ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួងការងារ ស្ថានទូត និងសហគមន៍ខ្មែរនៅកូរ៉េខាងត្បូងរៀបចំព្រឹត្តិការណ៍ប្រកួត “ពានរង្វាន់បាល់ទាត់មិត្តភាពសហគមន៍ខ្មែរ”

2 ថ្ងៃ មុន

សាធារណរដ្ឋកូរ៉េ ៖ នៅថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសមាគមរាជសីហ៍…

សាធារណរដ្ឋកូរ៉េ ៖ នៅថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសមាគមរាជសីហ៍ សហការជាមួយរដ្ឋបាលស្រុក អឺមសង់នៃសាធារណរដ្ឋកូរ៉េ បានរៀបចំព្រឹត្តិការណ៍ប្រកួត “ពានរង្វាន់បាល់ទាត់មិត្តភាពសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ លើកទី១ ឆ្នាំ២០២៦” ដោយមានក្រុមកីឡាករមកពីតំបន់នានាចំនួន ២១ក្រុម ចូលរួមប្រកួតនៅតារាងបាល់ទាត់ នៅតំបន់អឺមសង់នៃសាធារណរដ្ឋកូរ៉េ ។

ក្នុងព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ និងជាតំណាងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ, ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍, ឯកឧត្តម ចូ ប្យ៉ុងវ៉ុក អភិបាលស្រុកអឹមសង់, ឯកឧត្តម គីម យ៉ុងហូ សមាជិកសភាស្រុកអឹមសង់,លោក ស៊ីន ហ្យូស៊ុប ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឈុងប៊ុក, លោកអធិការស្រុកអឹមសង់ មជ្ឈមណ្ឌលគាំពារពលករបរទេសប្រចាំស្រុកអឺមសង់ សប្បុរសជន និងបងប្អូនសហគមន៍ខ្មែរនៅកូរ៉េ សរុបប្រមាណ ២០០០នាក់ ។

ព្រឹត្តការណ៍នេះ ត្រូវបានរៀបចំឡើងក្រោមស្មារតី «រួមគ្នាដើម្បីសាមគ្គីភាព សុខភាព ការគាំពារសហគមន៍ និងកីឡា» ដើម្បីពង្រឹងចំណងសាមគ្គីភាព និងមិត្តភាព បង្កើតឱកាសដល់បងប្អូនសហគមន៍ខ្មែរ ពលករ ពលការិនី សិស្ស-និស្សិត និងពលករខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ បានជួបជុំគ្នាស្និទ្ធស្នាល និងបង្កើនទំនាក់ទំនងល្អ ទោះបីនៅឆ្ងាយពីស្រុកកំណើត។ លើសពីនេះក្នុងព្រឹត្តិការណ៍នេះ ស្ថានទូតក៏មានបើកផ្តល់សេវាសាធារណៈ ប្រឹក្សាការងារចល័ត និងការពិនិត្យសុខភាពឥតគិតថ្លៃ ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋខ្មែរផងដែរ ។

ការប្រកួតបាល់ទាត់មិត្តភាពបានបង្ហាញពីវិន័យ សីលធម៌ និងភាពថ្លៃថ្នូររបស់យុវជនខ្មែរទៅកាន់សហគមន៍អន្តរជាតិ និងម្ចាស់ផ្ទះ តាមរយៈការប្រកួតប្រជែងដោយភាពស្មោះត្រង់មិនមែនផ្តោតលើតែការចាញ់-ឈ្នះ ប៉ុន្តែជាស្ពានចម្លងនៃការយោគយល់ អធ្យាស្រ័យ និងការចេះអត់ឱនឱ្យគ្នាទៅវិញទៅមក (Fair Play) ។

ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការប្រកួតកីឡាដើម្បីស្វែងរកជើងឯកនោះទេ ប៉ុន្តែវាជាព្រឹត្តិការណ៍ មួយដែលបង្ហាញពីការយកចិត្តទុកដាក់ និងការរួមសហការគ្នាយ៉ាងពិតប្រាកដ ដើម្បីមហាគ្រួសារខ្មែរនៅលើទឹកដីនៃសាធារណរដ្ឋកូរ៉េ ៕ អត្ថបទសហការ