ខេត្តបន្ទាយមានជ័យ ៖ មេព្រៃចុះបង្ក្រាបទីតាំងជួញសត្វស្លាបបានប្រមាណ២០០ក្បាល កាលពីវេលាម៉ោង០៨ និង៣០នាទីយប់ថ្ងៃទី០៩ ធ្នូ ២០១៥ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបុរី ។
លោក អ៊ុក ហុកថាវរៈ នាយសង្កាតរដ្ឋបាលព្រៃឈើសិរីសោភ័ណបានប្រាប់ថា ក្រោយពេលដែលធ្វើការស្រាវជ្រាវទទួលមុខ
សញ្ញាអ្នកជួញដូរសត្វស្លាបហើយ បានចុះបង្ក្រាបរឹបអូសបានសត្វស្លាបចម្រុះប្រមាណជាង២០០ក្បាល ភាគច្រើនសត្វស្លាបត្របកត្រពាំង។
លោកបានបញ្ជាក់ថា ទីតាំងដែលបង្ក្រាបនៅព្រៃប្ញស្សីក្រោយផ្ទះប្រមាណជា១០០ម៉ែត្រ ដែលមានរោមសត្វ២កន្លែង និងឆ្នាំងដាំទឹកក្តៅបោចសត្វ និងកៅអីជ័រអង្គុយបោចរោមសត្វជាង១០ ។
លោក ប៊ូ វណ្ណៈ នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយមានជ័យបានប្រាប់ថា ក្រោយពេលដែលចុះបង្ក្រាបទីតាំជួញដូរសត្វស្លាបឃើញសកម្មភាពនេះ ជួញដូរសត្វស្លាបជិត១ឆ្នាំហើយ ។ នៅពេលចុះបង្ក្រាប ឈ្មួញរត់គេចខ្លួនអស់ នៅសល់សត្វស្លាបដែលបោចហើយនិងមិនទាន់បោចភាគច្រើន ។ ទោះជាការចុះបង្ក្រាបចាប់មិនបានអ្នកជួញដូររត់គេចខ្លួនអស់ មន្ត្រីជំនាញបានណែនាំអប់រំដល់អ្នកជិតខាងឱ្យបញ្ឈប់ការជួញដូរសត្វស្លាបជាអំពើល្មើស និងច្បាប់ ។ លោកបានបញ្ជាក់ថា សត្វស្លាបដែលឈ្មួញជួញដូរក្រោយពេលបោចហើយយកទៅដាក់ម៉ូយតាមភោជនីយដ្ឋាន និងសណ្ឋាគារ។
ចំពោះសត្វស្លាបដែលបង្ក្រាបបានប្រមាណជាង២០០ក្បាល ត្រូវបានមន្ត្រីជំនាញយកទៅកប់ចោល ៕



ចែករំលែកព័តមាននេះ