ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ឌុប​2​គ្រឿង​ដឹក​អុស​បង្កប់​ឈើ​ប្រណីត​ពី​ក្រោម​

10 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ រថយន្ត​យីឌុប​២គ្រឿង​ដឹក​ឈើ​ប្រណីត​បាន​បើក​ចេញ​ពី​ក្រុម​ហ៊ុន​មួយ​ស្ថិត​ក្នុង​ឃុំ​រំដោះស្រែ​ ស្រុក​ជាំ​ក្សាន្ត​ ដែល​ក្នុង​នោះ​រថយន្ត​​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​កំពង់ចាម​ 3A-3026 និង​មួយ​គ្រឿងទៀត​ពាក់​ស្លាក​លេខ​ពោធិ៍​សាត់​ 3A-0022 ។​

ខេត្ត​ព្រះ​វិហារ​ ៖ រថយន្ត​យីឌុប​២គ្រឿង​ដឹក​ឈើ​ប្រណីត​បាន​បើក​ចេញ​ពី​ក្រុម​ហ៊ុន​មួយ​ស្ថិត​ក្នុង​ឃុំ​រំដោះស្រែ​ ស្រុក​ជាំ​ក្សាន្ត​ ដែល​ក្នុង​នោះ​រថយន្ត​​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​កំពង់ចាម​ 3A-3026 និង​មួយ​គ្រឿងទៀត​ពាក់​ស្លាក​លេខ​ពោធិ៍​សាត់​ 3A-0022 ។​ 

រថយន្តទាំង​ពីរគ្រឿង​ខាង​លើ​នេះ​បាន​លួច​បន្លំ​ដឹក​ឈើ​អុស​ពី​លើ​​បង្កប់​ឈើ​ប្រណីត​ពី​ក្រោម​ត្រូវ​គេដឹង​ថា​ ចេញ​ពី​ក្រុម​ហ៊ុន​ដី​សម្បទាន​សេដ្ឋ​កិច្ច​មួយ​ឈ្មោះ​ កម្ពុជា​ដោន​ផ្លេន​ ខេសិន​ ក្នុង​ឃុំ​រំដោះស្រែ ។​ លុះ​បើក​មក​ដល់​ចំណុច​រូប​សំណាក​តាឌី​ ស្ថិត​ក្នុង​ក្រុង​ព្រះ​វិហារ​ នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​១០ ធ្នូ​ នេះត្រូវ​សមត្ថកិច្ច​​ផ្នែករដ្ឋ​បាល​ព្រៃឈើ​ត្បែង​មាន​ជ័យ មាន​ការ​សង្ស័យ​ក៏​ស្ទាក់​ចាប់​យក​ទៅ​ពិនិត្យ​ការ​ដឹក​ជញ្ជូន។ 

ការពិនិត្យ​នេះ​បាន​ឃើញ​លិខិតដឹក​ជញ្ជូន​២ គឺ​លិខិត​លេខ​២១៤​ ចុះ​ថ្ងៃទី​៩​ ធ្នូ ២០១៣ ដែល​លិខិតនោះ​បញ្ជាក់​ថា​ ដឹក​ឈើ​អុស​ ។ ប៉ន្តែ​នៅពេលសមត្ថកិច្ច​ពិនិត្យ​​លើ​រថយន្ត​មាន​អុសពី​លើ​តែបន្តិច​ប៉ុណ្ណោះ​ ខាង​ក្រោម​សុទ្ធ​តែ​ឈើ​ប្រណីតប្រភេទឈើ​សុក្រម​ ខ្នាត​១,២​ម៉ែត្រ​ ដែល​មាន​មុខ​កាត់​ចាប់​ពី​៤០​ទៅ​៥០ ចំនួន​៣០​០ដុំ​ ស្មើ​២៦,៨៥៤​ម៉ែត្រគូប​ ។ សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ព្រះ​វិហារ​ ដើម្បីធ្វើ​ការ​បង់​ផាក​ពិន័យ​តាម​ច្បាប់​ និងស្រាវជ្រាវ​​ទៅ​ដល់​ក្រុម​ការងារ​ដែល​ចេញ​លិខិត​អនុញ្ញាត​ដឹក​ឈើ​​មិន​ប្រក្រតី តើ​មូល​ហេតុ​អ្វី ?​

