ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Rachna Eco Energy EV Automotive (Cambodia) សម្ពោធ​ជា​ផ្លូវការ​រថយន្ត​អគ្គិសនី​ម៉ាក រី​ឡាយ (RELY EV)

1 ខែ មុន

រាជធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន Rachna Eco Energy EV Automotive (Cambodia) Co., Ltd (RNA) ដែល​ជា​ក្រុមហ៊ុន​មាន​ភាគហ៊ុន​ខ្មែរ ១០០% ដែល​បាន​បោះ​ជំហាន​យ៉ាង​សកម្ម និង​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ ក្នុង​ការ​នាំ​យក​បច្ចេកវិទ្យា​រថយន្ត អគ្គិសនី​ទំនើប​មក​បំពេញតម្រូវការ​ទីផ្សារ​កម្ពុជា​ផង​នោះ នៅ​ថ្ងៃ​ទី ​០៥ ខែកញ្ញា ឆ្នាំ​ ២០២៦ ក្រុមហ៊ុន RNA បាន​សម្ពោធ​ជា​ផ្លូវការ​នូវ​រថយន្ត​អគ្គិសនី​ម៉ាក រី​ឡាយ (RELY EV)​ ។

តាម​រយៈ​លោកស្រី តឹក​រ៉េ​ត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​សម្តែង​ការ​កោតសរសើរ និង​លើក​ឡើង​ថា ​៖ «​និន្នាការ​នៃ​ការ​អភិវឌ្ឍ និង​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​នៅ​ក្នុង​តំបន់ និង​សកលលោក កំពុង​កើនឡើង​យ៉ាង​ខ្លាំង ដោយសារ​យានយន្ត​អគ្គិសនី​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សង្គម​-​សេដ្ឋកិច្ច រួម​មានការ​បង្កើត​ការងារ ការ​បង្កើន​តម្លៃបន្ថែម​ក្នុង​សេដ្ឋកិច្ច ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល ការ​ការពារ​បរិស្ថាន និង​សុខភាព​ប្រជាជន ព្រមទាំង​ការ​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ការ​នាំ​ចូល​ប្រេងឥន្ធនៈ​ពី​បរទេស​» ។លោកស្រីបន្ត​ថា ការ​នាំ​ចូល​និង​ចែកចាយ​រថយន្ត​អគ្គិសនី RELY EV ត្រូវ​បាន​ចាត់​ទុក​ថា ជា​ការ​ចូលរួម​របស់​វិស័យ​ឯកជន​ក្នុង​ការ​គាំទ្រ​ដល់​អាទិភាព​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ​។

នា​ឱ្យ​កាស​នេះ​ផង​ដែរ លោក អូន រចនា អគ្គនាយក​នៃ​ក្រុមហ៊ុន RNA បាន​លើក​ឡើង​ថា ការ​ឈាន​មក​ដល់​ដំណាក់កាល​នេះ គឺជា​លទ្ធផល​នៃ​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​របស់​ក្រុមហ៊ុន RNA និង​ជា​ក្តី​ប្រាថ្នា​របស់​លោក​ក្នុង​នាម​ជា​កូន​ខ្មែរ ដែល​ចង់​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ ព្រមទាំង​បង្ហាញ​ថា សហគ្រិន​ខ្មែរ​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​អាជីវកម្ម និង​នាំ​យក​បច្ចេកវិទ្យា​ទំនើប​មក​បម្រើ​ប្រជាពលរដ្ឋ​ ។

លោកបាន​បន្ត​ថា ក្រុមហ៊ុន RNA បាន​សម្រេច​ផ្តោត​លើ​រថយន្ត​អគ្គិសនី​សុទ្ធ ដោយសារ​មូលហេតុ​សំខាន់​ៗ​ជា​ច្រើន ក្នុង​នោះ​មានការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ជំរុញ​ការ​ដឹក​ជញ្ជូន​បៃតង និង​ការ​អភិវឌ្ឍ​ប្រទេស​ប្រកបដោយ​ចីរភាព​ ។ បន្ថែម​ពី​នេះ​លោក អូន រចនា ថា​ លោក​ចង់​ឃើញ​ប្រជាពលរដ្ឋ​កម្ពុជា​រស់នៅ​ក្នុង​បរិស្ថាន​ដែល​មាន​ខ្យល់អាកាស​ស្អាត និង​មាន​សុខភាព​ល្អ តាម​រយៈ​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ផ្សែង​ពុល​ពី​យានយន្ត​ប្រើប្រាស់​ប្រេងឥន្ធនៈ ​។ ចំណុច​សំខាន់​មួយទៀត គឺ​ការ​កាត់​បន្ថយ​ថ្លៃដើម​ដឹក​ជញ្ជូន​សម្រាប់​អាជីវកម្ម​ ។ តាម​ការ​គណនា​របស់​ក្រុមហ៊ុន ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​អាច​ជួយ​កាត់​បន្ថយ​ចំណាយ លើ​ការ​ធ្វើ​ដំណើរ ឬ​ដឹក​ជញ្ជូន​ចម្ងាយ​១០០​គីឡូម៉ែត្រ ពី​ប្រមាណ​១០ ទៅ​១៣​ដុល្លារ សម្រាប់​រថយន្ត​ប្រើប្រាស់​សាំង ឬ​ម៉ា​ស៊ូ​ត មក​នៅ​ត្រឹម​ប្រមាណ​ពី ៣ ទៅ​ ៤​ដុល្លារ​ ។

