ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ណូ​យ វ៉ា​ន់​ណេ​ត អ្នកចម្រៀង​មនោសញ្ចេតនា​កុមារភាព​ញាំញី​ដោយ​ភ្លើងសង្គ្រាម​ក្រោយ​ឆ្នាំ​1979​កសាង​ជីវិត​ជា​អ្នកសិល្បៈ

9 ឆ្នាំ មុន

ប្រភព​ដើម
លោក​ណូ​យ វ៉ា​ន់​ណេ​ត ដែល​ជា​តារាចម្រៀង​មានឈ្មោះ​ល្បី​ប្រចាំ​ប្រទេស​កម្ពុជា មាន​បងប្អូន​បង្កើត​ចំនួន​៦​នាក់ ទី​១-​ឈ្មោះ​ណូ​យ ផ​ល្លី ទី​២-​ឈ្មោះ​ណូ​យ ផ​ល្លី​ន ទី​៣-​ឈ្មោះ​ណូ​យ វ​ណ្ណាត ទី​៤-​លោក​ណូ​យ

ប្រភព​ដើម
លោក​ណូ​យ វ៉ា​ន់​ណេ​ត ដែល​ជា​តារាចម្រៀង​មានឈ្មោះ​ល្បី​ប្រចាំ​ប្រទេស​កម្ពុជា មាន​បងប្អូន​បង្កើត​ចំនួន​៦​នាក់ ទី​១-​ឈ្មោះ​ណូ​យ ផ​ល្លី ទី​២-​ឈ្មោះ​ណូ​យ ផ​ល្លី​ន ទី​៣-​ឈ្មោះ​ណូ​យ វ​ណ្ណាត ទី​៤-​លោក​ណូ​យ វ៉ា​ន់​ណេ​ត ទី​៥-​ឈ្មោះ​ណូ​យ វ​ណ្ណា និង​ទី​៦-​ណូ​យ វណ្ណៈ សុទ្ធតែ​ប្រុស​ទាំងអស់ ។ លោក​ណូ​យ វ៉ា​ន់​ណេ​ត កើត​ក្នុង​ឆ្នាំ​១៩៥៨ នៅ​ភូមិ​កណ្តាល​កោះ ឃុំ​កោះអន្លង់ចិន  ស្រុក​ស្អាង ខេត្តកណ្តាល ។

កាលពី​កុមារ​លោក​ណូ​យ វ៉ា​ន់​ណេ​ត សិក្សា​នៅ​សាលា​បឋម​សិក្សា «​វត្ត​កណ្តាល​កោះ​» ក្នុងស្រុក​ស្អាង ខេត្តកណ្តាល ។ ជំនាន់​នោះ​ជីវភាព​ក្រុម​គ្រួសារ​ឪពុក​ម្តាយ​របស់​លោក​ណូ​យ វ៉ា​ន់​ណេ​ត សមរម្យ ។  កុមា​រា​ណូ​យ វ៉ា​ន់​ណេ​ត ព្រមទាំង​បងប្អូន​មិន​រស់​ក្នុង​សភាព​តោក​យា​៉​ក​ខ្សត់ខ្សោយ​ទេ គឺ​ឪពុក​ម្តាយចិញ្ចឹម​បីបាច់​ឱ្យ​មានការ​ហូប​ចុក​គ្រាន់បើ ។ ឪពុក​លោក​ណូ​យ វ៉ា​ន់​ណេ​ត ជា​ជាងកាត់ដេរ​សម្លៀក​បំពាក់​(​មេកន្ត្រៃ​)​និង​ជា​មេ​ចុងភៅ​ប្រចាំ​ភូមិ ។ ក្រៅពី​មាន​ជំនាញ​ចេះ​ត​ពី​ឪពុក លោក​ណូ​យ វ៉ា​ន់​ណេ​ត ក៏​មាន​ជំនាញ​ខាង​ច្រៀង​ប្រពៃណី និង​ចេះ​កាន់​ឧបករណ៍​ភ្លេងខ្មែរ​ទ្រសោ ។ ចំពោះ​អ្នក​ម្តាយ​របស់​លោក​ណូ​យ វ៉ា​ន់​ណេ​ត ជា​ចុងភៅ​ផង និង​ជា​មេកន្ត្រៃ​ផង ដូច្នេះ​ហើយ​ទើប​ជីវភាព​ក្រុម​គ្រួសារ​មាន​ភាព​សម្បូរ​សប្បាយ ។

