រាជធានីភ្នំពេញ៖ និយោជិតធនាគារ មេយប៊ែង ជាង ១៥,០០០ នាក់បានរួមគ្នាក្នុងការបង្កើតផលវិជ្ជមានដល់សង្គម តាមរយៈការពង្រឹងផ្នែកចីរភាព ការអប់រំ និងការលើកកម្ពស់សហគមន៍ ។
និយោជិតធនាគារ មេយប៊ែង ជាង ១៥,០០០ នាក់ នៅទូទាំងពិភពលោក បានមករួមគ្នាប្រារព្ធកម្មវិធីលើកទី១៤ នៃទិវាទំនួលខុសត្រូវសង្គមជាសកល របស់សម្ព័ន្ធធនាគារមេយប៊ែង ដោយបាននាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ប្រជាជនក្នុងសហគមន៍ជាង ១៨,០០០នាក់ នៅទូទាំងបណ្ដាញប្រតិបត្តិការរបស់ធនាគារ តាមរយៈការបន្តដើរតួនាទីយ៉ាងសកម្មក្នុងការបង្កើត និងធ្វើឱ្យមានកាផ្លាស់ប្តូរដល់ការរស់នៅ និងបរិស្ថាន តាមរយៈគំនិតផ្ដួចផ្ដើមប្រកបដោយចីរភាព ។

ក្រោមប្រធានបទ «ការបង្កើតផលវិជ្ជមានដល់សង្គម៖ ការលើកកម្ពស់សុខុមាលភាព សម្រាប់មនុស្សគ្រប់រូប» ទិវាទំនួលខុសត្រូវសង្គមជាសកល គឺជាផ្នែកមួយនៃកម្មវិធីស្ម័គ្រចិត្តរបស់និយោជិត នៃសម្ព័ន្ធធនាគារ មេយប៊ែង ក្រោមគំនិតផ្តួចផ្តើម ដែលមានឈ្មោះថា Cahaya Kasih (CK) ដែលបានអនុញ្ញាតឱ្យនិយោជិតទាំងអស់ ចូលរួមជាមួយគ្នាក្នុងថ្ងៃតែមួយ ដើម្បីធ្វើការងារសង្គម ដែលផ្តល់ផលវិជ្ជមានបែបយូរអង្វែង ដល់សហគមន៍ បរិស្ថាន និងការអប់រំ ។
នៅក្នុងឆ្នាំនេះ និយោជិតធនាគារ មេយប៊ែង បានរួមគ្នានាំយកនូវគំនិតផ្តួចផ្តើមចំនួន ៨៨ នៅទូទាំងសម្ព័ន្ធធនាគារ មេយប៊ែង សម្រាប់សហគមន៍ជាច្រើន ក្នុងប្រទេសម៉ាឡេស៊ី និងជុំវិញពិភពលោក រាប់ចាប់ពីទីក្រុងញូវយ៉ក និងទីក្រុងឡុងដ៍ រហូតដល់ប្រទេសចិន និងទូទាំងតំបន់អាស៊ាន ។ កម្មវិធីនេះត្រូវបានចាត់ទុកថាជាកម្មវិធីសហគមន៍ ដឹកនាំដោយនិយោជិតដ៏ធំបំផុតមួយ ហើយត្រូវបានធ្វើឡើងក្នុងថ្ងៃតែមួយ ផ្តើមចេញពីប្រទេស ម៉ាឡេស៊ី ដែលព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងពីការបន្តកាតព្វកិច្ចរបស់ធនាគារ មេយប៊ែង ក្នុងការបង្កើតការផ្លាស់ប្តូរវិជ្ជមានប្រកបដោយចីរភាព និងមានអត្ថន័យនៅតាមសហគមន៍របស់ខ្លួន ។ គិតមកទល់ពេលបច្ចុប្បន្ន កម្មវិធីនេះ បានបង្កើតផលវិជ្ជមានដល់ជីវិតមនុស្សជាង ២៥៩,០០០ នាក់នៅទូទាំងសកលលោក ។

គំនិតផ្តួចផ្តើមជាសកលនេះ គឺស្របទៅតាមយុទ្ធសាស្ត្រ ROAR30 និងការតាំងចិត្តប្រកបដោយចីរភាពរបស់ធនាគារ មេយប៊ែង ជាពិសេសគោលដៅក្នុង «ការបង្កើតផលវិជ្ជមានដល់សង្គម» តាមរយៈការផ្តល់ជូនម៉ោងស្ម័គ្រចិត្តជាង ៧៧,០០០ ម៉ោងជាប្រចាំឆ្នាំ ដែលចូលរួមចំណែក ដល់ការសម្រេចគោលដៅប្រចាំឆ្នាំ របស់សម្ព័ន្ធធនាគារ មេយប៊ែង ចំនួន ១៥០,០០០ ម៉ោង ។
