ខេត្តប៉ៃលិន ៖ បើទោះជានៅរសៀលថ្ងៃទី១១ វិច្ឆិកា ២០១៣ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ បានចាប់ផ្ដើមដំណើរការបកស្រាយសាលក្រមប្រាសាទព្រះវិហារ សារជាថ្មីឡើងវិញក៏ដោយ តែគិតមកត្រឹមម៉ោង ៥ល្ងាច ថ្ងៃដដែលនេះ សភាពការតាមបន្ទាត់ព្រំដែនក្នុងខេត្តប៉ៃលិន ជាប់នឹងខេត្តចាន់បូរី ប្រទេសថៃ គឺមានលក្ខណៈស្ងប់ស្ងាត់ធម្មតា។
ច្រកទ្វារអន្តរជាតិព្រំដែនកម្ពុជា-ថៃ គឺមានអ្នកដំណើរជាតិ និងអន្តរជាតិ ក៏ដូចជារថយន្តខ្មែរ និងថៃ នៅតែឆ្លងទៅមកដោយគ្មានអ្វីប្រែប្រួលឡើយ សូម្បីតែសិស្សសាលាខ្មែរ ដែលចេញមករៀននៅដីខ្មែរ តែទៅដេកនៅផ្សារមួយនៅខេត្តចាន់បូរី ប្រទេសថៃ ក៏នាំគ្នាវិលត្រលប់ទៅស្នាក់នៅទីនោះវិញដូចដើម។
ក្រៅពីច្រកទ្វារអន្តរជាតិប៉ៃលិន នៅបន្ទាត់ព្រំដែនក្នុងស្រុកផ្សេងៗ ក៏មានសភាពការគ្មានអ្វីគួរឲ្យកត់សម្គាល់នោះដែរ ច្រកតំបន់ និងច្រករបៀង មិនមានការបិទច្រកណាមួយនោះឡើយ គឺប្រជាពលរដ្ឋនៅតែឆ្លងដែនទៅមកតាមធម្មតា ហើយទាំងប្រជាពលរដ្ឋ ទាំងមន្ត្រីរាជការ និងសមត្ថកិច្ច គេឃើញបាននាំគ្នាតាមដានការបកស្រាយសាលក្រមនេះ តាមកញ្ចក់ទូរទស្សន៍យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។
នៅរសៀលថ្ងៃដដែលនេះដែរ នៅបរិវេណរង្វង់មូលវិមានឯករាជ្យស្ថិតនៅក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន អាជ្ញាធរខេត្តបានរៀបចំធ្វើពិធីពន្លត់ភ្លើងជ័យ ដែលដឹកនាំដោយ លោក អ៊ី ឈាន អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង មន្រ្តីសាលាខេត្ត កងរាជអាវុធហត្ថខេត្ត មន្រ្តីនគរបាល ស្នងការខេត្ត ចូលរួមយ៉ាងច្រើនកុះករ។
បន្ទាប់ពីធ្វើពិធីពន្លត់ភ្លើងជ័យនៅវិមានឯករាជ្យហើយ លោកអភិបាលខេត្ត អ៊ី ឈាន បានណែនាំឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័ននៅតែបន្តរក្សាភាពស្ងប់ស្ងាត់ ខណៈដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បកស្រាយសាលដីកាក្នុងសំណុំរឿងក្តីប្រាសាទព្រះវិហារ៕
ចែករំលែកព័តមាននេះ