លោក​ណូ​យ វ៉ា​ន់​ណេ​ត បាន​សិក្សា​ត្រឹម​ថ្នាក់​ទី​៩​ប៉ុណ្ណោះ នា​សម័យ​នោះ ។

ជីវិត​រង​គ្រោះ​ដោយសារ​សង្គ្រាម
ឆ្នាំ​១៩៧០ សម័យ​លន់ ន​ល់ ក្រុម​គ្រួសារ​លោក​ណូ​យ វ៉ា​ន់​ណេ​ត ចាក​ចេញពី​កោះអន្លង់ចិន​ភៀសខ្លួន​ទៅ​នៅ​ជាមួយ​បងប្អូន​នៅ​កោះក្របី​។ ថ្ងៃមួយ​ឪពុក​លោក​ណូ​យ វ៉ា​ន់​ណេ​ត បាន​វិល​ទៅ​ស្រុក​កំណើត​វិញ ហើយ​ឃើញ​ផ្ទះ​ឆេះ​អស់​នៅ​សល់​តែ​ជង្រុក​ស្រូវ ។ ពេល​នោះ​លោក​ណូ​យ វ៉ា​ន់​ណេ​ត រួម​ជាមួយ​ឪពុក និង​បងប្រុស​កើបស្រូវ​យ៉ាង​ប្រញាប់ប្រញាល់​ព្រោះ​ខ្លាច​គេ​មក​ទាន់ ។

ផ្ទះ​ដែល​ក្រុម​គ្រួសារ​លោក​ណូ​យ វ៉ា​ន់​ណេ​ត​ធ្លាប់​រស់នៅ​តំបន់​កោះអន្លង់ចិន​នោះ​មាន​ខ្មែរក្រហម​មួយ​ផ្នែក ពួក​លន់ ន​ល់​មួយ​ផ្នែក​។  សំណាងអាក្រក់​បងប្រុស​របស់​លោក​ណូ​យ វ៉ា​ន់​ណេ​ត ត្រូវ​ពួក​ខ្មែរក្រហម​ឃើញ​ក៏​ចាប់ខ្លួន​នា​ឆ្នាំ​១៩៧២ ។ ចំណែក​បុរស​ជា​ឪពុក​ដើរ​រក​កូន​ក៏​ត្រូវ​ខ្មែរក្រហម​ចាប់​ទៀត ហើយ​បញ្ជូន​ទៅ​ព្រែក​អំបិល​នៅ​ស្រុក​កោះធំ ។ ដោយ​បាត់បង់​បងប្រុស​និង​ឪពុក កុមា​រា​វ៉ា​ន់​ណេ​ត​ត្រឡប់​ទៅ​ជួប​ម្តាយ​វិញ​នៅ​កោះក្របី ។ មួយ​រយៈ​ក្រោយមក​លោក​ណូ​យ វ៉ា​ន់​ណេ​ត ភៀសខ្លួន​បន្ត​ទៀត​ទៅ​នៅ​វត្តថា​ន់​នៃ​ក្រុងភ្នំពេញ​ទាំង​អាណិតម្តាយ​ឈឺ និង​ព្យាយាម​ដឹកគោ​បី​បួន​នឹម ។

លោក​ណូ​យ វ៉ា​ន់​ណេ​ត តែងតែ​ទៅ​ឃ្វាលគោ​នៅ​ម្តុំ​ផ្សារ​កាប់​គោ ។  មាន​ថ្ងៃមួយ​បុរស​ជា​ឪពុក បាន​ផ្ញើ​សំបុត្រ​ពី​ព្រែក​អំបិល​ប្រាប់​ឱ្យ​ម្តាយ​លោក​វ៉ា​ន់​ណេ​ត​លក់​គោ និង​នាំ កូន​ៗ​ទៅ​នៅ​ជាមួយ​គាត់ ។  ពេល​នោះ​ឆ្នាំ​១៩៧២​ដដែល​លោក​ណូ​យ វ៉ា​ន់​ណេ​ត និង​ម្តាយ​សម្រេចចិត្ត​ទៅ​នៅ​តំបន់​ព្រែក​អំបិល ។

