ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អាណាព្យាបាល​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅសាធារណរដ្ឋ​កូរ៉េ​ ៖ ការ​បញ្ចុះបញ្ចូល​ពលករ ចូលរួមធ្វើ​បាតុកម្ម​ជា​ល្បិច​ខ្ចី​ខ្នង​យុវជនចម្លង​ភក់​របស់ក្រុម​អ្នកនយោបាយ​ប្រឆាំង

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ អាណាព្យាបាល ក្រុម​គ្រួសារ របស់​ពលករ​ខ្មែរ​ ដែល​កំពុងធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​បាន​លើក​ឡើង​ថា ការ​បញ្ចុះបញ្ចូល​យុវជន កូន​ៗ​ចៅ​ៗ ​ដែល​ជា​ពលករ​ខ្មែរ​នៅ​បរទេស​ឱ្យ​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​ជាតិ​ខ្លួនឯង​នៅ​លើ​ទឹកដី​បរទេស ជា​ល្បិច​កល​ខ្ចី​ខ្នង​ពលករ​ចម្លង​ភក់…

រាជធានីភ្នំពេញ ៖ អាណាព្យាបាល ក្រុម​គ្រួសារ របស់​ពលករ​ខ្មែរ​ ដែល​កំពុងធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​បាន​លើក​ឡើង​ថា ការ​បញ្ចុះបញ្ចូល​យុវជន កូន​ៗ​ចៅ​ៗ ​ដែល​ជា​ពលករ​ខ្មែរ​នៅ​បរទេស​ឱ្យ​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​ជាតិ​ខ្លួនឯង​នៅ​លើ​ទឹកដី​បរទេស ជា​ល្បិច​កល​ខ្ចី​ខ្នង​ពលករ​ចម្លង​ភក់ ហើយ​ក្នុង​នាម​ជា​រាស្ត្រ​មាន​ឈាមជ័រ​ជា​ខ្មែរ ត្រូវ​មានគុណ​ធម៌​សម្រាប់​ជាតិ​មាតុភូមិ​។ ទន្ទឹម​នឹង​នេះ​អាណាព្យាបាល​មានការ​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព និង​និរន្តរភាព​ការងារ​កូន​ៗ​របស់​ខ្លួន បន្ទាប់​ពី​មានការ​កៀរគរ​ធ្វើ​បាតុកម្ម​ជា​រើ​យ​ៗ​ពី​សំណាក់​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​ ។​ 

លោកតា ខិត ទូច ជា​អាណាព្យាបាល​ពលករ​ដែល​កំពុងធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ខ្លាំង​ណាស់​ចំពោះ​កូន​ៗ​ចៅ​ៗ​របស់​ខ្លួន បន្ទាប់​ពី​មានការ​កៀរគរ​ឱ្យ​មានការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ជាតិ​ខ្លួនឯង​នៅ​លើ​ទឹកដី​បរទេស​ជា​រើ​យ​ៗ​ដូច្នេះ ដែល​ទ​ង្វើ​ទាំងនេះ​លោកតា​ចាត់​ទុក​ថា​ជា​ការ​បង្កើត​ភាព​ចលាចល​ខ្លាំង​ណាស់​សម្រាប់​ជាតិ​មាតុភូមិ​។ ការ​ធ្វើ​ឱ្យ​មាន​ភាព​ចលាចល​ពី​សំណាក់​ខ្មែរលើ​ទឹកដី​បរទេស វា​ប៉ះពាល់​ណាស់​ដល់​កិត្តិយស​ជាតិ ធ្វើ​ឱ្យ​បរទេស​ដៀលត្មះ​មក​លើ​ជាតិ​ខ្លួនឯង ជា​ពិសេស​ប៉ះពាល់​ដល់​ការងារ​របស់​ខ្លួនឯង​ដែល​ជា​ពលករ​ធ្វើការ​នៅ​បរទេស​តែ​ម្តង​។ លោកតា​បាន​សង្កត់ធ្ងន់​ថា ក្នុង​នាម​ជា​ពលករ​ដែល​មាន​ឈាម​ជា​ខ្មែរ ដែល​ចាក​ចេញពី​ប្រទេស​កំណើត​ទៅ​ធ្វើការ​នៅ​បរទេស ហើយ​ត្រលប់​មក​វាយប្រហារ​លើ​ទឹកដី​ប្រទេស​កំណើត​ខ្លួនឯង វា​មិន​ត្រឹមត្រូវ​នោះ​ឡើយ​។ តួនាទី​និង​កាតព្វកិច្ច​របស់​យើង​ត្រូវ​តែ​មាន​សម្រាប់​ជាតិ ប្រសិនបើ​ការ​ប្រព្រឹត្ត​របស់​បុគ្គល​ជា​ពលរដ្ឋ​ខ្មែរ​ធ្វើ​ឱ្យ​បរទេស​វាយតម្លៃ​លើ​ប្រទេស​ខ្លួនឯង វា​ជា​រឿង​ដ៏​អាក្រក់​ណាស់​សម្រាប់​ជាតិ​មាតុភូមិ​របស់​ខ្លួន​ ។