ទាក់​ទង​រឿង​នេះ​ លោ​កឆេញ​ សេង នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ត្បែងមាន​ជ័យ​បាន​បញ្ជាក់​ថា​ ឈើ​ប្រណីត​ពីរ​យីឌុប​នេះ​អនុញ្ញាតឱ្យដឹក​ចេញ​ដោយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត​ ដែល​មាន​លិខិត​ដឹក​ជញ្ជូន​​ដូច​ខាង​លើ ។​ លោ​កឆេញ​ សេង បញ្ជាក់​​ទៀត​ថា​ ហេតុ​ដែល​ជំនាញ​បាន​ឃាត់​ចាប់​រថយន្ត​ទាំងពីរគ្រឿងខាង​លើ​ដោយ​សារកន្លង​ទៅ​ការបន្លំ​ភ្នែកសមត្ថកិច្ច​ មានច្រើន​ដែលតា​ម​មិន​ទាន់​ ទើប​ពេល​នេះ​​តាម​ទាន់​ឃាត់​យក​មក​ពិនិត្យ​ទៅ​ឃើញថា​ខុស​ប្រក្រតី​ត្រង់ថា​ រដ្ឋ​បាល​ព្រៃឈើ​អនុញ្ញាតឱ្យដឹក​ជញ្ជូន​តែអុស​ធម្មតា​ដែល​មាន​មុខ​កាត់​ត្រឹម​តែ​២៥​សង់​ទីម៉ែត្រ​​ចុះ​ តែ​ចំពោះ​យីឌុប​ទាំង​ពីរ​គ្រឿងខាង​លើ​ដឹក​ជញ្ជូន​សុទ្ធ​តែឈើ​ប្រណីត​ ឈើ​សុក្រម​ ដែល​មាន​មុខ​កាត់​ចាប់​ពី​៤០​សង់​ទីម៉ែត្រ​រហូត​ដល់​ទៅ​៥០​សង់​ទីម៉ែត្រ​ នេះ​ជាអំពើ​ខុស​ច្បាប់ ។​

លោក​ម៉ក់​ បញ្ញា​ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត ខណៈ​ជំនាញ​ដូចគ្នា​ធ្វើការចាប់​រថយន្ត​ដឹក​ឈើ​ដែល​ខ្លួន​បាន​ចេញ​លិខិត​អនុញ្ញាត​ដោយ​ខុស​ច្បាប់​នោះ លោក​បាន​និយាយ​យក​រួច​ខ្លួន​ថា​ លោក​ពិត​ជាបាន​ចេញ​ច្បាប់​ឱ្យ​មែន តែបើ​មាន​គេ​ជា​ជំនាញថា​ខុស​ ចាប់​ក៏ចាប់​ទៅ​ លោក​មិន​ខ្វល់​ទេ​ ។​

សូម​បញ្ជាក់​ថា​ ដី​សម្បទាន​សេដ្ឋ​កិច្ច​របស់​ក្រុម​ហ៊ុន​កម្ពុជា​ដោន​ផ្លេន ខេសិន​ គឺ​ស្ថិត​ក្នុង​ដី​ការពារ​ដោយ​បរិស្ថាន ។ ពេល​នេះ​មាន​មន្ត្រី​បរិស្ថាន​មួយរូប​ការពារ​តំបន់​នោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា​ មិន​ថាតែ​ពេល​នេះ​ទេ​ដែល​សមត្ថ​កិច្ច​រដ្ឋបាល​ព្រៃឈើ​តែងតែ​ត្រូវ​រ៉ូវ​ជា​មួយ​ឈ្មួញ​ គឺ​ច្រើន​លើក​ហើយ​ អាង​ខ្លួន​ជា​អ្នក​មាន​អំណាច​ខាង​ចាត់​ចែង​ចេញច្បាប់​​ក្នុងការដឹក​​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​នោះ​​គ្រប់​ប្រភេទ​ គឺ​ពួក​គេ​តែង​តែ​ប្រព្រឹត្ត​បែប​នេះតែ​រហូត ។​ នៅពេល​ទាល់​ច្រកដូច​នេះ​ ពួក​គេ​តែងតែ​ឆ្លើយ​យក​រួច​ខ្លួន​មិន​ទទួល​ខុសត្រូវ​ឡើយ ។ 