        យុគ​បាត់បង់​ឪពុក
ឆ្នាំ​១៩៧៥ ក្នុង​របប​ខ្មែរក្រហម លោក​ណូ​យ វ៉ា​ន់​ណេ​ត បាន​ទៅ​ស្រុក​កំណើត​វិញ ហើយ​នៅ​ឆ្នាំ​១៩៧៦ គេ​ឱ្យ​ចូល​ក្នុង​កងចល័ត​កុមារ​នៅ​ទួល​ក្រសាំង ។

នៅ​ឆ្នាំ​១៩៧៨ ពួក​ប៉ុ​ល ពត បាន​ចាប់​ឪពុក​លោក​ណូ​យ វ៉ា​ន់​ណេ​ត យក​ទៅ​សម្លាប់ ឯ​ម្តាយ​គេ​យក​ទៅ​ដាក់​ពន្ធនាគារ ។

ជីវិត​ដុះ​ពន្លក​ក្នុង​ពិភព​សិល្បៈ
ឆ្នាំ​១៩៧៩ ជា​ឆ្នាំ​រំដោះ​ពី​របប​ប៉ុ​ល ពត លោក​ណូ​យ វ៉ា​ន់​ណេ​ត បាន​ចេញពី​កងកុមារ​នៅ​ទួល​ក្រសាំង ហើយរ​ត់ទៅ​ជួប​ម្តាយ រួច​នាំ​គ្នា​ទៅ​នៅ​កោះអន្លង់ចិន​ក្នុង​សភាព​បាតដៃ​ទទេ​សុទ្ធសាធ ។

 លោក​ណូ​យ វ៉ា​ន់​ណេ​ត បាន​ចូល​រៀន​នៅ​សាលា​កោះអន្លង់ចិន​ថ្នាក់​ទី​៨​។ ស្រប​ពេល​នោះអាយុ​ខ្ទង់​២៣ ឬ​២៤​ឆ្នាំ លោក​វ៉ា​ន់​ណេ​ត​ចាប់ផ្តើម​ច្រៀង ដោយ​ឧបករណ៍​តន្ត្រី​មាន​តែ​ហ្គី​តា​សាំ​ធម្មតា ជាមួយ​លោក​ផៃ ប៊ុ​ន​ឈឿ​ន លោក​សាត លោក​ឆុ​ន ។ ជំនាន់​ឆ្នាំ​១៩៧៩ លោក​ណូ​យ វ៉ា​ន់​ណេ​ត  រៀន​បណ្តើរ លេងភ្លេង​បណ្តើរ ច្រៀង​បណ្តើរ ហើយ​ជំនាន់​នោះ​គេ​មិន​ចាយ​លុយ​ទេ គឺ​ច្រៀង​ដូរ​អង្ករ​។

ក្រោយមក​បងជីដូនមួយ​របស់​លោក​ណូ​យ វ៉ា​ន់​ណេ​ត គឺ​លោក​ផៃ ប៊ុ​ន​ឈឿ​ន ជា​មន្ត្រី​នៅ​ខេត្តកណ្តាល បាន​សុំ​ផ្លាស់​ទៅ​នៅ​ខាង​វប្បធម៌ ហើយ​មើលឃើញ​ទេព​កោសល្យ​របស់​លោក​ណូ​យ វ៉ា​ន់​ណេ​ត ក៏​ឱ្យ​លោក​ចូលរួម​ប្រឡង​ចម្រៀង​នៅ​ខេត្តកណ្តាល​នា​ឆ្នាំ​១៩៨១ ។ ក្រោយ​ពេល​ប្រឡង​ជាប់ គេ​ឱ្យ​លោក​ណូ​យ វ៉ា​ន់​ណេ​ត​នៅ​ខាង​ចម្រៀង​សម័យ ហើយ​លោក​ខំ​ហ្វឹកហាត់​យ៉ាង​ខ្លាំង ។

លោក​ណូ​យ វ៉ា​ន់​ណេ​ត បាន​ក្លាយជា​សិល្បករ​អាជីព​ដោយ​ចេះ​សម្តែង​ល្ខោនបាសាក់​ទៀត​ផង ព្រោះ​បើសិនជា​ខ្វះ​តួ គេ​ឱ្យ​លោក​ចូល​សម្តែង​ជំ​នួ​ួ​សរ​ហូត ។ ដោយសារ​បែប​នោះ​ហើយ​ទើប​លោក​វ៉ា​ន់​ណេ​ត​ចេះ​សម្តែង​ល្ខោនបាសាក់ ។

