រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ កញ្ញា បានសម្រេចឃុំខ្លួនជនជាតិអូស្ត្រាលីម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទរួម ភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ និងអំពើអាស ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញក្នុងអំឡុងឆ្នាំ២០១៣-២០១៤ កន្លងទៅ ។
ជនជាប់សង្ស័យឈ្មោះGEORGE MOUSSALIE ហៅ ចច ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិអូស្ត្រាលី ស្នាក់នៅផ្ទះជួលលេខ៣៣E2 ផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មុខរបរជាគ្រូបង្រៀនភាសាអង់គ្លេស សាលាអាមេរិកាំងប៉ាស៊ីហ្វិក ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃឃាត់ខ្លួនកាលពីថ្ងៃទី៣ កញ្ញា ដែលជាការឃាត់ខ្លួនទៅតាមការស៊ើបអង្កេត និងស្រាវជ្រាវរបស់ដើមបណ្តឹងជនរងគ្រោះ ត្រូវបុគ្គលគ្រូបង្រៀនជនជាតិអូស្ត្រាលីបានប្រព្រឹត្តកន្លងមក ។
ទាក់ទិនទៅនឹងបទល្មើសខាងលើត្រូវបានសមត្ថកិច្ចឲ្យដឹងថា ក្នុងអំឡុងឆ្នាំ២០១៣ និង២០១៤ គ្រូបង្រៀនអង់គ្លេសរូបនេះ បានបបួងលួងលោមកុមារអនាថា តាមមាត់ទន្លេក្នុងរាជធានីភ្នំពេញ យកទៅប្រព្រឹត្តអំពើអនាចារនៅផ្ទះជួល ឬផ្ទះសំណាក់ ដោយគ្រាន់តែបានចំណាយប្រាក់ពី១ពាន់ទៅ២ពាន់រៀល និងឲ្យនំចំណីក្មេងរងគ្រោះហូបចុក ។ ជនសង្ស័យបានប្រព្រឹត្ត ឬឲ្យក្មេងប្រុសប្រព្រឹត្តមកលើខ្លួនវិញ តាមចំណង់ចំណូលចិត្ត និងតណ្ហាដែលគេស្រេកឃ្លាន ។ ក្រោយមកអំពើនោះត្រូវបានអាណាព្យាបាលជនរងគ្រោះប្តឹងទៅអង្គការសង្គមស៊ីវិល ដោយមានការសហការជាមួយសមត្ថកិច្ច និងស្ថាប័នអយ្យការអមសាលាដំបូង ទើបត្រូវបានចាត់ការលើលើបណ្តឹងនេះ ៕


ចែករំលែកព័តមាននេះ