ខេត្តប៉ៃលិន ៖ ជាងសិប្បកម្មម្នាក់បានរងរបួសបែកក្បាលផ្នែកខាងក្រោយ ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ តែស្ថិតក្នុងសភាពធ្ងន់ធ្ងរត្រូវគេបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង ដោយសារបុរសរងគ្រោះយកក្រមាបង់រុំ.ក រួចធ្វើការឈូសឈើធ្វើតុទូ និងគ្រែ ក្នុងរោងសិប្បកម្មឲ្យថៅកែម្នាក់ លុះពេលជាយក្រមាធ្លាក់ទៅប៉ះនឹងកង់ម៉ូទ័រម៉ាស៊ីនឈូសឈើ បណ្តាលឲ្យទាញក្រមាបោកក្បាលទៅនឹងកង់ម៉ូទ័រយ៉ាងពេញទំហឹងរងរបួសធ្ងន់តែម្តង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០នាទី រសៀលថ្ងៃទី២២ មករា ២០១៤ ស្ថិតនៅក្នុងរោងសិប្បកម្មមួយក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ បុរសរងគ្រោះឈ្មោះ ឈិត ឆៃ អាយុ ២១ឆ្នាំ ជាជាងឈូសឈើធ្វើតុទូ រងរបួសធ្ងន់ធ្ងរមានសង្ឃឹមរស់តិចតួច។ រហូតមកដល់ពេលនេះ គេមិនទាន់ដឹងពីសភាពជនរងគ្រោះយ៉ាងណានៅឡើយ ព្រោះអ្នកយកព័ត៌មានមិនអាចទាក់ទងសួរនាំក្រុមគ្រួសារជនរងគ្រោះបាន ដោយសារតែបិទទូរស័ព្ទ៕


ចែករំលែកព័តមាននេះ