ឆ្នាំ​១៩៨២ លោក​ណូ​យ វ៉ា​ន់​ណេ​ត បាន​ប្រឡង​ចម្រៀង​ទូ​ទាំង​ប្រទេស​នៅ​សាល​មហោស្រព​ទន្លេបាសាក់ ដោយ​លោក​ប្រធាន​តន្ត្រីសម័យ​និពន្ធ​បទ​ចម្រៀង​មាន​ចំណងជើង​ថា «​ខំ​ដាំ​បន្ត​ទៀត​» ឬ​បទ​«​ដើម​ត្នោត​រេរា​ខ្ពស់សន្លឹម​» ដោយ​លោក​ច្រៀង​ជាមួយ​លោក​សោម សា​រឿ​ន​។ ចូលរួម​ប្រឡង​នា​ពេល​នោះ​លោក​ណូ​យ វ៉ា​ន់​ណេ​ត ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣ មេដាយ​សំរឹទ្ធិ ចំណែក​លោក​នូ ស៊ិ​ប បាន​ចំណាត់ថ្នាក់​លេខ​២ និង​ចំណាត់​លេខ​១ បាន​ទៅ​លើ​អ្នកស្រី​លឹ​ម សុ​វ​ណ្ណា​រី​នៅ​ខេត្តបាត់ដំបង​។

ទាក់ទិន​នឹង​ការ​ចូលរួម​ប្រឡង​ចម្រៀង លោក​ណូ​យ វ៉ា​ន់​ណេ​ត ថា​មាន​ផល​លំបាក​ច្រើន​ទម្រាំ​បាន​ឡើង​នៅ​លើ​ឆាក​កាន់​មេដាយ ព្រោះ​រយៈពេល​២​ខែ​ហ្វឹកហាត់​ខ្លាំង​តាំ​ាំ​ង​ពី​ហាត់ប្រាណ តាំងពី​របៀប​ច្រៀង និង​កាយវិការ ។ ពេល​ឡើង​ប្រឡង លោក​ណូ​យ វ៉ា​ន់​ណេ​ត​ភ័យ​ណាស់  និង​ពិបាក​ម្យ៉ាងទៀត​ព្រោះ​មាន​អ្នក​ប្រឡង​ច្រើន ដូច្នេះ​គេ​ឱ្យ​ចាំ លុះដល់​ម៉ោង​គេ​ឱ្យទៅ​ផ្ទះ​សិន​ចាំ​ស្អែក​មក​ទៀត គឺ​ទម្រាំ​ដល់​ឈ្មោះ​លោក​នៅ​ចាំ​ពីរ​ទៅ​បី​ថ្ងៃ ។ ចំពោះ​ការ​ចូលរួម​ប្រឡង​នោះ​លោក​វ៉ា​ន់​ណេ​ត​មិនសូវ​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​សម្រាប់​ចាយវាយ​ទេ គឺ​បាន​ខាង​ខេត្ត​ជួយ​ចេញ​សោហ៊ុយ​ទាំងស្រុង មាន​ទាំង​អាហារ និង​សម្លៀក​បំពាក់ ។

លោក​ណូ​យ វ៉ា​ន់​ណេ​ត នៅ​ឆ្នាំ​១៩៨៣ ដោយ​មិនដឹង​ថា អាជីព​សិល្បៈ​ទៅ​មុខ ឬ​ក៏​ទៅ​ក្រោយ​ក៏​សម្រេចចិត្ត​ចាក​ចេញពី​អាជីព​ចម្រៀង​ចូល​ធ្វើ​កងទ័ព​នៅ​ស្វាយ​ស៊ី​សុ​ផុ​ន  ។ នៅ​ទីនោះ​លោក​វ៉ា​ន់​ណេ​ត​បាន​ចងក្រង​ជា​ក្រុម​ចម្រៀង​ប្រចាំ​កងពល​តាំងពី​ចុងឆ្នាំ​១៩៨៣​ដល់​ឆ្នាំ​១៩៨៥ ។

