រាជធានីភ្នំពេញ ៖ មនុស្សម្នាក់ៗមានរបៀបចាប់យកចំណេះដឹង និងការសិក្សាតាមបែបផ្សេងៗគ្នា (Learning style) ហេតុនេះហើយនេះជាការចាំបាច់បំផុត ប្រសិនបើអ្នកស្គាល់ពីខ្លួនឯងឱ្យច្បាស់ថា តើរបៀបរៀនបែបណាដែលខួរក្បាលរបស់អ្នកឆាប់ចាប់យកបានចំណេះដឹង និងចងចាំវាបានយូរនោះ? ដូច្នេះខាងក្រោមនេះជា ប្រភេទអ្នកសិក្សាទាំង៣ប្រភេទសំខាន់ៗ ដែលអ្នកគួរតែដឹង ដើម្បីធ្វើការឈ្វេងយល់ថាតើអ្នកស្ថិតក្នុងប្រភេទមួយណា ?
១. អ្នកសិក្សាតាមបែបចក្ខុវិញ្ញាណ (Visual Learners)
អ្នកសិក្សាប្រភេទនេះមានសមត្ថភាពក្នុងការស្រូបយកចំណេះដឹងតាមរយៈការមើល ដោយប្រើអ្វីដែលពួកគេមើលឃើញដើម្បីប្រមូល និងយល់អំពីព័ត៌មានផ្សេងៗ ។ បុគ្គលទាំងនេះរៀនបានល្អបំផុតតាមរយៈការមើលរូបភាព ដ្យាក្រាម គំនូសតាង និងផែនទី ។ បើអ្នកស្ថិតក្នុងប្រភេទខាងលើនេះ អ្នកគួរមានទម្លាប់ក្នុងការរៀនតាមរយៈការអាន និងកត់ត្រាទុកនូវរាល់ចំណុចសំខាន់ពេលគ្រូពន្យល់ ។ លើសពីនេះ បើអ្នកឆាប់យល់ពីទិសដៅតាមរយៈផែនទី ឬជារូបភាពបង្ហាញផ្សេងៗ នោះអ្នកស្ថិតក្នុងប្រភេទជាអ្នកសិក្សាតាមបែបចក្ខុវិញ្ញាណដោយប្រើរូបភាពហើយ។ ដូច្នេះបើអ្នកចង់រៀនឆាប់ចេះ អ្នកគួរងាកមកសិក្សាលើក្រាហ្វិក ក្រាប រូបភាព ឬតារាង រួមទាំងការនឹកស្រមៃអ្វីដែលកើតក្នុងស្ថានភាពជាក់ស្ដែងណាមួយក៏បាន ។
- គន្លឹះសម្រាប់អ្នកសិក្សាតាមបែបចក្ខុវិញ្ញាណ (Visual Learners) រួមមាន ៖
-ការប្រើប្រាស់ Visual Aids ៖ បញ្ចូលដ្យាក្រាម គំនូសតាង ក្រាហ្វ និងរូបភាពទៅក្នុងមេរៀន។ តាមរយៈវិធីនេះអាចជួយឱ្យអ្នកសិក្សាតាមបែបចក្ខុវិញ្ញាណឆាប់យល់ច្បាស់ និងស៊ីជម្រៅ ។
-រៀនជាមួយវត្ថុដែលមានចលនា ៖ ប្រើប្រាស់វីដេអូ និងរូបភាពដែលមានចលនាដើម្បីរៀន ឬបង្ហាញពីគំនិត ។ វិធីសាស្ត្រនេះជំរុញអ្នកសិក្សាបង្កើនអារម្មណ៍យកចិត្តទុកដាក់ខ្ពស់ក្នុងការរៀនសូត្រ ។
-ការសរសេរកំណត់ចំណាំដោយប្រើពណ៌ ៖ លើកទឹកចិត្តឱ្យប្រើ ប៊ិចពណ៌ ឬក្រដាស់ចម្រុះពណ៌ដើម្បីកត់ចំណាំ ។ ពណ៌ផ្សេងគ្នាធ្វើអោយងាយស្រួលក្នុងការមើលព័ត៌មានផ្សេងៗយ៉ាងឆាប់រហ័ស និងធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការរំលឹកនៅពេលក្រោយសម្រាប់អ្នកសិក្សាតាមបែបចក្ខុវិញ្ញាណ ។
