ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​គ្នា​តាម​ទូរ​ស័ព្ទ​ ២ថ្ងៃ​ ខាង​ស្រី​ឲ្យ​ចូល​ស្តីដណ្តឹង​ ខាង​ប្រុស​និយាយ​ជា​មួយ​សាច់​ញាតិ​មិន​​​ត្រូវ​គ្នា​​ ​ចង​.ក​ សម្លាប់​ខ្លួន​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ បុរស​ម្នាក់​បាន​ធ្វើ​អត្ត​ឃាត​ចង​.ក​សម្លាប់​ខ្លួន​ ដោយ​សារ​តែ​តូច​ចិត្ត​នឹង​សាច់​ញាតិ​​​មិន​ព្រម​ឲ្យ​រៀប​ការ​ជា​មួយ​នារី​​ ដែល​ខ្លួន​ស្រលាញ់​ ទើប​សម្រេច​ចិត្ត​ចង​.ក​នឹង​ប្រមា​ចង​ភ្ជាប់​ធ្នឹម​ផ្ទះ​ស្លាប់​បាត់​បង់​ជីវិត​ ត្រូវ​សាច់​ញាតិ​ប្រទះ​ឃើញ​បង្ក​ការ​ភ្ញាក់​ផ្អើល​ កាល​ពី​វេលា​ម៉ោង​ប្រមាណ​ ៥រសៀល​ ថ្ងៃទី​២៨​ តុលា​ ២០១៣​ នៅ​ផ្ទះ​ជន​រង​គ្រោះ​ស្ថិត​ក្នុង​ភូមិ​អង្គ​ សង្កាត់​ប្រទះ​ឡាង​ ខណ្ឌ​ដង្កោ​។

បុរស​​រង​គ្រោះ​មាន​ឈ្មោះ​ រស់​​ ខ្វិន​ អាយុ​ ២៣​ឆ្នាំ​ មុខ​របរ​ជា​ជាង​ប៉ះ​កង់​ម៉ូតូ​ អត់​មាន​ឪពុក​ម្តាយ​ទេ​ ស្នាក់​នៅ​ជា​មួយ​សាច់​ញាតិ​នៅ​ក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ​។

តាម​ប្រភព​ព័ត៌​មាន​ បាន​ឲ្យ​ដឹង​ថា​ បុរស​រង​គ្រោះ​ឈ្មោះ​ រស់​​ ខ្វិន​ បាន​ស្គាល់​គ្នាតាម​ទូរ​ស័ព្ទ​​​​ជា​មួយ​នារី​ម្នាក់​រយៈ​ពេល​ ២ថ្ងៃ ដែល​​នារី​នោះ​ ​ឈ្មោះ​ ណុប​ រ៉េត​ អាយុ​ ១៩​ឆ្នាំ​ ជា​កម្ម​ករ​រោង​ចក្រ​ រស់​នៅ​ភូមិ​តា​គឹម​ ឃុំ​តា​ភេម​ ស្រុក​ត្រាំ​កក់​ ខេត្ត​តា​កែវ​ ហើយ​នារី​ម្នាក់​នោះ បាន​បបួល​ទៅ​លេង​ផ្ទះ​នាង​នៅ​ស្រុក​ ដោយ​មាន​មិត្ត​ភក្តិ​ម្នាក់​របស់​បុរស​រង​គ្រោះ​ខាង​លើ​ទៅ​ជាមួយ​ដែរ​​ ខណៈ​ពេលទៅ​ដល់​ផ្ទះ​នាង​ នារី​នោះ បាន​និយាយ​ថា​ បើ​បុរស​​ឈ្មោះ​ រស់​​ ខ្វិន​ ស្រលាញ់​នាង​មែន​ ឲ្យ​ចូល​ស្តី​ដណ្តឹងទៅ​។

លុះ​ពេល​ធ្វើ​ដំណើរ​​ត្រលប់​មក​​វិញ​ បុរស​រង​គ្រោះ​បាន​ត្អូញ​ត្អែរ​ប្រាប់​មិត្ត​ភក្តិ​ថា​ ខ្លួន​អត់​មាន​លុយ​ចូល​ស្តី​ដណ្តឹង​កូន​គេ​ តែ​មិត្ត​ម្នាក់​នោះ​ ប្រាប់​ថា​ បើ​អត់​លុយ​ចាំ​គាត់​ឲ្យ​ខ្ចី​។ ​នៅ​ពេល​មក​ដល់​ផ្ទះ​ បុរស​ឈ្មោះ​ រស់​ ខ្វិន​ បាន​និយាយ​ប្រាប់​មីង​ និង​ជីតា​ និង​​សាច់​ញាតិ​ដែល​រស់​នៅ​ជាមួយ​ តែ​សាច់​ញាតិ​គាត់​និយាយ​ថា​ បង​ស្រី​មិន​ទាន់​រៀប​ការផង​ គាត់​ជា​ប្អូន​កុំ​ទាន់​រៀប​ការ​អី​ ហើយ​បើ​ទោះ​ជា​រៀប​ការ​ហើយ​ ពួក​​គាត់​ក៏​មិន​ឲ្យ​ទៅ​រស់​នៅ​​ជាមួយ​ខាង​ស្រី​ដែរ​ ដោយ​ការ​និយាយ​គ្នា​មិន​ចុះ​សម្រុង​ បាន​ធ្វើ​ឲ្យ​បុរស​រង​គ្រោះ​តូច​ចិត្ត​ ក៏​សម្រេច​ចង​.ក​សម្លាប់​ខ្លួន​តែ​ម្ត​ងទៅ​។

ក្រោយ​កើត​ហេតុ​ សព​បុរស​រង​គ្រោះត្រូវ​សាច់​ញាតិ​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​នៅ​លំ​នៅ​ដ្ឋាន​​​៕