បន្ទាប់​មក​លោក​ណូ​យ វ៉ា​ន់​ណេ​ត ផ្លាស់​ពី​ស្វាយ​ស៊ី​សុ​ផុ​ន​ទៅ​នៅ​ជើងភ្នំ​គូលែន ។ ជីវិត​ជា​កងទ័ព​ជួប​ការ​លំបាក​ណាស់ ព្រោះ​នៅ​តំបន់​ជា​សមរភូមិ​ក្តៅ​គគុក​ជាមួយ​ខ្មែរក្រហម ។ លោក​វ៉ា​ន់​ណេ​ត ទោះ​មាន​គ្រាប់រំសេវ​ហោះហើរ​លើ​ក្បាល​យ៉ាងម៉េច​ក្តី​ចេះ​តែ​ទ្រាំ​តស៊ូ ។

នៅ​ឆ្នាំ​១៩៨៦ លោក​ណូ​យ វ៉ា​ន់​ណេ​ត ចូល​ប្រឡង​ចម្រៀង​ថ្នាក់​ខេត្ត​នៅ​ខេត្តសៀមរាប ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ។

នៅ​ចុងឆ្នាំ​១៩៨៦ លោក​ណូ​យ វ៉ា​ន់​ណេ​ត  ចូលរួម​ប្រឡង​ចម្រៀង​ទូ​ទាំង​ប្រទេស​ម្តងទៀត ហើយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ និង​លោក​នូ ស៊ិ​ប ចំណាត់ថ្នាក់​លេខ​២ ។ តាំងពី​ពេល​នោះ​មក​គេ​ឱ្យ​លោក​ណូ​យ វ៉ា​ន់​ណេ​តទៅ​សម្តែង​នៅ​តំបន់​ណា​ដែល​មាន​កងទ័ព ដូច​ជា​នៅ​កំពង់ចាម ដោយ​សម្តែង​សិល្បៈ​សម័យ​ផង ព្រមទាំង​សិល្បៈ​បុរាណ​មាន​យីកេ បា​សាក់ និង​របាំ​ផង​។

លោក​ណូ​យ វ៉ា​ន់​ណេ​ត តស៊ូ​នៅ​សៀមរាប​រហូត​អំឡុង​ឆ្នាំ​១៩៨៩ ទើប​ចាកចេញ​ទៅ​នៅ​ភ្នំពេញ​វិញ ។

អំឡុង​ពេល​អាជីព​ចម្រៀង​លូតលាស់
នៅ​ឆ្នាំ​១៩៩០ លោក​ណូ​យ វ៉ា​ន់​ណេ​ត ចាប់ផ្តើម​ថត​ចម្រៀង​ដាក់​កាស្សែត​ឱ្យ​ផលិតកម្ម លក់​លើ​ទីផ្សារ ។ ដោយ​ជនរួមជាតិ​ខ្មែរ​យើង​នៅ​ក្រៅប្រទេស​ពេញចិត្ត​សំឡេង​របស់​លោក​ណូ​យ វ៉ា​ន់​ណេ​ត ផលិតកម្ម «​សាយណ្ហ​តារា​» ឱ្យ​លោក​ថត​ដាក់​កាស្សែត​លក់​ដែរ ។ បទ​ចម្រៀង​មួយ​បទ​ដែល​មហាជន​ទទួលស្គាល់​ថា​ពីរោះ និង​មាន​អត្ថន័យ​នោះ គឺ​បទ​«​កោះ​កែវ​កុំ​លាក់​» ឬ​គេ​និយម​ហៅ​ថា​«​កណ្តាលថ្ងៃត្រង់​កំពង់​ដងទឹក​» ។ ក្រៅពី​នេះ​មាន​បទ​«​ព្រែក​ហ្លួង​លាក់​ផ្កា​», បទ «​ក្លិន​ផ្លា​ម្លិះ​» និង​បទ​«​អា​មួយ​គា​» ។

ក្រោយមក​លោក​ណូ​យ វ៉ា​ន់​ណេ​ត ថត​ចម្រៀង​ឱ្យ​ផលិតកម្ម SK,​ឆ្លង​ដែន និង​ផលិតកម្ម​ហង្ស​មាស ។ ទោះជា​យ៉ាងណា​ក្តី លោក​ណូ​យ វ៉ា​ន់​ណេ​ត មិន​ដែល​ចុះ​កិច្ចសន្យា​ផ្តាច់មុខ​ជាមួយ​ផលិតកម្ម​ណាមួយ​ឡើយ ។