លោកតា​ផ្តាំ​ទៅ​កូន​ៗ​ចៅ​ៗ​ដែល​ជា​ពលករ​ខ្មែរ​កំពុងធ្វើការ​នៅ​ប្រទេស​កូរ៉េ សូមកុំ​ចាញ់បោក​ការ​ឃោសនា​ឱ្យ​មាន​បាតុកម្ម វា​ជា​ល្បិច​កល​របស់​ក្រុមប្រឆាំង​ទាំងស្រុង​។ សូម​ជឿជាក់​មក​លើ​ថ្នាក់ដឹកនាំ​ដែល​ខិតខំ​ណាស់ សូ​ម្បី​តែ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​បាន​ចំណូល​ខ្ពស់​នេះ​ក៏​ជា​ការ​ខិតខំ​របស់​ថ្នាក់ដឹកនាំ​ដែរ​។ ដូច្នេះ​ក្នុង​នាម​ជា​មនុស្ស ជា​ឈាម​ខ្មែរ ត្រូវ​មានចិត្ត​ស្មោះត្រង់ និង​មានគុណ​ធម៌​ដល់​ជាតិ ​។

ដោយឡែក​លោកតា ម៉ៅ យី ជា​អាណាព្យាបាល​របស់​ពលករ​នៅ​សាធារណរដ្ឋ​កូរ៉េ បាន​លើក​ឡើង​ពី​ក្តី​ព្រួយបារម្ភ​ចំពោះ​ការ​ធ្វើ​ឱ្យ​មាន​បាតុកម្ម​ជា​រើ​យ​ៗ​ពី​សំណាក់​អតីត​ក្រុម​អ្នកនយោបាយ​នៅ​ក្រៅប្រទេស​ដោយ​គ្មាន​បានការ​អ្វី​នោះ​ឡើយ ​។ លោកតា​បាន​ប្រដូច​ការ​កៀរគរ​ពលករ​ខ្មែរ​ ឱ្យ​ចូលរួម​បាតុកម្ម​នេះ គឺជា​ការ​ផ្តល់​គុណវិបត្តិ​មួយ​ដល់​ពលករ​ដោយ​មិនដឹង​ខ្លួន ខណៈ​ពួក​គេ​កំពុង​មាន​សុវត្ថិភាព មាន​សិទ្ធិ​ជ្រកកោណ និង​កំពុងធ្វើការ​នៅ​បរទេស​ដើម្បី​រក​ប្រាក់​ផ្ញើរ​មក​ក្រុម​គ្រួសារ​។ លោកតា​បាន​សង្កត់ធ្ងន់​ថា កន្លង​មក​ជា​បទ​ពិសោធន៍​ហើយ​រាល់​ការ​ធ្វើ​បាតុកម្ម​ដែល​គ្មាន​អ្វី​ជា​ដុំ​កំភួន​នោះ​ទេ ក្រៅពី​បង្ក​ឱ្យ​មាន​ចលាចល​ពី​សំណាក់​ខ្មែរលើ​ទឹកដី​បរទេស​។ លោក​ចោទសួ​ថា តើន​ណា​ថា​ការ​ធ្វើ​បាតុកម្ម​គឺជា​ដំណោះស្រាយ? គ្មាន​នោះ​ទេ​បាតុកម្ម​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជាតិ​មាតុភូមិ ជា​ពិសេស​ប៉ះពាល់​ដល់​ស្ថានភាព​ការងារ​របស់​ពលករ​លើ​ទឹកដី​បរទេស​។ វា​សម​មុខ​ណាស់​មែន​ទេ ដែល​ខ្មែរ​ខ្លួនឯង វាយប្រហារ​ទឹកដី​កំណើត​ខ្លួនឯង នៅ​លើ​ទឹកដី​បរទេស?