ជាមួយ​គ្នា​នេះ លោក ស៊ន ភិ​រម្យ នាយក​គ្រប់គ្រង​ទូទៅ​នៃ​រថយន្ត​អគ្គិសនី​សុទ្ធ RELY EV ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ការ​សម្ពោធ​រថយន្ត​ភី​ក​អាប់​អគ្គិសនី​សុទ្ធ​ម៉ាក RELY នៅ​កម្ពុជា មិនមែន​គ្រាន់តែ​ជា​ការ​នាំ​យក​ផលិតផល​យានយន្ត​ថ្មី​មក​កាន់​ទីផ្សារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​បង្ហាញ​ពី​ការ​បោះ​ជំហាន​របស់​កម្ពុជា​ឆ្ពោះទៅ​កាន់​ប្រព័ន្ធ​ដឹក​ជញ្ជូន​បៃតង និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ។
លោក​បាន​លើក​ឡើង​ថា ​៖ «​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​វិស័យ​យានយន្ត​អគ្គិសនី ឆ្នាំ​ ២០២៤-២០៣០ បាន​កំណត់​គោលដៅ​ជំរុញ​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា ខណៈ​តួលេខ​ដែល​លោក​បាន​យោង​បង្ហាញ​ថា រថយន្ត​អគ្គិសនី​ដែល​បាន​ចុះបញ្ជី​ក្នុង​ឆ្នាំ ​២០២៥ មាន​ចំនួន ៧ ៩៧១​គ្រឿង ហើយ​គិត​ត្រឹម​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២៦ ចំនួន​រថយន្ត​អគ្គិសនី​គ្រប់​ម៉ូ​ដែល​ដែល​បាន​ចុះបញ្ជី​បាន​កើនឡើង​ដល់​ជាង ១១ ៦០០​គ្រឿង​» ។

លោក​បន្ថែម​ថា ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​អាច​ជួយ​កាត់​បន្ថយ​ថ្លៃដើម ប្រតិបត្តិការ​របស់​អាជីវកម្ម តាម​រយៈ​ការ​កាត់​បន្ថយ​ចំណាយ លើ​ថាមពល​សម្រាប់​ការ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន ​។ លោក​បាន​លើក​ជា​ឧទាហរណ៍​ថា ការ​ធ្វើ​ដំណើរ​ចម្ងាយ​ ១០០ គីឡូម៉ែត្រ អាច​ចំណាយ​ប្រមាណ​ពី ១០ ទៅ ​១៣​ដុល្លារ ប្រសិនបើ​ប្រើប្រាស់​រថយន្ត​សាំង ឬ​ម៉ា​ស៊ូ​ត ខណៈ​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី អាច​កាត់​បន្ថយ​មក​ត្រឹម​ប្រមាណ​ពី ៣ ទៅ​ ៤​ដុល្លារ តាម​ការ​គណនា​របស់​ក្រុមហ៊ុន ​។ ក្រៅពី​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច លោក ស៊ន ភិ​រម្យ ក៏​បាន​សង្កត់ធ្ងន់​លើ​អត្ថប្រយោជន៍​ផ្នែក​បរិស្ថាន និង​សុខភាព​សាធារណៈ ដោយសារ​យានយន្ត​អគ្គិសនី​មិន​បញ្ចេញ​ផ្សែង​ពី​ការ​ចំហេះ​ឥន្ធនៈ​នៅ​ពេល​បើកបរ និង​អាច​រួមចំណែក​កាត់​បន្ថយ​ការ​បំពុល​ខ្យល់​ ។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា ក្រុមហ៊ុន​កូន​ខ្មែរ RNA មានការ​ប្តេជ្ញា​ចិត្ត​ផ្តល់​ជូន​រថយន្ត​ភី​ក​អាប់​អគ្គិសនី​សុទ្ធ RELY ដែល​មាន​បច្ចេកវិទ្យា​ទំនើប សុវត្ថិភាព និង​ភាព​ធន់​ខ្ពស់ ព្រមទាំង​ផ្តល់​សេវាកម្ម​ក្រោយ​ពេល​លក់​ប្រកបដោយ​គុណភាព​ ។ បច្ចុប្បន្ន ក្រុមហ៊ុន​មាន​យានដ្ឋាន​ជួសជុល​ដែល​មាន​ជាង​ជំនាញ និង​មានបទពិសោធន៍ ព្រមទាំង​ទទួល​បានការ​បណ្តុះបណ្តាល​ពី​រោងចក្រ RELY និង​មានការ​រៀបចំ​ស្តុក​គ្រឿងបន្លាស់​សម្រាប់​បម្រើ​អតិថិជន ​។ រាល់​រថយន្ត​ដែល​អតិថិជន​ទិញ​ពី​ក្រុមហ៊ុន ក៏​មានការ​ធានា​ច្បាស់លាស់​ពី​រោងចក្រ​ផង​ដែរ ​៕ អត្ថបទ​សហការ