ខេត្តប៉ៃលិន ៖ ក្មេងប្រុសម្នាក់បានធ្វើអត្តឃាតដោយយកខ្សែក្រវាត់ និងខ្សែវ៉ាលីចង.កសម្លាប់ខ្លួននៅក្រោមជណ្តើរផ្ទះ ខណៈដែលបងប្អូន និងឪពុកម្តាយ កំពុងតែអង្គុយមើលទូរទស្សន៍នៅក្រោមផ្ទះក្បែរកន្លែងកើតហេតុ ដោយសង្ស័យថា ជនរងគ្រោះត្រូវកំរោលចូល ទើបបណ្តាលឲ្យហ៊ានចង.កសម្លាប់ខ្លួនទាំងនៅក្មេងបែបនេះ ហើយដោយអត់មានរឿងរ៉ាវអ្វីពីឪពុកម្តាយទាល់តែសោះ។
ករណីចង.កសម្លាប់ខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី១០ វិច្ឆិកា ២០១៣ ស្ថិតនៅក្នុងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ ក្មេងប្រុសរងគ្រោះឈ្មោះ ខៀវ សំបាន អាយុ ១៣ឆ្នាំ រៀនថ្នាក់ទី៥ មានឪពុកឈ្មោះ ខៀវ ហៀង អាយុ ៥៩ឆ្នាំ ម្តាយឈ្មោះ ដេង លត់ អាយុ ៥៥ឆ្នាំ មានបងប្អូនចំនួន ៥នាក់ ហើយកុមារារងគ្រោះជាកូនពៅក្នុងគ្រួសារ។
ប្រភពព័ត៌មានពី លោក យ៉ាំង ឌី មេភូមិតាង៉ែនលើ បានឲ្យដឹងថា មុនពេលកើតហេតុក្មេងបុ្រសរងគ្រោះ បានចេញទៅច្រូតស្មៅនៅឯវាល ដើម្បីយកមកឲ្យគោស៊ីនៅផ្ទះ លុះទៅច្រូតតាំងពីព្រលឹមរហូតដល់ម៉ោង ១០ព្រឹក ទើបត្រលប់មកផ្ទះវិញ ហើយក្មេងប្រុសរងគ្រោះបាននិយាយលេងសើចជាមួយបងប្អូន និងឪពុកម្តាយធម្មតា ដោយអត់មានឈ្លោះទាស់ទែងពាក្យសម្តីជាមួយពួកគាត់ឡើយ តែចម្លែកត្រង់ថា ក្មេងប្រុសរងគ្រោះនិយាយពាក្យសម្តីចេញមកម្តងខុស ម្តងត្រូវ ហាក់ដូចជាមានអ្វីនៅក្នុងខ្លួននាំឲ្យគេនិយាយ។
ប្រភពបន្តទៀតថា លុះវេលាម៉ោង ១១ព្រឹក ខណៈដែលឪពុកម្តាយ និងបងៗផ្សេងទៀតកំពុងតែនាំគ្នាអង្គុយមើលទូរទស្សន៍នៅក្រោមផ្ទះក្បែរជណ្តើរនោះដែរ តែអត់ចាប់អារម្មណ៍មើលទៅក្រោយឃើញជនរងគ្រោះចង.កនោះទេ លុះពេលក្រឡេកមើលទៅក្រោយ ស្រាប់តែឃើញក្មេងប្រុសរងគ្រោះបានចងព្យួរ.កនៅក្រោមជណ្តើរផ្ទះរបស់ខ្លួនស្លាប់បាត់បង់ជីវិតរួចទៅហើយ។
លោក យ៉ាំង ឌី បានបញ្ជាក់ថា មុនពេលកើតហេតុ ម្តាយ និងបងៗ ក្មេងរងគ្រោះអត់បានជេរស្តីធ្វើអ្វីឲ្យគេខឹង ឬតូចចិត្តនោះទេ ព្រោះគេជាក្មេងប្រុសម្នាក់ ដែលឧស្សាហ៍ព្យាយាមក្នុងការរៀនសូត្រ ក៏ដូចជាធ្វើការងារច្រូតស្មៅដាក់ឲ្យគោស៊ីជារៀងរាល់ថ្ងៃ។ ឪពុកម្តាយ ក៏ដូចជាអ្នកភូមិសន្និដ្ឋានថា ប្រាកដជាមានវិញ្ញាណកំរោលអ្វីចូលទៅក្នុងខ្លួនគេ ហើយទាញនាំឲ្យយកខ្សែចង.កសម្លាប់ខ្លួនហើយ។
សពក្មេងប្រុសរងគ្រោះត្រូវបានឪពុកម្តាយទូរស័ព្ទប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ៃលិន និងប្រាប់មេភូមិចុះមកពិនិត្យសពផ្ទាល់ ហើយក៏បានដោះចុះមកក្រោមយកធ្វើបុណ្យតាមប្រពៃណី ដោយដង្ហែកាលពីវេលាព្រឹកថ្ងៃទី១១ វិច្ឆិកា ទៅបូជានៅវត្តរតនៈសោភ័ណ ហៅវត្តកោងកាង៕
ចែករំលែកព័តមាននេះ