រាជធានីភ្នំពេញ ៖ ក្នុងបន្ទប់ជួលតូចមួយ ជិតតំបន់រោងចក្រ ក្រុងតាខ្មៅ ខេត្តកណ្តាល តារាសម្តែងតួឆ្នាស់ឆ្នើម ស្វែង សុជាតា ដែលធ្លាប់ទទួលពានអាណាចក្រតារា ហាក់ប្រែប្រួលជីវិតយ៉ាងខ្លាំងដោយបាត់បង់មនុស្សដែលនៅជុំវិញខ្លួន ពិសេសស្វាមី និងកូន ជួបជីវិតតោកយ៉ាក បែកបាក់គូស្នេហ៍ជាបន្តបន្ទាប់ ហើយធ្លាក់ខ្លួនឈឺធ្ងន់ដែលជាកត្តារុញច្រានជីវិតនាងឱ្យកាន់តែស្ថិតក្នុងភាពលំបាក។
ជីវិតនាងដែលធ្លាប់ហក់ឡើងខ្ពស់នេះមិនខុសពីតារាចម្រៀងយេៗ អ៊ុំ គន្ធា ប៉ុន្មានឡើយ ដោយប្រែពីជីវិតធ្លាប់ហ៊ឺហា ឡូយឆាយ និងជាថៅកែកុន ជំនួសមកវិញដោយការរស់នៅក្នុងបន្ទប់ជួលដែលមានតម្លៃទាបសម្រាប់កម្មកររោងចក្រទៅវិញ។
ទោះជាយ៉ាងណា នាងនៅតែទទួលការអាណិតស្រលាញ់ពីសំណាក់អ្នករួមអាជីព សប្បុរសជន និងអ្នកគាំទ្រ ចង់ឲ្យនាងខិតខំប្រឹងប្រែងបន្តប្រឡូកក្នុងអាជីពសិល្បៈ។ ក្រោយពីជាសះស្បើយ និងវិលមកកាន់ការងារសិល្បៈកាលពីពេលថ្មីៗនេះ នាងបានធ្វើឲ្យអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលក្រោយពីមានការសិល្បករទម្លាយអំពីការធ្លាក់ក្នុងភាពលំបាកជាមួយនឹងជីវភាពខ្វះមុខ ខ្វះក្រោយ និងត្រូវរស់នៅក្នុងផ្ទះជួលតូចចង្អៀត។
ស្ថានភាពដែលធ្វើឲ្យតារាសម្តែងរូបនេះក្រឡាប់ចាក់ស្ទើតែ១៨០អង្សារនេះ គឺក្រោយពីនាងលែងលះស្វាមី មានទំនាស់ជាមួយគូស្នេហ៍ រងការបាញ់ប្រហារហូតដល់បាក់ដៃ និងជួបនឹងជំងឺផ្នែកខួរក្បាលរ៉ាំរ៉ៃជាដើម។ ជាក់ស្តែងថ្មីៗនេះតារាចម្រៀង របស់ផលិតកម្ម M លោក វិជ្ជបុត្រ បាននាំយកទូរស័ព្ទ១គ្រឿង និងប្រាក់មួយចំនួនទៅជូនតារាសម្ដែងជើងចាស់ អ្នកនាង ស្វែង សុជាតា ដែលកំពុងស្នាក់នៅបន្ទប់ជួលមួយក្នុងក្រុងតាខ្មៅ ។
អំណោយដែលតារាចម្រៀង វិជ្ជបុត្រ យកទៅជូននោះ រួមមានទឹកប្រាក់ ៣៦០ដុល្លារ ប៉ុន្តែដកយកមកទិញទូរស័ព្ទ Smartphone ១គ្រឿងតម្លៃ១៥០ដុល្លារ។ លោក វិជ្ជបុត្រ បានប្រាប់ថា អំណោយទាំងនេះ គឺជាការផ្ដល់ជូនពីបងប្អូនខ្មែររស់នៅក្រៅប្រទេសផ្ញើតាមរយៈលោក ដើម្បីចែកជូនអ្នកនាង ស្វែង សុជាតា បន្ទាប់ពីសប្បុរសជនទាំងអស់នោះទទួលដំណឹងថា តារាសម្ដែងរូបនេះធ្លាក់ខ្លួនឈឺធ្ងន់ ហើយកំពុងជួបបញ្ហាជីវភាព។
តារាចម្រៀងក្នុងផលិតកម្ម M រូបនេះបានបន្តឲ្យដឹងថា ទោះបីជាអំណោយខាងលើមានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយសម្រួលទុក្ខលំបាកមួយគ្រា ដល់អ្នកនាង ស្វែង សុជាតា ផងដែរ។ ជាមួយគ្នានោះដែរ តារាចម្រៀងពន្លកថ្មីដែលចូលចិត្តធ្វើបុណ្យរូបនេះ ប្រាប់ថាលោកនឹងព្យាយាមកៀងគរសប្បុរសជនផ្សេងៗទៀត ដើម្បីស្វែងរកមូលនិធិយកមកជូនអ្នកនាងស្វែង សុជាតា បន្ថែមទៀត។
ម្ចាស់ពានអាណាចក្រតារារូបនេះបានបញ្ជាក់ថា នាងសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់អ្នកទាំងអស់គ្នាដែលតែងតែជួយដល់រូបនាងខ្ញុំជានិច្ច បន្ទាប់ពីដឹងថា នាងត្រឡប់ចូលក្នុងវិថីសិល្បៈវិញក្រោយជួបជំងឺរ៉ាំរ៉ៃជាងពីរឆ្នាំមកនេះ។ នាងបន្តថា មិនដឹងជារកពាក្យអ្វីដើម្បីមកឆ្លើយតបទៅនឹងទឹកចិត្តដ៏សប្បុរសរបស់អ្នកទាំងអស់គ្នាបានឡើយក្រៅពីពាក្យថាអរគុណ។
នាង ថ្លែងថា ដរាបណានាងនៅមានជីវិត គឺនៅតែមានក្ដីសង្ឃឹម ។ នាងនិយាយថា នឹងព្យាយាមស្វែងរកទ្រព្យទាំងនោះមកវិញ ហើយនាងនឹងខិតខំប្រឹងប្រែងមិនឲ្យអ្នកគាំទ្រអស់សង្ឃឹមនោះទេ ។ នាងក៏នឹងបង្ហាញជំហក្នុងការចូលរួមថតខ្សែភាពយន្តថ្មីៗមួយចំនួននៅពេលដ៏ខ្លីខាងមុខនេះ៕
ចែករំលែកព័តមាននេះ