ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​អប្សរា​រក​ឃើញ​ក្រុមហ៊ុន​ចិន​ថតរូប​ស្រាត ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ប្រាង្គ​ប្រាសាទ​របស់​កម្ពុជា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​បង្ហោះ​រូបថត​ស្ត្រី​អាក្រាត​ល្វែង​លើ ​ក្នុង​ប្រាង្គ​ប្រាសាទខ្មែរ​ ដែល​មាន​រំលេច​អក្សរ WANIMAL ពិតជា​បាន​ធ្វើ​ឱ្យ​ឆោឡោ ​ដល់​គ្រប់​មជ្ឈដ្ឋាន​នានា និង​បង្ក​ឱ្យ​មាន​ប្រតិកម្ម​ដ៏​ខ្លាំងក្លា​មួយ

រាជធានី​ភ្នំពេញ ៖ ការ​បង្ហោះ​រូបថត​ស្ត្រី​អាក្រាត​ល្វែង​លើ ​ក្នុង​ប្រាង្គ​ប្រាសាទខ្មែរ​ ដែល​មាន​រំលេច​អក្សរ WANIMAL ពិតជា​បាន​ធ្វើ​ឱ្យ​ឆោឡោ ​ដល់​គ្រប់​មជ្ឈដ្ឋាន​នានា និង​បង្ក​ឱ្យ​មាន​ប្រតិកម្ម​ដ៏​ខ្លាំងក្លា​មួយ ។ អាជ្ញាធរ​ជាតិ​អប្សរា​ដែល​ជា​ស្ថាប័ន​ទទួលខុសត្រូវ​ សម្រាប់​តំបន់​ឧទ្យាន​ជាតិ​អង្គរ កាលពី​ថ្ងៃ​ទី​២៥ មក​រា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​ស្រាវជ្រាវ​ដំបូង​ អំពី​រូបភាព​នារី​អាក្រាត​ពាក់កណ្តាល​ខ្លួន​ ឈរ​នៅ​មុខ​ប្រាសាទ​ ផ្សព្វផ្សាយ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ។

ជា​លទ្ធផល ការ​ស្រាវជ្រាវ​ដំបូង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យ​ដឹង​ថា ក្រុម​ដែល​ផ្សព្វផ្សាយ​រូប​នារី​អាសអាភាស​ នៅ​មុខ​ប្រាសាទ​នោះ​ មានឈ្មោះ​ថា WANIMAL ដែល​មាន​មូលដ្ឋាន និង​ប្រភព​នៅ​ប្រទេស​ចិន ។ ក្រុម WANIMAL នេះ​តែងតែ​ផលិត​រូបភាព​បែប​អាសអាភាស ​តាម​ការ​ថត​យក​រូបភាព​ផ្ទាល់​នៅ​តាម​ទីតាំង​ជាក់ស្តែង​ល្បី​ៗ​នានា​ ជា​ច្រើន​ក្នុង​ពិភពលោក ឬ​តាម​របៀប​កាត់ត​ក្នុង​ស្ទូ​ឌី​យោ ។

ដើម្បី​ឆ្លើយ​តប​នឹង​ទ​ង្វើ​អ​សីលធម៌​របស់​ក្រុម WANIMAL ក្នុង​ការ​ផលិត និង​ផ្សព្វផ្សាយ​រូបភាព ​ដែល​មាន​ខ្លឹមសារ​ផ្ទុយ​ស្រឡះ​គ្នា​ទាំងស្រុង ​ពី​លក្ខណៈ​ដ៏​ពិសិដ្ឋ​នៃ​ទីតាំង​ភូមិសាស្ត្រ និង​ប្រវត្តិសាស្ត្រ​រមណីយដ្ឋាន​អង្គរ ជា​ពិសេស​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ ដល់​ភាព​ថ្លៃថ្នូរ​នៃ​នារី​ភេទ និង​អារ្យធម៌​ខ្មែរ​ ដ៏​ថ្កើងថ្កាន អាជ្ញាធរ​ជាតិ​អប្សរា ​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ ដល់​ក្រុម​នេះ​ នៅ​ពេល​ណា​ដែល​យើង​មាន​ព័ត៌មាន​បន្ថែម​គ្រប់គ្រាន់ ។

អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់​ថា រាល់​ភ្ញៀវ​ទេសចរ​ដែល​ទិញ​ប័ណ្ណ​ចូល​ទស្សនា​អង្គរ អាច​ថតរូប​ភាព​ផ្ទាល់ខ្លួន​ជា​អនុស្សាវរីយ៍​បាន ។ រីឯ​ការ​ថត​ខ្សែ ភាពយន្ត ការ​ថត​វី​ដេ​អូ​ឯកសារ ឬ​រូបភាព​ឯកសារ​ផ្សព្វផ្សាយ​នានា ចាំបាច់​ត្រូវ​មានការ​អនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា ហើយ​ក្នុង​ករណី​នោះ​ភ្នាក់ងារ​អាជ្ញាធរ​ជាតិ​អប្សរា តែង​ចុះ​ពិនិត្យ​តាមដាន​ការ​ថត ចៀសវាង​ការ​ថត​មិន​សមរម្យ ។

ដោយឡែក ចំពោះ​ការ​ថតរូប​ភាព​របស់​ក្រុម WANIMAL នេះ គឺ​ធ្វើ​ដោយ​លួចលាក់​ពុំ​មានការ​អនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ឡើយ ៕