ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន អូ​ស៊ី​អាយ​ស៊ី និង WCCI នឹង​បង្កើត​សាកលវិទ្យាល័យ​អាកាសចរណ៍​ដំបូង​គេ​នៅ​កម្ពុជា

1 អាទិត្យ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី ​០១ ខែតុលា ឆ្នាំ​ ២០២៦ ៖ ក្រុមហ៊ុន អូ​ស៊ី​អាយ​ស៊ី (OCIC) និង​ក្រុមហ៊ុន World Citi Colleges International, Inc. (WCCI) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ​នៅ​ថ្ងៃ​ទី​ ១ ខែតុលា ឆ្នាំ​ ២០២៦ ដើម្បី​បង្កើត​សាកលវិទ្យាល័យ WCC International Aero Tech University (WCC IATU) នៅ​រាជធានី​ភ្នំពេញ ​។ សាកលវិទ្យាល័យ​នេះ​នឹង​ពង្រីក​លទ្ធភាព​ទទួល​បានការ​អប់រំ​ផ្នែក​អាកាសចរណ៍​ឯកទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​រៀបចំ​និស្សិត​សម្រាប់​អាជីព​ផ្នែក​បច្ចេកទេស និង​ប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​នេះ​ ។

កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ ឧកញ៉ា​វេជ្ជបណ្ឌិត ពុង ការ៉ូ​លី​ន អនុប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជានា​យក​ប្រតិបត្តិ (CEO) នៃ​ក្រុមហ៊ុន OCIC; លោក Thierry Tea អនុប្រធាន​ក្រុមហ៊ុន OCIC; និង​លោក Raymond Patrick Guico នាយក​ប្រតិបត្តិ (CEO) នៃ​ក្រុមហ៊ុន WCCI​ ។ ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​របស់ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​វត្តមាន​របស់ ឯកឧត្តម លី សុ​វ​ណ្ណា​រិ​ទ្ធ តំណាង​លេខាធិការដ្ឋាន​រដ្ឋបាល​អាកាស​ចរ​ស៊ី​វិល និង​តំណាង​ស្ថានទូត​កា​ណា​ដា ហ្វី​លី​ពី​ន និង​បារាំង​ ។

ការ​អប់រំ​ផ្នែក​អាកាសចរណ៍​កាន់តែ​មក​ជិត​សិស្ស​និស្សិត​កម្ពុជា
នៅ​ដំណាក់កាល​ដំបូង សាកលវិទ្យាល័យ «WCC IATU» នឹង​ផ្តល់​ជូន​កម្មវិធី​ថ្នាក់​បរិញ្ញាបត្រ​ចំនួន ៣ រួម​មាន ​៖
•​ ​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ ជំនាញ​វិស្វកម្ម​ថែទាំ​យន្តហោះ (Mechanical & Avionics)
•​ ​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ ជំនាញ​គ្រប់គ្រង​ប្រតិបត្តិការ​ក្រុមហ៊ុន​អាកាសចរណ៍
•​ ​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ ជំនាញ​គ្រប់គ្រង​ទេសចរណ៍ ជាមួយ​កម្មវិធី​បណ្តុះបណ្តាល​បុគ្គលិក​បម្រើ​ការ​លើ​យន្តហោះ (Flight Attendant)
កម្មវិធី​សិក្សា​ទាំងនេះ​នឹង​បណ្តុះបណ្តាល​និស្សិត​ឱ្យ​មាន​សមត្ថភាព​ក្នុង​ការ​ថែទាំ​យន្តហោះ និង​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​របស់​យន្តហោះ សម្របសម្រួល​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ និង​គាំទ្រ​ដល់​ការ​ផ្តល់​សេវាកម្ម​អាកាសចរណ៍​ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព​ ។

ការ​បើក​វគ្គ​សិក្សា​ទាំងនេះ​នៅ​រាជធានី​ភ្នំពេញ នឹង​ផ្តល់​ឱកាស​ឱ្យ​និស្សិត​កម្ពុជា​ទទួល​បានការ​បណ្តុះបណ្តាល​កម្រិត​អន្តរជាតិ និង​ជំនាញ​ឯកទេស​ដែរ​នៅ​ក្នុងស្រុក​ ។ នេះ​ក៏​នឹង​បង្កើត​ឱកាស​កាន់តែ​ច្រើន​សម្រាប់​អ្នកបច្ចេកទេស និង​វិស្វករ​កម្ពុជា ក្នុង​ការ​កសាង​អាជីព​ក្នុង​វិស័យ​អាកាសចរណ៍ ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​បរទេស​ ។ និស្សិត​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​បណ្តាញ​អន្តរជាតិ​ដ៏​រឹង​មាំ​មួយ ដែល​គ្របដណ្តប់​លើ​តំបន់​មជ្ឈិមបូព៌ា អា​មេ​រិ​ក​ខាងជើង អឺរ៉ុប អាស៊ី​ខាងជើង និង​អូស្ត្រាលី​ ។

យោង​តាម​ក្រុមហ៊ុន Boeing នៅ​ក្នុង​ចន្លោះ​ឆ្នាំ ២០២៦ ដល់​ឆ្នាំ ២០៤៥ តំបន់​អាស៊ី​អាគ្នេយ៍​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ត្រូវការ​អ្នកបើកបរ​យន្តហោះ អ្នកបច្ចេកទេស​ថែទាំ និង​បុគ្គលិក​បម្រើ​ការ​លើ​យន្តហោះ (cabin crew) សរុប​ចំនួន ២៥៨,០០០​នាក់ ខណៈ​ដែល​តម្រូវការ​សកល​នឹង​មាន​លើស​ពី ២,៤ លាន​នាក់​ ។