លោកស្រី Mazhatulshima Mohd Zahid នាយិកាប្រតិបត្តិ ផ្នែកធនធានមនុស្សនៃសម្ព័ន្ធធនាគារ មេយប៊ែង មានប្រសាសន៍ថា «ទិវាទំនួលខុសត្រូវសង្គមជាសកលលើកទី១៤ របស់សម្ព័ន្ធធនាគារ មេយប៊ែង បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំជាបន្តបន្ទាប់របស់យើង ក្នុងការបង្កើតផលប៉ះពាល់ប្រកបដោយអត្ថន័យ និងចីរភាពសម្រាប់សហគមន៍ជុំវិញពិភពលោក ដែលស្របតាមគោលបំណង «ការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយអរិយ្យភាព» និងចក្ខុវិស័យ នៃយុទ្ធសាស្ត្រ ROAR30 របស់ខ្លួន ។

លោកស្រីបានមានប្រសាសន៍បន្ថែមទៀតថា៖ «ទិវាទំនួលខុសត្រូវសង្គមជាសកល គឺជាការស្តែងចេញយ៉ាងរឹងមាំបំផុត អំពីការរួបរួមគ្នារបស់និយោជិតធនាគារ មេយប៊ែង ក្នុងគោលបំណងតែមួយ ដើម្បីបង្កើតផលវិជ្ជមានដល់សង្គម ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់និយោជិតធនាគារ មេយប៊ែង នៅតាមទីផ្សារចំនួន ១៥ យើងមិនត្រឹមតែដោះស្រាយ នូវតម្រូវការចំពោះមុខរបស់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់សុខុមាលភាព រយៈពេលវែង តាមរយៈគំនិតផ្តួចផ្តើមដែលផ្តោតលើការលើកកម្ពស់សហគមន៍ ការអប់រំ និងចីរភាពបរិស្ថាន ។ នៅក្នុងការចាប់ផ្តើម ទិវាទំនួលខុសត្រូវសង្គមជាសកល របស់សម្ព័ន្ធធនាគារ មេយប៊ែង លើកទី ១៤នេះ យើងនៅតែបន្តប្តេជ្ញាចិត្តក្នុងការបង្កើតការផ្លាស់ប្តូរប្រកបដោយអត្ថន័យ ដែលពង្រឹងជីវភារស់នៅ បង្កើតភាពធន់ និងលើកកម្ពស់សហគមន៍ ឱ្យកាន់តែរីកចម្រើន» ។
កម្មវិធី Cahaya Kasih នៅតែបន្តដើរតួជាគ្រឹះយ៉ាងសំខាន់ នៃកិច្ចខិតខំប្រឹងប្រែងស្ម័គ្រចិត្តរបស់និយោជិតរបស់យើង ដោយផ្តល់នូវវេទិកាសម្រាប់និយោជិតធនាគារ មេយប៊ែង ក្នុងការចំណាយពេលវេលា ជំនាញ និងចំណេះដឹងរបស់ពួកគេ ដើម្បីគាំទ្របុព្វហេតុ ដែលមានសារៈសំខាន់ចំពោះសហគមន៍ ។ ស្របតាមប្រធានបទឆ្នាំនេះ យើងមិនត្រឹមតែផ្តោតលើការចូលរួម ទៅកាន់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងផ្តោតលើការបង្កើតលទ្ធផលប្រកបចីរភាព ដែលលើកកម្ពស់ជំនាញ និងជីវភាពរស់នៅរបស់បុគ្គល គ្រួសារ និងសហគមន៍ ។ តាមរយៈការៀបចំជាវគ្គដែលមានរយៈពេលពីរឆ្នាំនេះ យើងមានគោលបំណង បង្កើនជម្រៅនៃផលប៉ះពាល់ លើកកម្ពស់សុខុមាលភាពសង្គម និងជំរុញការកើនឡើងប្រកបដោយបរិយាបន្ននៅគ្រប់ទីផ្សារ ក្នុងសហគមន៍ ។

នៅក្នុងប្រទេសកម្ពុជា និយោជិតរបស់ធនាគារ មេយប៊ែង ជាង ៤០០នាក់ មកពីបណ្តាខេត្តនានា បានជួបជុំគ្នានៅរាជធានីភ្នំពេញ និងខេត្តសៀមរាប សម្រាប់ទិវាទំនួលខុសត្រូវសង្គមជាសកល ក្រោមប្រធានបទ «អាហារូបត្ថម្ភគ្រប់គ្រាន់ សុខភាពល្អ» ដោយបានជួយដល់កុមារជាង ១៧០ នាក់ និងគ្រួសារងាយរងគ្រោះចំនួន ២៥ គ្រួសារ តាមរយៈគំនិតផ្តួចផ្តើម លើកកម្ពស់អាហារូបត្ថម្ភរបស់កុមារ ការរស់នៅមានសុខភាពល្អ និងសុខុមាលភាពទូទៅ ។
