយរីករាយយ៉ាងខ្លាំង ដោយបានទទួលព័ត៌មានថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចរចារជាមួយរដ្ឋាភិបាលថៃ ដោយមិនយកលុយលើការធ្វើដំណើរទៅវិញទៅមក (Re-Entry) ក្នុងអំឡុងចូលឆ្នាំខ្មែរខាងមុខនេះ សម្រាប់បងប្អូនខ្មែរយើងដែលនឹងធ្វើដំណើរត្រឡប់ទៅលេងស្រុកកំណើត» ។
កញ្ញា សួន ស្រីនិច ជាពលករខ្មែរ រស់នៅទីក្រុងបាងកក ប្រទេសថៃ បានបញ្ជាក់ថា ៖ «ក្នុងនាមជាពលករខ្មែរមួយរូបដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ខ្ញុំសូមអរគុណរាជរដ្ឋាភិបាលកម្ពុជា និងសូមជូនពរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវជួបតែសេចក្តីសុខ ពុទ្ធពរទាំងបួនប្រការ និងដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចំរើនថែមទៀត» ។
នៅក្នុងពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» និងដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨» នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងថៃបានសម្រេចមិនយកថ្លៃទិដ្ឋាការចេញ-ចូលប្រទេសថៃ (Re-Entry) ដើម្បីកាត់បន្ថយការចំណាយពលករខ្មែរ ដែលនឹងធ្វើដំណើរត្រលប់មកកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ ។ កន្លងមករាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានស្នើសុំបញ្ចុះតម្លៃទិដ្ឋាការចេញ-ចូល ប្រទេសថៃពី១៩០០បាត មកត្រឹម៥០០បាត។ ប៉ុន្តែពេលនេះតម្លៃទិដ្ឋាការនេះត្រូវបានសម្រេចមិនយកឡើយ សម្រាប់រយៈពេលពេញមួយខែមេសាខាងមុខ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