ឧកញ៉ា វេជ្ជបណ្ឌិត ពុង ការ៉ូ​លី​ន អនុប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន OCIC បាន​មាន​ប្រសាសន៍​ថា ​៖ «​វិស័យ​អាកាសចរណ៍​នាំ​មក​នូវ​ការ​ជួបជុំ​គ្នា​នៃ​មនុស្ស​មក​ពី​វិស័យ​ជំនាញ​ផ្សេង​ៗ​គ្នា​ជា​ច្រើន ​។ តាម​រយៈ​ភាព​ជា​ដៃគូ​ជាមួយ WCCI យើង​ចង់​បើកឱកាស​ឱ្យ​យុវជន​កម្ពុជា​កាន់តែ​ច្រើន​អាច​ចូលរួម​ក្នុង​វិស័យ​នេះ និង​ប្រែក្លាយ​ចំណង់​ចំណូលចិត្ត​របស់​ពួក​គេ​ទៅ​ជា​អាជីព​ការងារ​» ។​

លោក Thierry Tea អនុប្រធាន​ក្រុមហ៊ុន OCIC បាន​មាន​ប្រសាសន៍​ ៖ «​ចក្ខុវិស័យ​របស់​យើង​គឺ​បណ្តុះបណ្តាល​អ្នកជំនាញ​ផ្នែក​អាកាសចរណ៍​ជនជាតិ​កម្ពុជា​ឱ្យ​មាន​កម្រិតស្តង់ដារ​អន្តរជាតិ​ ។ នេះ​ជា​មូលហេតុ​ដែល​យើង​វិនិយោគ​លើ​ការ​កសាង​សមត្ថភាព​ក្នុង​វិស័យ​អាកាសចរណ៍ និង​ទេសចរណ៍​សម្រាប់​យុវជន​ជំនាន់​ក្រោយ ​។ ផ្អែក​លើ​បទ​ពិសោធន៍​ការងារ​របស់ខ្ញុំ​ក្នុង​វិស័យ​អាកាសចរណ៍ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា វិស្វករ និង​អ្នកបច្ចេកទេស​ផ្នែក​អាកាសចរណ៍​របស់​កម្ពុជា នឹង​មាន​អនាគត​ល្អ​មួយ​ទាំង​នៅ​ក្នុង​ប្រទេស និង​លើ​ឆាក​អន្តរជាតិ» ​។​

ការ​នាំ​យក​បទ​ពិសោធន៍​អប់រំ​ផ្នែក​អាកាសចរណ៍​ពី​ប្រទេស​ហ្វី​លី​ពី​ន​មក​កាន់​កម្ពុជា
WCCI គឺជា​គ្រឹះស្ថាន​អប់រំ​ផ្នែក​អាកាសចរណ៍​ឈានមុខ​គេ​មួយ​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន និង​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន World Citi Group ដែល​មាន​ប្រវត្តិ​ក្នុង​វិស័យ​អប់រំ​តាំងពី​ឆ្នាំ ១៩៧៨ មក​ម្ល៉េះ​ ។ សិស្ស​និស្សិត​ជាង ១០០,០០០ នាក់​បាន​បញ្ចប់​ការ​សិក្សា​ពី​គ្រឹះស្ថាន​អប់រំ​របស់​ក្រុមហ៊ុន​នេះ ហើយ​បច្ចុប្បន្ន​កំពុង​បម្រើ​ការងារ​ទាំង​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន និង​នៅ​តាម​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ ។

លោក Raymond Patrick Guico នាយក​ប្រតិបត្តិ (CEO) របស់ WCCI បាន​មាន​ប្រសាសន៍​ថា ​៖ «​សាកលវិទ្យាល័យ​ថ្មី​នេះ​នឹង​ផ្តល់​ជូន​និស្សិត​កម្ពុជា​នូវ​ការ​បណ្តុះបណ្តាល​ដ៏​រឹង​មាំ​លើ​ជំនាញ​ដែល​ពួក​គេ​បាន​ជ្រើសរើស ព្រមទាំង​ការ​យល់​ដឹង​ច្បាស់លាស់​អំពី​អ្វី​ដែល​វិស័យ​នេះ​ត្រូវការ​ ។ យើង​ចង់​ជួយ​ពួក​គេ​ឱ្យ​អភិវឌ្ឍ​ជំនាញ និង​ទំនុកចិត្ត ដើម្បី​កសាង​អាជីព​ដ៏​ល្អ​ប្រសើរ​មួយ​នៅ​ក្នុង​វិស័យ​អាកាសចរណ៍» ​។​

តាម​រយៈ​ភាព​ជា​ដៃគូ​នេះ WCCI នឹង​នាំ​យក​បទ​ពិសោធន៍​អប់រំ​ផ្នែក​អាកាសចរណ៍​ពី​ប្រទេស​ហ្វី​លី​ពី​ន​មក​កាន់​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​កម្មវិធី​សិក្សា​ឯកទេស​របស់ WCC IATU​ ។ សាកលវិទ្យាល័យ​នេះ​នឹង​រួម​បញ្ចូល​គ្នា​នូវ​ជំនាញ​ឯកទេស​ទាំងនេះ ជាមួយនឹង​បទ​ពិសោធន៍​របស់​ក្រុមហ៊ុន OCIC ក្នុង​ការ​អភិវឌ្ឍ​គ្រឹះស្ថាន​អប់រំ និង​ហេដ្ឋារចនាសម្ព័ន្ធ​អាកាសចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ​៕ អត្ថបទសហការ