កម្មវិធីនេះត្រូវបានរៀបចំឡើង នៅអង្គការបេះដូងតូច ក្នុងខេត្តកណ្តាល និងអង្គការអនាគតកូនខ្មែរ ក្នុងខេត្តសៀមរាប ដោយមានការចូលរួមពីនិយោជិតរបស់ធនាគារ មេយប៊ែង ដើម្បីលើកកម្ពស់ទម្លាប់នៃការទទួលទានអាហារ ដែលមានសុខភាពល្អ និងបង្កើនការយល់ដឹងអំពីអាហារូបត្ថម្ភ ។ តាមរយៈការសិក្សាចែករំលែក ការផាត់ពណ៌ក្រោមប្រធានបទអាហារូបត្ថម្ភ និងការអនុវត្ត “ការដាក់លក់ និងទិញផ្លែឈើ” កុមារបានយល់ដឹងអំពីការជ្រើសរើសអាហារ ដែលមានជីវជាតិ និងមានឱកាសជ្រើសរើសប្រភេទផ្លែឈើ ដែលធ្វើឱ្យសុខភាពល្អផងដែរ ។ ក្រៅពីសកម្មភាពក្នុងថ្នាក់រៀន និយោជិតបានចូលរួមកែលម្អសួនបន្លែ ដើម្បីគាំទ្រដល់ការដាំដុះបន្លែសរីរាង្គ សម្រាប់កុមារ ខណៈដែលក្រុមផ្សេងទៀត បានធ្វើការជាមួយអ្នកថែទាំនៅក្នុងផ្ទះបាយ ដើម្បីរៀបចំ និងចែកជូនអាហារថ្ងៃត្រង់ប្រកបដោយជីវជាតិ ដោយអនុវត្តជាក់ស្តែងនូវចំណេះដឹង ដែលបានរៀននៅពេលព្រឹក ។ ដោយទទួលស្គាល់តួនាទីដ៏សំខាន់របស់ឪពុកម្តាយ និងអ្នកថែទាំក្នុងការបង្កើតទម្លាប់ នៃការទទួលទានអាហាររបស់កុមារ និយោជិតក៏បានរៀបចំប្រអប់អាហារូបត្ថម្ភ សម្រាប់ចែកជូនដល់ក្រុមគ្រួសារងាយរងគ្រោះ និងចែករំលែកគន្លឹះអនុវត្តជាក់ស្តែងអំពីអាហារូបត្ថម្ភ ដើម្បីលើកទឹកចិត្តឱ្យមានការរៀបចំអាហារ ដែលមានសុខភាពល្អ ។

លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងជានាយកប្រចាំប្រទេស របស់ធនាគារ មេយប៊ែង ខេមបូឌា បានមានប្រសាសន៍ថា៖ «មនុស្សភាគច្រើនតែងតែយល់ថា អាហារូបត្ថម្ភពាក់ព័ន្ធជាមួយតែបញ្ហាសុខភាពប៉ុណ្ណោះ ប៉ុន្តែតាមពិតទៅ វាគឺជាកត្តាសំខាន់បំផុតដែលកំណត់នូវការអភិវឌ្ឍន៍ ក្នុងរយៈពេលវែង ។ អាហារូបត្ថម្ភ ក្នុងដំណាក់កាលដំបូងនឹងជះឥទ្ធិពល ដល់សមត្ថភាពរៀនសូត្ររបស់កុមារ និងឱកាសដែលពួកគេអាចទទួលបាននៅពេលពេញវ័យ ។ ប្រសិនបើយើងចង់ចូលរួមគាំទ្រ ដល់យុវជនជំនាន់ក្រោយរបស់កម្ពុជា ឱ្យមានភាពរឹងមាំ នេះជាចំណុចដែលយើងគួរចាប់ផ្តើម គឺត្រូវចាប់ផ្តើមតាំងពីដំណាក់កាលដំបូងបំផុត និងចុះទៅដល់មូលដ្ឋាននៃសហគមន៍ផ្ទាល់» ។
