ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វណ្ណដា សិល្បករកម្ពុជាដំបូងគេដែលបានជាប់ឈ្មោះនៅក្នុងបញ្ជី “the 30 Under 30 Asia list – Class of 2023” របស់ទស្សនាវដ្តី Forbes

1 ឆ្នាំ មុន

តារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា (VannDa) ជាសិល្បករកម្ពុជាដំបូងគេ ដែលបានជាប់ឈ្មោះនៅក្នុងបញ្ជី the 30 Under 30…

តារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា (VannDa) ជាសិល្បករកម្ពុជាដំបូងគេ ដែលបានជាប់ឈ្មោះនៅក្នុងបញ្ជី the 30 Under 30 ” Asia-Pacific’s Brightest Music And Sports Stars Of 2023″ ដែលសំដៅលើសិល្បករ និងអត្តពលិក ​អាយុក្រោម ៣០ឆ្នាំ ដែល​មាន​ឥទ្ធិពល​នៅអាស៊ីប៉ាស៊ីហ្វិក ក្នុងឆ្នាំ២០២៣ ដោយទស្សនាវដ្តីអាមេរិក Forbes។

ក្នុងអត្ថបទទស្សនាវដ្តីអាមេរិកនេះបានសរសេររៀបរាប់ថា វណ្ណដា មានឈ្មោះបោះសំឡេងដោយសារភាពប៉ិនប្រសព្ធទាំងការច្រៀង ការនិពន្ធ និងការរួមបញ្ចូលឧបករណ៍ប្រពៃណីទៅក្នុងចម្រៀងស្នាដៃសម័យថ្មី ដែលធ្វើឱ្យគាត់មានភាពល្បីល្បាញទាំងនៅក្នុងតំបន់ អាចចេញទៅបញ្ចេញសមត្ថភាពនៅប្រទេសថៃ និងសិង្ហបុរី បន្ទាប់ពីបានចេញអាល់ប៊ុមទីពីររបស់គាត់ Skull 2 ​​(Season 1) កាលពីខែមិថុនា។

ថ្មីៗនេះ វណ្ណដា ទទួលបានការចូលមើល ១០០ លានដងនៅលើ YouTube ជាមួយនឹងបទដ៏ធំបំផុតរបស់គាត់គឺ «Time to Rise» ដែលមានលោកគ្រូ គង់ ណៃ អ្នកឯកទេសផ្នែកភ្លេងបុរាណខ្មែរ និងជាតន្ត្រីករម្នាក់ក្នុងចំណោមតន្ត្រីករជើងចាស់ជាច្រើនទៀត ដែលបានរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ បន្ទាប់ពីចុះកុងត្រាជាមួយផលិតកម្ម Baramey Production ក្នុងឆ្នាំ២០១៩ វណ្ណដា បានបន្តសហការជាមួយតារារ៉េបថៃ OG Bobby និង F.HERO ល។

ក្រោយពីជាប់ក្នុងបញ្ជី Asia-Pacific’s Brightest Music And Sports Stars Of 2023 វណ្ណដា បានបង្ហាញពីអារម្មណ៍រំភើប ដោយលោកបានសរសេររៀបរាប់ថា៖ «ខ្ញុំពិតជាចង់អរគុណទៅកាន់អ្នកទាំងអស់គ្នាមុនគេសម្រាប់ការគាំទ្រដ៏ខ្លាំងក្លាមួយនេះ, បើសិនជាគ្មានអ្នកក៏គ្មាន VANNDA នៅពេលនេះដែរ អរគុណខ្លាំងមែនទែនទៅកាន់ Forbes ! អរគុណចំពោះវត្តមានខ្ញុំនៅក្នុង “the 30 Under 30 Asia list – Class of 2023″»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