ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យជួញដូរគ្រឿងញៀន៦នាក់ ក្នុងនោះស្រីម្នាក់ ត្រូវកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលអធិការដ្ឋានក្រុងសិរីសោភ័ណ ចុះបង្រ្កាបនិងឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី២២ មករា ២០១៤ នៅចំណុចផ្ទះសំណាក់មួយកន្លែងស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
លោកវរសេនីយ៍ទោ ស៊ិន ធិនដេត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ដោយអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់និងតាមបទ បញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ព្រមទាំងការណែនាំផ្ទាល់ពីលោវរសេនីយ៍ស្នងការរង ទទួលបន្ទុកការិយាល័យកណ្តាលប្រឆាំងបទល្មើស បានឲ្យកម្លាំងជំនាញរបស់លោក សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ក្នុងការចុះបង្ក្រាបបទល្មើសជួញដូរសារធាតុញៀនខុសច្បាប់ ចាប់ពីទ្រង់ទ្រាយតូចដល់ទ្រង់ទ្រាយធំ ។
ជាមួយគ្នានោះ កម្លាំងជំនាញបានសហការជាមួយកម្លាំងនគរបាលអធិការដ្ឋានក្រុងសិរីសោភ័ណ ចុះបង្រ្កាបករណីជួញដូរសារធាតុញៀននិងចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិថៃឈ្មោះ ចំប៉ាលឿង សានិតហៅថៃ អាត ភេទប្រុសអាយុ៣០ឆ្នាំ មានស្រុកកំណើត នៅភូមិណងថានថា ឃុំសូភីសី ស្រុក-ខេត្តណងខាយ បច្ចុប្បន្នស្នាក់នៅ ភូមិគាប សង្កាត់អូរអំបិល ក្រុងសិរីសាភ័ណ ។ ជននេះ គឺត្រូវធ្លាប់បានជាប់ពន្ធនាគាររយៈពេល២ឆ្នាំម្តងហើយ ពីបទជួញដូរគ្រឿងញៀន តែនៅមិនរាងចាលចេញពីពន្ធនាគារនៅតែប្រព្រឹត្តអំពើល្មើសច្បាប់នេះថែម។ ការចាប់ឃាត់ខ្លួននេះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងថ្នាំញៀនមេតំហ្វេតាមីន(ICE ទឹកកក) ចំនួន២៩កូនថង់ប្លាស្ទិកមានទម្ងន់១០,៥ក្រាម ,ទូរស័ព្ទដៃ០៣គ្រឿង ,ទែម៉ូម៉ែត្រ០២ ,ដែកកេះ២ ,ជញ្ជីងពណ៌ខ្មៅសម្រាប់ថ្លឹងគ្រឿងញៀន០១ ។
លោកនាយការិយាល័យ បញ្ជាក់ថា ក្នុងសកម្មភាពបង្រ្កាបនេះ កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនអ្នកប្រើប្រាស់ចំនួន៥នាក់បន្ថែមទៀត ដែលមកទិញថ្នាំញៀនពីឈ្មោះ ចំប៉ាលឿង សានិត ហៅថៃ អាត ជាបន្តបន្ទាប់ ក្នុងនោះ១-ឈ្មោះសូវ ប៊ុនហួង ភេទប្រុស អាយុ២២ឆ្នាំ ,២-ឈ្មោះ ខឿន ខេមរ៉ា ហៅតូ ភេទប្រុស អាយុ២៥ឆ្នាំ,៣-ឈ្មោះសេង រស្មី ហៅម៉ី ភេទប្រុស អាយុ១៩ឆ្នាំ ,៤-ឈ្មោះសុង សម្ផស្ស ភេទស្រី អាយុ១៨ឆ្នាំ និង៥-ឈ្មោះ វ៉ាន់ ម៉ារ៉ាឌី ភេទប្រុសអាយុ២២ឆ្នាំ ៕
ចែករំលែកព័តមាននេះ