ខេត្តកណ្តាល ៖ អនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ ហ៊ឹង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស កាលពីរសៀលថ្ងៃទី ២៦ តុលា ឆ្នាំ២០១០ នៅបន្ទាយស្វាយរលំ ខេត្តកណ្តាល លោកឧត្តមសេនីយ៍ឯក ឌៀង សារុន ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស បានបើកកម្មវិធីការត្រួតពិនិត្យ ការហ្វឹកហាត់ឡើងវិញ នូវជំនាញរបស់អង្គរក្សរួមមានការបង្ហាញក្បាច់គុន យុទ្ធវិធីប្រឆាំងក្រុមបាតុកម្ម យុទ្ធវិធីល្បាតអន្តរាគមន៍ប្រដាប់អាវុធក្រុមម៉ូតូ យុទ្ធវិធីក្រុមសុនខ សណ្តាប់ធ្នាប់អគារទ័ពស្នាក់នៅ និងបង្កបង្កើនផល ដាំដើមឈើ។
លោកឧត្តមសេនីយ៍ឯក ឌៀង សារុន បានមានប្រសាសន៍ថា ការហ្វឹកហាត់ថ្ងៃនេះ គឺដើម្បីពង្រឹងសមត្ថភាពជំនាញឱ្យស័ក្តិសមជាអង្គរក្សការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ។ លោកឧត្តមសេនីយ៍ឯកបានបន្តថា ក្រៅពីភារកិច្ច បញ្ជាការដ្ឋានអង្គរក្សបានចុះជួយដកស្ទួងច្រូតកាត់ស្រូវដល់គ្រួសារប្រជាកសិករដែលខ្វះខាតកំលាំងពលកម្ម និងការងារសង្គមជាច្រើនទៀតជាមួយកាកបាទក្រហម និងការពារថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល ភ្ញៀវជាតិ និងអន្តរជាតិ។ បច្ចុប្បន្ននេះបញ្ជាការដ្ឋានអង្គរក្ស បានចូលរួមការពារទឹកដីនៅសមរភូមិមុខជួរភ្នំដងរែក តំបន់ប្រាសាទព្រះវិហារ តាមព្រំដែនកម្ពុជា-ថៃ ជាមួយវីរកងទ័ពនៃកងយោធពលខេមរភូមិន្ទយ៉ាងអង់អាចក្លាហាន៕
ចែករំលែកព័តមាននេះ