ខណៈ​ល្បីឈ្មោះ​បាន​ទៅ​សម្តែង​នៅ​បរទេស
 លោក​ណូ​យ វ៉ា​ន់​ណេ​ត បាន​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​កា​ណា​ដា​ដំបូង​គេ​នា​ឆ្នាំ​១៩៩៧ រយៈពេល​៤​ខែ ជាមួយ​អ្នក​នាង​ឱ​ក  បូ​រី ។ បន្ទាប់​មក​អ្នកចម្រៀង​មនោសញ្ចេតនា​រូប​នេះ​បាន​ទៅ​ប្រទេស​អូស្ត្រាលី និង​បារាំង ឆ្នាំ​១៩៩៨ និង​ឆ្នាំ​១៩៩៩ ទៅ​អា​មេ​រិ​ក ។ ក្រៅពី​នោះ លោក​ណូ​យ វ៉ា​ន់​ណេ​ត បាន​ទៅ​ប្រទេស​ញូ​វ​ហ្សេ​លែ​ន​២​លើក ស្វ៊ី​ស​២​លើក អា​ឡឺ​ម៉​ង់​មួយ​លើក ប្រទេស​ហូ​ឡង់​៣​លើក និង​ចេញ​ទៅ​ប្រទេស​ជា​ច្រើន​ទៀត ឱ្យ​តែ​មាន​ជនជាតិ​ខ្មែរ​រស់នៅ ។

ទោះជា​មានឱកាស​ទៅ​សម្តែង​នៅ​ប្រទេស​គេ​ក៏​ដោយ តែ​លោក​ណូ​យ វ៉ា​ន់​ណេ​ត មិន​ចង់​ផ្លាស់​ប្តូរ​គំនិត​ចាកចោល​ស្រុក​ខ្មែរ​ទៅ​សាង​អនាគត​នៅ​ប្រទេស​គេ​ឡើយ ដោយសារ​តែ​លោក​ស្រឡាញ់​ទឹកដី​ខ្មែរ និង​ប្រិ​យ​មិត្ត​អ្នក​ស្តាប់​ដែល​ពេញ​និយម​ស្តាប់​បទ​ចម្រៀង​មនោសញ្ចេតនា​របស់​លោក​។ ម្យ៉ាងទៀត​លោក​វ៉ា​ន់​ណេ​ត​មិន​ចេះ​ភាសា​គេ និង​មិន​អាច​ទៅ​ចោល​កូនចៅ​របស់​លោក​ទេ ។ លោក​វ៉ា​ន់​ណេ​ត​យល់​ថា នៅ​ស្រុក​គេ​នឿយហត់​ណាស់​ទម្រាំ​តែ​អាច​ជ្រោង​ខ្លួន​កសាង​ជីវភាព​រស់នៅ​ស្រួល មិន​ដូច​ជា​ការ​រស់នៅ​ក្នុង​ប្រទេស​ខ្មែរ​យើង​ទេ ទោះ​ទៅ​ដល់​ណា​ក៏​មិន​ខ្វះ​អ្វី​ហូប​ដែរ ។

បទ​ចម្រៀង​ពេញ​និយម
ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០០៣ លោក​ណូ​យ វ៉ា​ន់​ណេ​ត  ថត​បទ​ចម្រៀង​ច្រើន​ឱ្យ​បណ្តា​ផលិតកម្ម​ក្នុងស្រុក​ដូច​ជា​ផលិតកម្ម​ហង្ស​មាស​ជាដើម ដែល​មាន​លោក​ហ្វៃ សំអាង ជា​អ្នកនិពន្ធ ។ លោក​ហ្វៃ សំអាង បាន​និពន្ធ​បទ​ចម្រៀង​ច្រើន ឱ្យ​លោក​ណូ​យ វ៉ា​ន់​ណេ​ត​ច្រៀង ។ ភាគច្រើន​លោក​វ៉ា​ន់​ណេ​ត​ទទួល​បានការ​គាំទ្រ​តាម​រយៈ​បទ​ចម្រៀង​បញ្ចូល​ក្នុង​ខ្សែភាពយន្ត​បរទេស​ដូច​ជា​បទ «​បេះដូង​ពណ៌​ស្វាយ​» បទ «​រលក​បោក​ខ្សាច់​» បទ​«​វណ្ណ​លី​ដា​» និង​បទ «​ជីវិត​ខ្ញុំ​មួយ​អ្នក​ណា​កំណត់​» ជាដើម ។  ក្រៅពី​នេះ​នៅ​មាន​បទ ល្បី​ៗ​អំឡុង​៤​ទៅ​៥​ឆ្នាំ​មុន​ដូច​ជា​បទ «​សម្រស់​បុប្ផា​កំពង់ធំ​» និង​បទ «​កោះ​ឧកញ៉ា​តី​នា​ថ្ងៃ​រៀប​លិច​» ជាដើម ។ ចំពោះ​បទ​ដែល​មហាជន​ចេះ​ចាំ​ច្រើន​មាន​បទ «​កង់​បង​ធ្វើ​នៅ​ស្រុក​ខ្មែរ​» ជា​បទ​ល្បីល្បាញ​បំផុត​កាលពី​អំឡុង​ទស​វត្ស​ទី​៩០ ។