-រៀនមេរៀនដែលមានរូបភាព ៖ លើកទឹកចិត្តសិស្សឱ្យបង្កើតរឿងដោយប្រើរូបភាព ឬគំនូរ ជំនួសមេរៀនដែលមានតែអត្ថបទសុទ្ធ ។ វិធីសាស្ត្រនេះធ្វើឱ្យការរៀនសូត្រកាន់តែទទួលបានការចាប់អារម្មណ៍ និងបង្កើនការចងចាំសម្រាប់អ្នកសិក្សាតាមបែបចក្ខុវិញ្ញាណ ។
២. អ្នកសិក្សាតាមបែបសោតវិញ្ញាណ (Aural Learners)
អ្នកសិក្សាតាមបែបសោតវិញ្ញាណ ចូលចិត្តរៀនសូត្រតាររយៈការស្តាប់ជាចម្បង ។ បុគ្គលទាំងនេះអាចរៀនសូត្របានល្អ និងឆាប់យល់បំផុតតាមរយៈការស្តាប់ ឬការពន្យល់ដោយប្រើពាក្យសំដី ។ ពួកគេចូលចិត្តស្ដាប់ការពន្យល់ពីគ្រូ ការជជែកដេញដោល និងការពិភាក្សាជាក្រុម ឬការធ្វើបទបង្ហាញផ្សេងៗ ជាងការអានឬសរសេរ ។ ព្រោះការស្ដាប់ជួយឱ្យពួកគេចងចាំព័ត៌មានបានលឿនរហ័សបំផុត ។ បើអ្នករកឃើញថាខ្លួនអ្នកជាអ្នកសិក្សាប្រភេទនេះ អ្នកគួរសិក្សាតាមរយៈការចូលរួមក្នុងក្លឹបសិក្សាដែលអ្នកអាចរៀនបានទាំងស្ដាប់ ការចែករំលែកគំនិតពីអ្នកដទៃ និងគំនិតរបស់ខ្លួនអ្នកផងដែរ ស្វែងរកកន្លែងរៀនស្ងប់ស្ងាត់ដែលអ្នកអាចអានលឺៗឲ្យខ្លួនឯងស្ដាប់ កាន់តែល្អជាងនេះទៅទៀត អ្នកក៏អាចថតសំឡេងរបស់ខ្លួនរួចចាក់ស្ដាប់វាពេលក្រោយទៀតក៏បាន ឬវិធីផ្សេងៗទៀត រួមមានការស្តាប់ផតខាស ឬសៀវភៅជាសំឡេងជាដើម ។
- គន្លឹះសម្រាប់អ្នកសិក្សាតាមបែបសោតវិញ្ញាណរួមមាន ៖
-កត់ត្រាការបង្រៀន ហើយស្តាប់ការថតសំឡេងឡើងវិញព្រោះវាជាការរំលឹកឡើងវិញនូវការចងចាំរបស់អ្នក
-អានមេរៀនឱ្យខ្លាំងៗ ដដែលៗដោយបិទភ្នែក ព្រោះវាអាចបង្កើនការចងចាំរបស់អ្នកបាន
-ថតសំឡេងនៃការបង្រៀនរបស់គ្រូ ក្នុងពេលរៀនសូមផ្ដោតអារម្មណ៍របស់អ្នក ទៅលើការស្តាប់ការពន្យល់ជាជាងការព្យាយាមកត់ត្រារាល់ពាក្យដែលគ្រូនិយាយ។ បន្ទាប់មកអ្នកអាចស្តាប់ការថតឡើងវិញ ហើយកត់ចំណាំអំពីព័ត៌មានសំខាន់បំផុតអំឡុងពេលគ្រូពន្យល់ ។
-ចូលរួមការងារជាក្រុមហើយព្យាយាមបញ្ចេញនូវមតិយោបល់ផ្សេងៗ ដើម្បីបង្កើនការយល់ដឹងបន្ថែមរបស់អ្នក ។
៣. អ្នកសិក្សាតាមបែបអនុវត្តជាក់ស្តែង (Kinesthetic Learners)
អ្នកសិក្សាប្រភេទនេះមានទំនោរការសិក្សាដោយការអនុវត្តន៍ផ្ទាល់។ រាល់សកម្មភាពសិក្សាបែបណាដែលផ្ដល់នូវការអនុវត្តជាក់ស្ដែងដល់អ្នកសិក្សាប្រភេទនេះ ពួកគេនឹងឆាប់ទទួលបានចំណេះដឹងបានយ៉ាងលឿនបំផុត ដែលខុសពីអ្នកសិក្សាប្រភេទទាំងពីរខាងលើដាច់ស្រឡះតែម្តង។ បើអ្នកពិតជាពឹងផ្អែកថារាល់ការរៀនសូត្ររបស់អ្នកត្រូវការធ្វើអ្វីមួយដោយផ្ទាល់ដើម្បីឲ្យការរៀនសូត្រប្រកបដោយប្រសិទ្ធភាពខ្ពស់មែននោះ អ្នកត្រូវជ្រើសរើសសាលាណាដែលមានបន្ទប់ពិសោធន៍ និងបង្រៀនមេរៀនផ្សារភ្ជាប់ការអនុវត្តជាក់ស្ដែង ឬក៏អ្នករៀនយកវាមកប្រើប្រាស់ក្នុងការអនុវត្តជាក់ស្ដែងដោយខ្លួនអ្នកផ្ទាល់ក៏បានដែរ ។
- គន្លឹះសម្រាប់អ្នកសិក្សាតាមបែបអនុវត្តជាក់ស្តែងរួមមាន ៖
-កត់ចំណាំពេលកំពុងអានព្រោះការកត់ត្រាគឺជាវិធីសាស្ត្រដ៏សំខាន់សម្រាប់អ្នកសិក្សា kinesthetic សកម្មភាពនៃការសរសេរជួយពង្រឹងការចងចាំ នៅពេលអ្នកអានសូមកត់ត្រាចំណុចសំខាន់ៗ សង្ខេបគំនិត និងបង្កើតគ្រោង ព្រោះវាមិនត្រឹមតែជួយដល់ការផ្តោតអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យអ្នកពិនិត្យមើលកំណត់ចំណាំរបស់អ្នកនៅពេលក្រោយសម្រាប់ការពិនិត្យឡើងវិញថែមទៀតផង ។
-បង្រៀនអ្នកដទៃនូវអ្វីដែលអ្នកកំពុងរៀនដើម្បីបង្កើនការចងចាំរបស់អ្នក
-គិតអំពីឧទាហរណ៍ក្នុងជីវិតពិតនៃមេរៀនដែលអ្នកកំពុងរៀន ។
-ការសហការ: ការធ្វើការជាក្រុមធ្វើឱ្យមានការឈ្វេងយល់ពីភាពខុសគ្នានៃទស្សនៈ និងការចែករំលែកគំនិត ដែលអាចជួយដល់អ្នកសិក្សាតាមបែបអនុវត្តជាក់ស្តែងបានយ៉ាងល្អប្រសើរផងដែរ ។
-ស្វែងរកទីតាំងសម្រាប់សិក្សាថ្មីៗជានិច្ច ព្រោះប្រសិនបើអ្នកជាអ្នកសិក្សាតាមបែបអនុវត្តជាក់ស្តែងនោះប្រាកដណាស់អ្នកមិនអាចអង្គុយសិក្សាតែមួយកន្លែងរយៈពេលយូរទេ ដូច្នេះត្រូវឧស្សាហ៍ផ្លាស់ប្តូរកន្លែងផ្សេងទៀតដើម្បីសិក្សា ។ ដូច្នេះអ្នកសិក្សាទាំង៣ ប្រភេទខាងលើ តើអ្នកជាស្ថិតក្នុងប្រភេទមួយណាដែរ ? សូមធ្វើការ Comment ខាងក្រោម ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