លោកតា​ផ្តាំ​ទៅ​កូនចៅ​គ្រប់​ៗ​គ្នា​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​កូរ៉េ សូម​ស្ងប់ស្ងាត់​បន្ត​ធ្វើការ​ជា​ធម្មតា កុំ​ជ្រួលជ្រើម​តាម​ការ​ញុះញង់​របស់​ក្រុម​អ្នកនយោបាយ​ប្រឆាំង ពីព្រោះ​ពួក​គេ​បាន​និង​កំពុង​បោកប្រាស់​កូនចៅ​ហើយ​។ លោកតា​ថា បន្ទាប់​ពី​មាន​បាតុកម្ម​រួច ពួក​ទាំងនោះ​គេ​បាន​វិល​ត្រលប់​ទៅ​ប្រទេស​ដែល​ពួក​គេ​រស់នៅ មិនមែន​ប្រទេស​កូរ៉េ​នោះ​ទេ ដូច្នេះ​ប្រសិនបើ​ប៉ះពាល់​ដល់​កន្លែងធ្វើការ នោះ​អ្នក​ដែល​រង​ផល​ប៉ះពាល់​គឺ​ពលករ មិនមែន​អ្នក​កៀរគរ​ធ្វើ​បាតុកម្ម​នោះ​ឡើយ​។

គួរ​បញ្ជាក់​ថា ការ​លើក​ឡើង​ពី​ក្តី​ព្រួយបារម្ភ​របស់​អាណាព្យាបាល​និង​ក្រុម​គ្រួសារ​ពលករ​ខ្មែរ​បែប​នេះ បន្ទាប់​ពី​មានការ​កៀរគរ​ពលករ​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ​សារ​ជា​ថ្មី​ពី​សំណាក់​ក្រុម​អតីត​អ្នកនយោបាយ​ប្រឆាំង​ជ្រុលនិយម ដើម្បី​ចូលរួម​បាតុកម្ម​ប្រឆាំង​ដំណោះស្រាយ​របស់​រាជរដ្ឋាភិបាល​លើ​ករណី​កោះ​គុត​ជាមួយ​ភាគី​ថៃ​។ នេះ​ពុំ​មែន​លើក​ទី​មួយ​ទេ​ដែល​អតីត​ក្រុម​អ្នកនយោបាយ​ប្រឆាំង​ទាំងនេះ​បាន​កៀរគរ​ពលរដ្ឋ​ខ្មែរ​ធ្វើ​បាតុកម្ម ក៏​ប៉ុន្តែ​ពុំ​មាន​ពលករ​ខ្មែរ​ច្រើន​លើសលុប​ចូលរួម​សកម្មភាព​របស់​ពួក​គេ​នោះ​ទេ ពីព្រោះ​ពលករ​បាន​យល់​ឃើញ​ថា​ការ​ធ្វើ​បាតុកម្ម​របស់​ក្រុមប្រឆាំង​គឺ​គ្មាន​ខ្លឹមសារ​ដែល​អាច​ដោះស្រាយ​បញ្ហា​បាន​នោះ​ទេ​ ៕ អត្ថបទសហការ