ចំពោះ​ដៃគូ​ចម្រៀង​របស់​លោក​ណូ​យ វ៉ា​ន់​ណេ​ត មាន​តារាចម្រៀង​ផ្នែក​នារី​ជា​ច្រើន​នាក់​ដូច​ជា​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា អ្នកស្រី​ហ៊ឹ​ម ស៊ី​វន កញ្ញា​ទូច ស៊ុន​និ​ច អ្នក​នាង​ឱ​ក បូ​រី និង​អ្នក​នាង​ឈួ​ន សុវណ្ណ​ឆៃ​ជាដើម ។

ចំណងស្នេហា​និង​អាពាហ៍ពិពាហ៍
តារាចម្រៀង​ណូ​យ វ៉ា​ន់​ណេ​ត បាន​ចូល​រោងការ​សំពះ​ផ្ទឹម​តាម​ច្បាប់​ប្រពៃណី​ខ្មែរ​នៅ​ឆ្នាំ​១៩៨២ ជាមួយ​អតីត​អ្នកគ្រូ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​មួយ​នៅ​ខេត្ត​ព្រះ​សីហ​នុ គឺ​អ្នកស្រី​សោម ធី ដែល​បច្ចុប្បន្ន​(​ឆ្នាំ​២០១៥)​ជា​អ្នកជំនួញ​លក់​ផលិតផល​អាហារ​បំប៉ន ។ ចំណងអាពាហ៍ពិពាហ៍​នេះ មិន​មាន​អ្នក​ណា​បង្ខំ​ទេ ពោល​គឺ​ស្រឡាញ់​គ្នា​ចិត្តនឹង​ចិត្ត ហើយ​បាន​ចូល​ស្តីដណ្តឹង និង​រៀប​ការ ។

លោក​ណូ​យ វ៉ា​ន់​ណេ​ត និង​ភរិយា​មានកូន​ចំនួន​៥​នាក់ ក្នុង​នោះ​ប្រុស​២​នាក់ ។ គូ​ស្វាមី​-​ភរិយា​នេះ​ខិតខំ​រក​ប្រាក់​ឱ្យ​កូន​បាន​រៀនសូត្រ និង​រស់នៅ​សមរម្យ​ក្នុង​សង្គម ។

តារាចម្រៀង​ណូ​យ វ៉ា​ន់​ណេ​ត នៅ​តែ​បន្ត​អាជីព​ចម្រៀង​រហូត​ទោះជា​លោក​ជោកជាំ​ឆាកជីវិត​ជា​អ្នកសិល្បៈ​ជិត​៣០​ឆ្នាំ​ក៏​ដោយ ។ លោក​វ៉ា​ន់​ណេ​ត​នៅ​តែ​បន្ត​រហូត​ដល់​ច្រៀង​លែង​កើត​។ មិនតែប៉ុណ្ណោះ តារាចម្រៀង​ជើង​ចាស់​រូប​នេះ ចង់​ចែករំលែក​ចំណេះ​ជំនាញ​ដល់​អ្នក​ជំនាន់​ក្រោយ​តាម​លទ្ធភាព​ដើម្បី​បណ្តែត​ជីវិត​លើ​វិ​ថី​សិល្បៈ​ដោយ​លោក​មិន​លាក់​គំនិត លាក់​ចំណេះដឹង​ឡើយ ៕