អ្នក​ខេត្ត​ព្រះ​វិហារ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំងសព្វ​ថ្ងៃ​ថា ពួក​គាត់​នៅ​តំបន់​នោះ​តាំងពី​បុរាណ​មក​ដុត​តែអុស​ផ្ចឹក ឬ​អុស​រាំង​តែ​ប៉ុណោះ​ តែ​ចុះពេល​​នេះ​ឈ្មួញដឹក​សុទ្ធតែ​អុសឈើ​ប្រណីត​ ឈើ​សុក្រមទៅ​លក់​នៅ​ឯ​ភ្នំពេញ​ ។ អ្នក​ខេត្ត​ព្រះ​វិហារ​សួរថា សព្វ​ថ្ងៃ​នេះ​ខណៈ​ប្រទេស​កម្ពុជា​រីក​ចម្រើន​ពេក​ ទើប​មាន​តម្រូវ​ការ​ដុត​សុទ្ធ​តែ​អុស​ឈើ​សុក្រម​បែប​នេះ​មែន​ ឬ​លោក​មេ​ព្រៃ​ជាំ​ក្សាន្ត​ ។ បើ​សម័យ​ទំនើបដែល​គេ​ប្រើ​តែ​ភ្លើង​ហ្គាស​មិន​​បំពុល​បរិស្ថាន​ដោយ​ផ្សែង​អុស​ ។​ ម្យ៉ាងទៀត​ បើ​​ប្រជាពលរដ្ឋ​សាមញ្ញ​នៅ​ឯ​ភ្នំពេញ​ ប្រហែល​ពួកគេ​ពុំ​មាន​លទ្ធ​ភាព​ក្នុង​ការទិញ​អុស​ឈើ​ប្រណីតបែប​នេះ​ដុត​ទេ។ បើ​ភ្លើង​ហ្គាស​វា​ថោក​ជាង​អុស​ស្ទើរ​តែ​មួយ​រយ​ដង​ឯ​ណោះ ។​

នៅ​ពេល​អ្នក​កាសែត​ថត​យក​ព័ត៌​មាន​ភ្លាម​មាន​ឈ្មួញ​ម្នាក់​ទំនង​ជា ឈ្មួញ​ទុច្ច​រិត​បាន​ទូរស័ព្ទមក​គំរាមអ្នក​សារព័ត៌​មាន​មិន​ឱ្យ​ចេញ​ផ្សាយ​ព័ត៌​មាន​​នេះ​ទេ​ ដោយ​និយាយ​ថា​ អ្នក​ព័ត៌​មាន​គ្មាន​បាន​ការ មិន​បាន​ជួយ​ជាតិ​​នោះទេ​ ពួក​គេទេ​ជា​ឈ្មួញ ជា​អ្នក​រកស៊ី​ព្រៃឈើ​ទេ​ ជាអ្នក​ប្រមូល​ថវិកាជួយ​ជាតិ ។​ 

សូម​បញ្ជាក់​ផង​ដែរ បើតាម​សង្កេត​ឃើញ​ការធ្វើ​វិនិយោគ​ដី​សម្បទាន​សេដ្ឋ​កិច្ច​ក្នុងស្រុក​ជាំ​ក្សាន្ត​ជាច្រើន​ក្រុម​ហ៊ុន​ ជាង​១០​ឆ្នាំ​កន្លង​ទៅ​នេះ​ គេ​មិន​ទាន់​បាន​ឃើញចេញ​លទ្ធផល​​អ្វី​នៅ​លើដី​ទាំង​នោះ​ទេ ក្រៅ​តែ​ពីកាប់​ព្រៃ​ឈើ​លក់​យ៉ាង​អនា​ធិប​តេយ្យ​ ទុក​ដី​ឱ្យ​នៅ​វាល​រហោ​ឋាន​​ចោល​តែ​ប៉ុណោះ​​ប្រៀប​ដូច​ក្រុម​ហ៊ុន​ធ្វើ​នំ​អត់​ម្សៅ​ ៕​ សហការី​