«គោលការណ៍របស់យើងមិនមែនគ្រាន់តែជា ការផ្តល់ឱ្យក្នុងពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែយើងផ្តោតសំខាន់ទៅលើការបង្កើតផលប្រយោជន៍យូរអង្វែង សម្រាប់សហគមន៍ ។ តាមរយៈកម្មវិធី «អាហារូបត្ថម្ភគ្រប់គ្រាន់ សុខភាពល្អ» និយោជិតធនាគារ មេយប៊ែង របស់យើងបានចែករំលែកចំណេះដឹងជាក់ស្តែង ដែលកុមារអាចយកទៅអនុវត្តនៅផ្ទះបាន ហើយអ្នកថែទាំក៏អាចយកទៅ បន្តពង្រឹងបន្ថែមទៀតបានផងដែរ ។ នេះហើយគឺជាអត្ថន័យពិត នៃការចូលរួមបង្កើតផលវិជ្ជមានដល់សង្គម តាមរយៈការចូលរួមចំណែក ក្នុងការធ្វើឱ្យសហគមន៍អាចបន្តអភិវឌ្ឍទៅមុខ និងរីកចម្រើនទៅមុខដោយខ្លួនឯង» ។
សមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងនិយោជិតមកពីទីតាំងផ្សេងៗ ជុំវិញពិភពលោក បានចូលរួមយ៉ាងសកម្មក្នុងគម្រោងនានា ដែលរួមមានការផ្តល់អំណាច និងការគាំទ្រដល់សហគមន៍ងាយរងគ្រោះ ការអភិរក្សសត្វព្រៃ ការដាំកូនកោងកាងឡើងវិញ សិក្ខាសាលាអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសកម្មភាពជាច្រើនផ្សេងទៀត ។

កម្មវិធី «ទិវាទំនួលខុសត្រូវសង្គមជាសកល» របស់ធនាគារ មេយប៊ែង ត្រូវបានបង្កើតជាលើកដំបូងក្នុងឆ្នាំ២០១០ ដើម្បីរំលឹកដល់ការផ្តល់សេវាហិរញ្ញវត្ថុរយៈពេលប្រាំទសវត្សរ៍ របស់ធនាគារ មេយប៊ែង ។ ក្នុងព្រឹត្តិការណ៍លើកដំបូងនោះ មាននិយោជិតជាង ១០,០០០ នាក់បានចូលរួម ដែលនេះគឺជាការចាប់ផ្ដើមនៃកម្មវិធីស្ម័គ្រចិត្ត កម្រិតសកលដ៏សំខាន់មួយរបស់ធនាគារ មេយប៊ែង ។ ការកើនឡើងជាលំដាប់ នៃចំនួនអ្នកចូលរួមក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីសាមគ្គីភាពយ៉ាងខ្លាំងក្លា និងការប្តេជ្ញាចិត្តរួមគ្នារបស់បុគ្គលិកគ្រប់រូប ក្នុងការចូលរួមចំណែកបង្កើតនូវផលវិជ្ជមាន និងការផ្លាស់ប្តូរដ៏ល្អប្រសើរ សម្រាប់សហគមន៍ដែលពួកគេកំពុងបម្រើ ។
កម្មវិធី «ទិវាទំនួលខុសត្រូវសង្គមជាសកល» មានភាពលេចធ្លោជាងកម្មវិធី ទំនួលខុសត្រូវសង្គមទូទៅ ដោយសារវាផ្ដោតសំខាន់លើការចូលរួម យ៉ាងសកម្មពីសំណាក់និយោជិត និងការអនុវត្តផ្ទាល់ពេញមួយឆ្នាំ ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយនិយោជិត ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយសហគមន៍ ហើយអនុញ្ញាតឱ្យគម្រោងនីមួយៗអាចឆ្លើយតបទៅនឹងតម្រូវការ ជាក់ស្តែងរបស់សហគមន៍ ប្រកបដោយចីរភាព និងភាពស្មោះត្រង់ចំពោះបរិបទក្នុងតំបន់ ។ ដោយមានការគាំទ្រពីមូលនិធិ សម្ព័ន្ធធនាគារ មេយប៊ែង និងនាយកដ្ឋានធនធានមនុស្ស នៃសម្ព័ន្ធធនាគារ មេយប៊ែង កម្មវិធីនេះបានបង្កើតនូវផលវិជ្ជមាន យ៉ាងជាក់លាក់ដល់សង្គម ហើយត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា ជាកម្មវិធីស្ម័គ្រចិត្តរបស់និយោជិតដ៏ធំមួយ នៅក្នុងតំបន់អាស៊ាន ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