ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន់​ងាប់​ជា​ច្រើន​ក្បាលត្រូវ​ជំនាញ​បសុ​ពេទ្យ​ខេត្ត​ចុះ​ប្រមូល​ដុត​កម្ទេច​ និង​កប់​ចោល​ជៀស​វាង​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី

11 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​​៖ ជំងឺ​ផ្តាសាយ​បក្សី​ (H5N1) ត្រូវ​បាន​គេ​មើ​ល​ឃើញ​ថា​ បាន​កើត​មាន​ស្ទើរ​គ្រប់​ទី​កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​បាន​ឆ្លង​ពី​សត្វ​មក​មនុស្ស​​បណ្តាល​ឱ្យ​​មនុស្ស​ជាច្រើននាក់ស្លាប់ ដែល​ភាគ​ច្រើន​ជាកុមារ​ទៀតផង​ ។    

ជាក់ស្តែង​នៅផ្ទះ​​របស់ប្រជា​ពលរដ្ឋ​ម្នាក់ក្នុងភូមិ​ទី៣ សង្កាត់វាល​វង់ ក្រុង​​កំពង់​ចាម មាន់​ជាច្រើន​ក្បាល​​បាន​ងាប់​ជាបន្ត​បន្ទាប់  ហើយ​ត្រូវជំនាញ​បសុ​ពេទ្យ​ខេត្តចុះ​ប្រមូល​ដុតកំទេច​ និងកប់​ចោល​នាព្រឹក​ថ្ងៃទី​១៧ កក្កដា​ ២០១៤ ​ដើម្បីជៀសវាង​កុំឲ្យឆ្លង​ផ្តា​សាយបក្សី ។

តាម​លោក​ហេង ប៊ុនធឿន ​អាយុ៤៥​ឆ្នាំ ម្ចាស់ផ្ទះ​បានប្រាប់​ឲ្យដឹង​ថា កាល​ពី​​ល្ងាចថ្ងៃទី១៦ ​កក្កដា រូប​លោក​​បានត្រឡប់​មកពីធ្វើការ​នៅអង្គភាព​វិញ  ស្រាប់​តែឃើញ​មេមាន់ និងអាគក​ចំនួន២​ក្បាល​បានងាប់​នៅ​ក្នុង​ទ្រុងចិញ្ចឹមមាន់ ​ភ្លាមៗនោះ​លោក​មិនបាន​យកទៅ​ណា​ទេ ​គឺរង់​ចាំតាម​ដានបន្ត​ទៀត ។

លោក​ប៊ុន ធឿន ​ប្រាប់បន្ត​ថា ​លុះ​រហូតមក​ដល់ព្រឹក​ថ្ងៃទី ​១៧ កក្កដា ​មិនដឹង​ជាមូលហេតុ​អ្វី​នោះ​ទេ ​ស្រាប់​តែកូន​មាន់បាន​ងាប់ក្នុង​ទ្រុង  និង​ក្រោម​​ទ្រុង​បន្តទៀត​ចំនួន​៤ក្បាល ។ ពេលឃើញ​បែបនេះ​រូប​លោក​​មាន​ក្តីបារម្ភ​ជា​ខ្លាំង​ សង្ស័យ​តែជំងឺ​ផ្តាសាយ​បក្សីផ្ទុះ​ឡើង    អាច​បង្កឲ្យ​គ្រោះថ្នាក់​​ដល់​សមា​ជិកក្រុមគ្រួសារ​របស់លោក​ លោក​​ក៏បានរាយ​ការណ៍​ទៅលោក​នង ម៉េង​ហ៊ាង  ប្រធាន​ការិយាល័យ​ផលិត​កម្ម​បសុ​ព្យាបាល​ខេត្ត​​ចុះមក​ត្រួត​ពិនិត្យ​​ជាមួយ​នឹងសហការី​ម្នាក់ ​គឺបាន​យក​មាន់ងាប់ ​និងរស់ទាំង​តូចធំ​ សរុបចំនួន១៦​ក្បាល ព្រមទាំង​ពង​ចំនួន​១៣គ្រាប់​បោះចូល​រណ្តៅដុត​កំទេច​ និង​បាញ់​ថ្នាំប្រភេទ​ TH4 ​សម្លាប់មេរោគ​កប់ក្នុង​រណ្តៅ​សុវត្ថិភាព​ផងដែរ ៕   

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព