ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួង​ការងារ និង​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា បញ្ជាក់​ពី​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា លើ​វិស័យ​ការងារ និង​ធនធានមនុស្ស

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម…

រាជធានីភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា តែងតាំង​ថ្មី​ប្រចាំ​នៅ​កម្ពុជា ។

ជំនួប​ដែល​ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​រសៀល​ថ្ងៃ​អង្គារ ទី ​២៥ ខែកុម្ភៈ ឆ្នាំ ​២០២៥ ​នេះ គឺ​ដើម្បី​បញ្ជាក់​នូវ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា និង​ឥណ្ឌា និង​ដើម្បី​ស្វែង​យល់​អំពី​វិស័យ​សក្តានុពល​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ ។

ឯកឧត្តម ហេង សួរ បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ ឯកឧត្តម Vanlalvawna Bawitlung ដែល​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា ប្រចាំ​នៅ​កម្ពុជា​។ ទន្ទឹម​នេះ ឯកឧត្តម​រដ្ឋមន្ត្រី រំពឹង​ថា​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​ឥណ្ឌា​នឹង​កាន់តែ​ត្រូវ​បាន​ពង្រឹង និង​ពង្រីក​លើ​វិស័យ​ជា​ច្រើន ជា​ពិសេស​លើ​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​វិស័យ TVET របស់​កម្ពុជា ​។ ក្នុង​ន័យ​នេះ ឯកឧត្តម ហេង សួរ បាន​បញ្ជាក់​ការ​ស្វាគមន៍​ក្នុង​ការ​បង្កើត​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​របស់​ឥណ្ឌា ជាមួយ​គ្រឹះស្ថាន TVET របស់​កម្ពុជា ដែល​នឹង​ជួយ​អភិវឌ្ឍ​ធនធានមនុស្ស និង​កម្លាំង​ពលកម្ម​ជំនាញ​ដែល​ទទួលស្គាល់​រវាង​ប្រទេស​ទាំង​ពីរ ​។

ជា​ការ​ឆ្លើយ​តប ឯកឧត្តម Vanlalvawna Bawitlung បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម ហេង សួរ ក្នុង​ការ​បង្កើត​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ TVET  រវាង​ប្រទេស​ឥណ្ឌា​ជាមួយ​កម្ពុជា ​។ ទន្ទឹម​នេះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏​បាន​លើក​ឡើង​ថា កម្ពុជា​មាន​សក្តានុពល​លើ​វិស័យ​ជា​ច្រើន ដែល​នឹង​អាច​ជំរុញ​ដល់​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ទំនង​រវាង​ឥណ្ឌា និង​កម្ពុជា​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​ ៕ អត្ថបទសហការ